គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន​ គំរាម​មិន​ចូល​រួម​បោះ​ឆ្នោត

គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន​ គំរាម​មិន​ចូល​រួម​បោះ​ឆ្នោត

គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន​ គំរាម​មិន​ចូល​រួម​បោះ​ឆ្នោត

ភ្នំពេញៈ មន្រ្តី​​​​គណបក្ស​​ប្រជាធិបតេយ្យ​​​​មូល​ដ្ឋាន​​បាន​គំរាម​​ដក​ខ្លួន​ចេញ​ពី​ការ​បោះ​​ឆ្នោត​​ជាតិ​នា​ខែ​កក្កដា ដោយ​ទាម​ទារ​​ឲ្យ​មាន​បរិយាកាស​​វិជ្ជ​មាន​​ជាង​មុន​​បន្ទាប់​ពី​មន្រ្តី​គណបក្ស​កាន់​អំណាច​​​បាន​រុះ​រើ​​ស្លាក​គណបក្សខ្លួន​​ក្នុង​ខេត្ត​បាត់​ដំបង​​និង​រាជ​ធានី​ភ្នំ​ពេញ។

​លោក យ៉ង សាំង​កុមារ​ ​ប្រធាន​ក្រុ​មប្រឹ​ក្សាគោលន​យោយបាយ​គណបក្ស​​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​បាន​ថ្លែង​ថា​៖ «​​យើង​បាន​ប្រកាស​​ជំហរ​របស់​យើង​យ៉ា​ង​ទូលំ​ទូលាយ​ថាយើង​នឹង​ចូល​រួម​​ក្នុង​ការ​បោះឆ្នោត​​​ខែ​កក្កដា​ឆ្នាំ​២០១៨​ ​ប៉ុន្តែ​យើង​ទាម​ទារ​​ឲ្យ​មាន​​បរិយាកាស​ផ្លែ​ផ្កា​​ដែល​បំពេញ​ទៅ​តាម​ចំណុច​ទាំង​អស់​ រួម​ទាំង​ការ​​ដាក់​​ស្លាក​បដា ​ការ​ចុះ​ទៅ​ជួប​សមាជិក​ ​និង​សកម្ម​ជន​ ​សេរី​ភាព​​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ ​ការ​ឃោសនា ​ការ​សង្កេត​ការណ៍​ក្នុង​ស្រុក​និង​ពី​អន្តរជាតិ​​»។

​លោក​បាន​ថ្លែង​ថា៖ «​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ ​ស្លាក​​របស់​យើង​ត្រូវ​បាន​​​រុះ​រើ​​​​ដោយ​អាជ្ញា​ធរ​មូល​ដ្ឋាន​​ដោយ​មិន​ជម្រាប​យើង​»។

លោក​បាន​បន្ថែម​ថា ​គណ​បក្ស​មាន​បញ្ហា​ស្រ​ដៀង​គ្នា​នៅ​ក្នុង​​រាជធានី​ភ្នំ​ពេញ។

​លោក​បន្ត​ថា​៖ «​​យើង​​គិត​ថា យើង​នឹង​មិន​ចូល​រួម​​ប្រសិន​បើ​យើង​មិន​អាច​​ដាក់​ស្លាក​គណបក្ស​បាន​ ហើយ​ស្លាក​របស់​យើង​ត្រូវ​បាន​រុះ​រើ​...អាជ្ញា​ធរ​​​​​នៅ​រាជ​ធានី​ភ្នំ​ពេញ​​​ហាក់​បី​ដូច​ជា​មិនសហការ​​ឬ​ផ្តល់​ឱកាស​​ឲ្យ​យើង​ធ្វើ​សកម្ម​ភាព​»។ ​

លោក​បន្ថែម​ថា ​​នៅ​ពេល​គណបក្ស​ប្រជា​ធិបតេយ្យ​​មូល​ដ្ឋាន​​​ស្នើ​សុំ​ការ​អនុញ្ញាត​​​សម្រាប់​សកម្ម​ភាព​ផ្សេង​ៗ​​ទៅ​សាលា​រាជ​ធានី​ ​ពួក​គេ​​​បង្វែរ​ទៅ​មន្រ្តី​ផ្សេង​ៗ​មិន​ចេះ​ចប់​។

​លោក កុមារ​ ​បាន​ថ្លែង​ថា គណបក្ស​នឹង​​ដាក់​ពាក្យ​បណ្តឹង​ផ្លូវ​ការ​ទៅ​ក្រសួង​មហា​ផ្ទៃ​​​នា​សប្តាហ៍​នេះ​។

​គណ​បក្ស​ប្រឆាំង​ចម្បង​របស់​កម្ពុជា​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​​រំលាយ​​កាល​ពី​​​ខែ​វិច្ឆិកា ខណៈ​​មាន​ការ​ថ្កោល​ទោស​​ជា​ច្រើន​ពី​សហគមន៍​អន្ត​រ​ជាតិ​ ដែល​ក្រុម​អ្នក​​ឃ្លាំ​មើល​​បាន​ហៅ​កម្ពុជា​ថា​​​ ជា​ប្រទេស​«​​ដឹកនាំ​ផ្តាច់​ការ​ឯក​បក្ស​»​។

​អ្នក​នាំ​ពាក្យ​គណប​ក្ស​ប្រជា​ជន​លោក សុខ ឥសាន ​បាន​​​ច្រាន​ចោល​ការ​លើក​ឡើង​ទាំង​នេះ​។

​លោក​បាន​ថ្លែង​ថា​៖ «​​​​នៅ​ពេល​យើង​ឮ​ថា គណបក្ស​នេះ​នឹង​ចូល​រួម​នៅ​ក្នុង​​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨​ ខ្ញុំ​រីក​រាយ​...​ ប៉ុន្តែ​ឥឡូវ​នេះ​​ ​គាត់​បាន​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​​»។

​លោក ឥសាន បាន​បន្ត​ថា​៖ «​​ប្រសិន​បើ​វា​​ធ្វើ​តាម​គោល​ការណ៍​ ​និង​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​​ ​និង ​នីតិវិធី​​​របស់ ​គ.ជ.ប​ ​​នោះ​នឹង​មិនមាន​បញ្ហា​​ជា​មួយ​អាជ្ញា​ធរ​មូល​ដ្ឋាន​ទេ​​»​។

លោក​បាន​ច្រាន​ចោល​ចំពោះ​ការ​​លើក​ឡើង​ថា ស្លាក​គណបក្ស​​ត្រូវ​បាន​រុះ​រើ​ដក​ចេញ​។

​លោក យឿង សុធារ៉ា ​មន្រ្តី​​ច្បាប់​នៅ​​អង្គការ​ខុម​ហ្វ្រែល ដែល​ជា​អង្គការ​​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ ​បាន​ថ្លែង​ថា ​ការ​​បំផ្លាញ​បដា​​គឺ​«​ខុស​ច្បាប់​»​ ​និង​ជា​«​រូប​ភាព»​អាក្រក់​​មួយ​សម្រាប់​​​​ភាព​ស្មើ​ភាព​គ្នា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​។

​លោក​បាន​បន្ត​ថា​៖ «​​វា​ហាក់​បី​ដូច​ជា​​ការ​ប្រកួត​ប្រជែង​​អយុត្តិធម៌​​បន្តិច​»​ ​ហើយ​វា​ហាក់​បី​ដូច​ជា​​ខ្វះ​ការ​គោរព​ទៅ​លើ​គណបក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន​។

​លោក សុធារ៉ា ​បាន​កត់​សម្គាល់​ថា ​​​ការ​រុះ​រើ​​ស្លាក​គណបក្ស​​គឺ​ជា​ការ​​បំពាន​ច្បាប់​​ ​ដែល​ហាម​ប្រាម​មិន​ឲ្យ​មានការ​​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​ឯក​ជន​​។

​លោក​បាន​បន្ត​ថា​៖ «​​ការ​អនុវត្ត​ច្បាប់​​​ដោយ​អាជ្ញា​ធរ​​ត្រូវ​តែ​មាន​លក្ខណៈ​ស្មើ​ភាព​»។

​អ្នក​នាំ​ពាក្យ​​​របស់ ​គ.ជ.ប.​ និង​សាលា​រាជ​ធានី​ ​បាន​ថ្លែង​ថា មិន​បាន​ដឹង​អំពី​ស្ថាន​ភាព​នេះ​៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Close