គបម រៀបចំបោះឆ្នោតជ្រើសរើសលំដាប់លេខរៀងឈរឈ្មោះតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប

គបម រៀបចំបោះឆ្នោតជ្រើសរើសលំដាប់លេខរៀងឈរឈ្មោះតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានរៀបចំសមាជបោះឆ្នោតជ្រើសរើសលំដាប់លេខរៀងបេក្ខជនតំណាងរាស្ត្រក្នុងបញ្ជីបេក្ខជនសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់មណ្ឌលខេត្តសៀមរាប ដែលមានការចូលរួមពីលោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក និងលោកស្រី ប្រុក វ៉ាន្នី ប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ។ កម្មវិធីនេះរៀបចំនៅទីរួមខេត្តសៀមរាប ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ដែលមានអ្នកចូលរួមប្រមាណជា៦០នាក់។

ជាលទ្ធផល អង្គបោះឆ្នោតដែលមានចំនួន២៣រូប បានផ្តល់ការទុកចិត្តដល់ លោក ឃុន សាវឿន ជាបក្ខជនតំណាងរាស្ត្រលំដាប់លេខរៀងទី១ កញ្ញា ម៉ិល ចន្ធី ជា​ប់លំដាប់លេខរៀងទី២ លោក សាន្ត ដារ៉ា ជា​ប់លំដាប់លេខរៀងទី៣ លោក អែម សុវណ្ណ ជា​ប់លំដាប់លេខរៀងទី៤ លោក ប៉ុក វណ្ណា ជា​ប់លំដាប់លេខរៀងទី៥ លោក ចាន់ ណាវី ជា​ប់លំដាប់លេខរៀងទី៦ លោក ឆែម ល័ក្ខ ជា​ប់លំដាប់លេខរៀងទី៧ លោក ជូ សុវណ្ណរង្សី ជា​ប់លំដាប់លេខរៀងទី៨ លោក កែវ វាសនា ជា​ប់លំដាប់លេខរៀងទី៩ លោក សៀក ចាន់ថន ជា​ប់លំដាប់លេខរៀងទី១០ លោក រម្យ សុធា ជា​ប់លំដាប់លេខរៀងទី១១ នោងលោក ឡៅ ប៊ុនវង់ ជា​ប់លំដាប់លេខរៀងទី១១។ យោងច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មាត្រា ៦ ដែលចែងអំពីអាសនៈនៅក្នុងរដ្ឋសភា ដែលក្នុងនោះនៅមណ្ឌលខេត្តសៀមរាបមាន៦អាសនៈ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន  នឹងមានផែនការរៀបចំសមាជបោះឆ្នោតជ្រើសរើសលំដាប់លេខរៀងបេក្ខជនតំណាងរាស្ត្រនៅគ្រប់មណ្ឌលខេត្តទូទាំងប្រទេសជាបន្តបន្ទាប់ តាមគោលការណ៍ប្រជាធិបតេយ្យពីក្រោមឡើងលើ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ ទទួលបានតំណាងរាស្ត្រល្អ ធ្វើការបម្រើផល​ប្រយោជន៍ប្រជាពលរដ្ឋ និងផលប្រយោជន៍ជាតិ។ តាមរយៈ គោលការណ៍នេះ ប្រតិភូតំណាងសមាជិកតាមរាជធានី ខេត្ត (ពលរដ្ឋសកម្ម) ជាអ្នកបោះឆ្នោត ជ្រើសរើសបេក្ខជនតំណាងរាស្ត្រ មិនមែនចាត់តាំងដោយអ្នកដឹកនាំនៅខាងលើទេ។ បេក្ខជន តំណាងរាស្ត្ររបស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទូទាំងប្រទេស នឹងធ្វើការបោះឆ្នោតរើសបេក្ខជននាយករដ្ឋមន្ត្រី។ បេក្ខជននាយករដ្ឋមន្ត្រី និងចុះកិច្ចសន្យាជាមួយបេក្ខជនតំណាងរាស្ត្រ ហើយបេក្ខជនតំណាង រាស្ត្រ ចុះកិច្ចសន្យាជាមួយពលរដ្ឋសកម្ម ជាពិសេសឯកភាពលើការទទួលខុសត្រូវចំពោះអ្នក បោះឆ្នោតឲ្យ ដោយរាប់បញ្ចូលនូវការយល់ព្រមឲ្យមានការដកមុនអាណត្តិក្នុងករណីបំពេញ តួនាទីជាតំណាងរាស្ត្រ និងនាយករដ្ឋមន្ត្រី មិនបានល្អ៕

Close