ការកសាងប្រជាធិបតេយ្យ សេរី ពហុបក្សនៅម៉ាឡេស៊ី និងមេរៀនខ្លះសម្រាប់កម្ពុជា

ការកសាងប្រជាធិបតេយ្យ សេរី ពហុបក្សនៅម៉ាឡេស៊ី និងមេរៀនខ្លះសម្រាប់កម្ពុជា

 

កម្ពុជា និងម៉ាឡេស៊ី ជាប្រទេសដែលប្រកាន់យករបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ និង ប្រជាធិបតេយ្យសភានិយម។

ជារៀងរាល់ ៥ឆ្នាំម្តង ប្រទេសម៉ាឡេស៊ី ដូចកម្ពុជាដែររៀបចំឱ្យមានការបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ ប៉ុន្តែម៉ាឡេស៊ីមានប្រព័ន្ធបោះឆ្នោតផ្សេងពីកម្ពុជា។ ក្នុងរយៈពេល ១៣អាណត្តិកន្លងមក គឺតាំងពី ឆ្នាំ១៩៥៧ ក្រោយប្រទេសនេះបានទទួលឯករាជ្យពីអាណានិគមនិយមអង់គ្លេស សម្ព័ន្ធភាព គណបក្សនយោបាយដែលមានឈ្មោះថា BN ឈ្នះឆ្នោតដឹកនាំប្រទេសផ្តាច់មុខរហូត។ តាមរយៈ ការបោះឆ្នោតនៅខែឧសភា ២០១៨ គឺអាណត្តិទី១៤ ការផ្លាស់ប្តូរបានកើតមានឡើងដោយ សម្ព័ន្ធភាពរបស់គណបក្សប្រឆាំងចំនួន ៤ ដែលមានឈ្មោះថា សម្ព័ន្ធភាពដើម្បីសេចក្តីសង្ឃឹម (Alliance of Hope) .

៤ ចំណុចសំខាន់ៗ ដែលកម្ពុជាអាចរៀនសូត្រពីម៉ាឡេស៊ី៖

១. នៅម៉ាឡេស៊ីមានគណបក្សច្រើនតែប្រជាពលរដ្ឋគេចាត់ទុកជារឿងធម្មតាក្នុងសង្គម ពហុបក្ស ហើយដូចជាគ្មានវប្បធម៌ប្រឆាំងផ្តាច់មុខ និងការលាបពណ៌គ្នារឿងក្បត់ជាតិ។

២. ធ្វើនយោបាយដើម្បីផលប្រយោជន៍រួមរបស់ជាតិ។ លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) និងលោក មហា​ធា មហាម៉ាត់ (Mahathir Mohamad) ជាគូសត្រូវនយោបាយគ្នា ដោយលោក មហាធា ធ្លាប់ចាប់លោក អាន់វ៉ា ដាក់គុកពីឆ្នាំ ១៩៩៩ដល់ ២០០៤ ដែលកាលនោះ​លោកមហាធា ជានាយករដ្ឋមន្រ្តី។ ទោះជាយ៉ាងណា ក៏ដោយលោក អាន់វ៉ា យល់ព្រមសហការជាមួយលោក មហាធា ដើម្បីផលប្រយោជន៍ គឺការផ្លាស់ប្តូរ ហើយគាំទ្រឱ្យលោកមហាធា ជាបេក្ខជននាយករដ្ឋ មន្រ្តីរហូត​ទទួលបានជ័យជំនះ។ ម្យ៉ាងវិញទៀត លោក អាន់វ៉ា ទោះបីនៅក្នុងគុក (គាត់ត្រូវគេចាប់ ដាក់គុកម្តងទៀតនៅឆ្នាំ២០១៥ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី ណាជីប​ រ៉ាសាក់​) និងមិន បានឈរឈ្មោះបោះឆ្នោត តែគាត់មិនឱ្យគណបក្សគាត់ ឬ សម្ព័ន្ធភាពរបស់គាត់ពហិការការបោះ ឆ្នោតទេ។ គាត់សុខចិត្តតាមដានការបោះឆ្នោតពីពន្ធនាគារ (ដេកគុកឈ្នះឯង?)។

៣. ការផ្លាស់ប្តូរ គឺចាប់ផ្តើមពីការផ្លាស់ប្តូរផ្នត់គំនិតក្នុងចំណោមក្រុមគណបក្សប្រឆាំង ជាពិសេសការ​បោះបង់​ចោលផ្នត់គំនិតប្រឆាំងផ្តាច់មុខ ដែលតាមពិតនេះជាផ្នត់គំនិត អ្នកផ្តាច់ការនិយមទេ។ ការ​សហការគ្នារវាងក្រុមប្រឆាំងមិនមែនទាល់តែច្របាច់ចូលគ្នាទេ តែមានរូបភាពផ្សេងៗ។ សំខាន់រៀន​បើកចិត្តឱ្យទូលាយ មើលឱ្យវែងឆ្ងាយ និងយកផល ប្រយោជន៍ជាតិ ជាពិសេសឯកភាពជាតិ​ក្នុងសង្គម​ប្រជាធិបតេយ្យសេរីពហុបក្ស។

៤. ការផ្ទេរអំណាចទៅឱ្យសម្ព័ន្ធភាពគណបក្សប្រឆាំង ប្រព្រឹត្តទៅដោយរលូត សុខសន្តិភាព ដោយ​ការ​ផ្លាស់ប្តូរប៉ះពាល់តែតំណែងនយោបាយសំខាន់ៗមួយចំនួន។ គណបក្សធ្លាប់កាន់អំណាច​ កំពុង​ក្លាយ​ជាគណបក្សប្រឆាំងដ៏មានឥទ្ធិពលសំខាន់មួយ ហើយអាចមានឱកាសឈ្នះឆ្នោតនាពេល អនាគត។

មេរៀនដែលគណបក្សមានមតិផ្ទុយពីរដ្ឋាភិបាលឈ្នះឆ្នោតនៅម៉ាឡេស៊ីខាងលើនេះល្អទេ សម្រាប់​កម្ពុជា​ក្នុងការប្រកួតប្រជែងនយោបាយដឹកនាំរដ្ឋដោះស្រាយបញ្ហា ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋឱ្យថ្លៃថ្នូរ?

Close