គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការរដ្ឋបាល ទៅដល់សមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋានរាជធានី-ខេត្ត។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងនៅទីស្នាក់ការកណ្តាលគណបក្សស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានរយៈពេលមួយថ្ងៃ។
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ ថ្លែងថា “វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងឱ្យពួកគាត់យល់ដឹងកាន់តែច្បាស់អំពីគោលការណ៍សំខាន់ៗក្នុងរៀបចំរចនាសម្ព័ន្ធដឹកនាំរបស់ គបម អំពី តួនាទី និងភារកិច្ចរបស់ គបប និងក្រុមការងារ គបមខេត្ត។ អាចឱ្យពួកគាត់ចេះរៀបចំផែនការ ថវិកា និងរៀបចំសមាជជ្រើសរើសលេខរៀងបេក្ខជនតំណាងរាស្រ្ត។ បង្កើនសាមគ្គីភាពរវាងថ្នាក់ដឹកនាំ គបម គ្រប់ខេត្ត”។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ ដែលមានតំណាងប្រជាពលរដ្ឋចំនួន១០ឃុំសង្កាត់ មកពីខេត្ត កំពង់ស្ពឺ កំពត តាកែវ និង រាជធានីភ្នំពេញ ក្រោមកិច្ចសម្របសម្រួលពីសមាជិក បណ្តាញសង្គមខ្មែរដើម្បីខ្មែរ ដែលមានគុណតម្លៃ “សាមគ្គីភាព យុត្តិធម៌ អហិង្សា” និង ទស្សនវិស័យសំខាន់ក្នុងការកសាងប្រទេសកម្ពុជាឲ្យ ប្រជាពលរដ្ឋរស់នៅមានជីវិតថ្លៃថ្នូរ និង ប្រទេសជាតិមានអធិបតេយ្យពេញលេញ៕