អ្នក​ធ្វើ និងអ្នក​ថា ក្នុងសង្គម​ប្រជាធិប​តេយ្យ​សេរីពហុបក្ស

អ្នក​ធ្វើ និងអ្នក​ថា ក្នុងសង្គម​ប្រជាធិប​តេយ្យ​សេរីពហុបក្ស

 

ក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្ស គឺមានគណបក្សនយោបាយច្រើនប្រកួតប្រជែង ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋក្នុងការដឹកនាំប្រទេស។ គណបក្សដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេ ដឹកនាំរដ្ឋាភិបាល ចំណែកគណបក្សដែលទទួលបានសំឡេងតិច ក្លាយជាគណបក្សប្រឆាំងដែលក្នុងនោះមានគណបក្ស ក្នុងសភា និងក្រៅសភា។

គណបក្សដឹកនាំរដ្ឋាភិបាលជាអ្នកធ្វើ ជាអ្នកមានសិទ្ធិប្រមូលចំណូលជាតិ និងខ្ចីលុយមកប្រើប្រាស់សម្រាប់ផលប្រយោជន៍សាធារណៈ។ ធម្មតាអ្នកធ្វើតែងតែមានខុស មានត្រូវ មានលើស មានខ្វះ។

ដើម្បីជួយតម្រង់ទិសអ្នកធ្វើគណបក្សដែលនៅក្រៅរដ្ឋាភិបាល ដើរតួជាអ្នកថា គឺតាមដានឃ្លាំមើល និងរិះគន់អ្នកដឹកនាំរដ្ឋាភិបាល និងគោលនយោបាយ ក្នុងករណីនេះតំណាងរាស្ត្រមកពីគណបក្សប្រឆាំង ឬ គណបក្សក្រៅរដ្ឋាភិបាល ទទួលបានប្រាក់ខែ និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត ដើម្បីបំពេញតួនាទីតាមឃ្លាំមើល រិះគន់រដ្ឋាភិបាល។ ត្រង់ចំណុចនេះគណបក្សប្រឆាំង ឬ គណបក្សក្រៅរដ្ឋាភិបាល ត្រូវបែងចែកឱ្យបានច្បាស់លាស់នូវការរិះគន់ និងការជេរប្រមាថ លាបពណ៌។

ដើម្បីប្រឈមជាមួយការរិះគន់គណបក្សដឹកនាំរដ្ឋាភិបាលមានជម្រើស៣៖

ទី១. ខំធ្វើការឱ្យបានល្អ ដើម្បីកុំឱ្យមានការរិះគន់ច្រើន ហើយបំភ្លឺជាសាធារណៈចំពោះការរិះគន់មិនសមស្រប ដែលគេហៅថា ការដឹកនាំតាមបែបប្រជាធិបតេយ្យសេរី។ ទី២. គាបសង្កត់ ទប់ស្កាត់ និងតាមធ្វើបាបអ្នករិះគន់ ដែលគេហៅថា ការគ្រប់គ្រងរបៀបផ្តាច់មុខ ឬ ផ្តាច់ការ។ ចំណែកឯទី៣ គឺប្រើទាំងផ្លូវទី១ និងផ្លូវទី២។

ក្នុងដំណើរការប្រឈមគ្នារវាងអ្នកធ្វើ និងអ្នកថា អាចនាំមកនូវផលវិជ្ជមាន ឬ អវិជ្ជមាន។

ផលវិជ្ជមាន៖ អ្នកថា និងអ្នកធ្វើតទល់គ្នា រឿងគោលនយោបាយជាក់លាក់ក្នុងការដោះស្រាយបញ្ហាសង្គម បើអ្នកដឹកនាំរដ្ឋាភិបាលធ្វើបានល្អ អ្នកថាក៏ខំរកចំណុចមិនល្អ ដើម្បីរិះគន់ ដែលជាលទ្ធផល។ នៅពេលអ្នកដឹកនាំរដ្ឋាភិបាលធ្វើបានល្អ ប្រជាពលរដ្ឋអ្នកបោះឆ្នោតគាំទ្រ តែធ្វើមិនបានល្អ ប្រជាពលរដ្ឋបោះឆ្នោតឱ្យអ្នកថា ក្លាយជាអ្នកធ្វើម្តង។ ពេលនោះអ្នកធ្លាប់ធ្វើ ឬ អ្នកធ្លាប់ដឹកនាំរដ្ឋាភិបាល មានបទពិសោធន៍អាចក្លាយជាអ្នករិះគន់ល្អ ឬ ប្រឆាំងល្អ ធ្វើឱ្យអ្នកដឹកនាំរដ្ឋាភិបាលថ្មី(ពីមុនបានតែថា) មានការប្រុងប្រយ័ត្នកាន់តែខ្លាំងក្នុងការបំពេញតួនាទីរបស់ខ្លួន។

ផលអវិជ្ជមាន៖ អ្នកធ្វើ និងអ្នកថា គិតតែឈ្លោះគ្នា រឿងបុគ្គល លាបពណ៌ ជេរប្រមាថគ្នាទៅវិញទៅមក ហើយអ្នករិះគន់រងការគាបសង្កត់គ្រប់រូបភាពនាំឱ្យប្រជាជនរស់នៅក្នុងភាពភ័យខ្លាច ឯកភាពជាតិមានតែភាពប្រេះស្រួយ ប្រទេសជាតិមិនសូវមានស្ថេរភាព ការផ្លាស់ប្តូរតាមរយៈការអនុវត្តគំនិតថ្មី  ឬ គោលនយោបាយពិបាកកើតមានឡើង៕

 

Close