ចង់ប្រែក្រុងព្រះសីហនុជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ៖ បំប៉ោងលេង ឬ អាចធ្វើបាន?

ចង់ប្រែក្រុងព្រះសីហនុជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ៖ បំប៉ោងលេង ឬ អាចធ្វើបាន?

 

ការកសាងជាតិឱ្យសម្បូរសប្បាយ សេដ្ឋកិច្ចតាមមូលដ្ឋានរឹងមាំ ប្រជាពលរដ្ឋរស់នៅមានជីវិត ថ្លៃថ្នូរ ជាផ្លូវដ៏វែងឆ្ងាយដែលឆ្លុះបញ្ចាំងពីទស្សនវិជ្ជានយោបាយរបស់គណបក្សដែលចូលរួមប្រកួត​ប្រជែង​វិធីសាស្ត្រដោះស្រាយបញ្ហា គោលនយោបាយ ដើម្បីបញ្ចេញស្នាដៃ។

ជាតិខ្មែរសម្បូរសប្បាយ ឆ្លុះបញ្ចាំងពីការផ្សាភ្ជាប់រវាងតំបន់អភិវឌ្ឍជាច្រើន ដែលក្នុងនោះ សេដ្ឋកិច្ច និងការងារ​សម្បូរបែប ត្រូវបានបង្កើតឱ្យមានយោងលើផែនការអភិវឌ្ឍតាមមូលដ្ឋាន ក្នុងដែន​យុត្តាធិការនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ ភាពរឹងមាំនៃសេដ្ឋកិច្ចមូលដ្ឋាន និងការងារសម្បូរបែប នឹងធ្វើឱ្យ​ជីវិត​ប្រជាពលរដ្ឋខ្មែរថ្លៃថ្នូរ។ ថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (អាណត្តិទី ៦) បានមាន ប្រសាសន៍ថា លោកមានមហិច្ឆតាចង់ប្រែក្លាយក្រុងព្រះសីហនុជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ។

ឆ្លុះបញ្ចាំងទៅលើប្រព័ន្ធអភិបាលកិច្ចដឹកនាំរដ្ឋបច្ចុប្បន្ននេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មើល​ឃើញថា គាត់អាចធ្វើរឿងនេះបានទាល់តែគាត់ប្រើប្រាស់ភាពឈ្លាសវៃ និងថាមពលរបស់ គាត់យកចិត្ត​ទុក​ដាក់លើរឿងសំខាន់ចម្បង២៖

១. រៀបចំប្រព័ន្ធអភិបាលកិច្ចល្អ ជាពិសេសការផ្តល់សេវាសាធារណៈជាទីពេញចិត្តដល់ ប្រជាពលរដ្ឋ និងលុបបំបាត់អំពើពុករលួយ(ទាំងលក្ខណៈបុគ្គល និងលក្ខណៈប្រព័ន្ធ)។

២. រៀបចំប្រព័ន្ធយុត្តិធម៌មួយដែលមហាជន និងអ្នកវិនិយោគអាចជឿជាក់បាន គឺតុលាការ មួយដែលប្រកាន់វិជ្ជាជីវៈខ្ពស់ ហើយមិនស្ថិតនៅក្រោមឥទ្ធិពលនយោបាយខ្លាំងដូច សព្វថ្ងៃ។ ជាបទពិសោធន៍ លោក លី ក្វាន់យូ ដែលជាបិតាស្ថាបនិកសិង្ហបុរី ធ្លាប់មានប្រសាសន៍ថា ក្នុងការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ វាជាការចំណាយពេល និងធនធាន អត់ប្រយោជន៍ បើយើងរៀប សំណាញ់ចាប់បានតែត្រីចង្វារ(ត្រីតូចល្អិតៗ)។

រឿងសំខាន់ចម្បងទាំង២ខាងលើ (ជាត្រីវិស័យក្នុងការកសាងជាតិ រួមផ្សំជាមួយកត្តាគាំទ្រសំខាន់ ដទៃផ្សេងៗទៀតដូចជា រដ្ឋាភិបាលក្បាលធំជាងខ្លួន ភាពជាក់លាក់នៃគោលនយោបាយថ្នាក់ជាតិ ការបែងចែកធនធានទៅបម្រើការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថភាពក្នុងការរក្សាលំនឹងសេដ្ឋកិច្ចតាម តំបន់ ។ល។)  តាមលងរដ្ឋាភិបាលអស់ជាច្រើនអាណត្តិមកហើយ ព្រោះលទ្ធភាព ដែលអាចធ្វើទៅរួច បែរជាបោះបង់ឱកាសចោល ហើយចាប់យកប្រយោជន៍តិចតួច ដើម្បីរស់ មួយពេលដោយបំភ្លេចចោល​ឧត្តមគតិជាតិ និងបំផ្លាញកេរ្តិ៍ឈ្មោះខ្លួនឯង៕

Close