សេចក្តីថ្លែងការណ៍ គបម ស្តីពី ភាពព្រងើយកន្តើយ និងយឺតយ៉ាវរបស់រាជរដ្ឋាភិបាលក្នុងការចាត់វិធានការទប់ទល់កូវីដ១៩

សេចក្តីថ្លែងការណ៍ គបម ស្តីពី ភាពព្រងើយកន្តើយ និងយឺតយ៉ាវរបស់រាជរដ្ឋាភិបាលក្នុងការចាត់វិធានការទប់ទល់កូវីដ១៩

 

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានការសោកស្តាយដែលរាជរដ្ឋាភិបាលហាក់ដូចជានៅព្រងើយកន្តើយ និងមានភាពយឺតយ៉ាវ ក្នុងការឆ្លើយតបលើវិធានការទប់ទល់នូវជំងឺផ្លូវដង្ហើមប្រភេទថ្មី ឬ COVID-19 និងផលប៉ះពាល់នៃជំងឺនេះដល់វិស័យសេដ្ឋកិច្ច និងការងារ ជាពិសេស
វិស័យកាត់ដេរ និងទេសចរណ៍។

ជាមួយគ្នានេះដែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋានមើលឃើញថា ដំណោះស្រាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ ហាក់ដូចជានៅសើៗ និងមិនមានភាពជាក់លាក់។ ក្នុងនោះដែររហូតមកទល់ពេលនេះ យើងសង្កេតឃើញថារាជរដ្ឋាភិបាលគ្រាន់តែដាក់ចេញនូវគោលនយោបាយដោះស្រាយបញ្ហា ប៉ុន្តែពុំទាន់ឃើញមានការអនុវត្តជាក់ស្តែងនៅឡើយ។

ជាលទ្ធផលនៃវិបត្តិកូវីដ១៩នេះ បានធ្វើឱ្យរោងចក្រ សណ្ឋាគារមួយចំនួនត្រូវបង្ខំចិត្តបិទទ្វារ ឬផ្អាកសកម្មភាព ដែលការណ៍នេះធ្វើឱ្យកម្មករមួយចំនួនក៏បាត់បង់ការងារ ដែលជាប្រភពចំណូលដ៏សំខាន់របស់ពួកគេ និងគ្រួសារ។ ស្ថានភាពនេះ រឹតតែធ្ងន់ធ្ងរថែមទៀតនៅពេលខាងមុខ ប្រសិនបើ ការផ្ទុះជំងឺផ្លូវដង្ហើមប្រភេទថ្មី ឬ Covid-19 នៅតែបន្ត។

ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានយល់ឃើញថា រាជរដ្ឋាភិបាលត្រូវមានវិធានការដូចខាងក្រោម៖

១. ត្រូវលើកទឹកចិត្តដល់ក្រុមហ៊ុន សហគ្រាស កសិដ្ឋាន ទាំងអស់ដែលកំពុងដំណើរការស្រាប់ ទទួលយកកម្មករដែលបាត់បង់ការងារ ដោយរដ្ឋត្រូវជួយចេញថ្លៃប្រាក់ឈ្នួលតាមគោលការណ៍កំណត់ ហើយខាងក្រុមហ៊ុន សហគ្រាស ជាអ្នកចេញបន្ថែម។ ការធ្វើបែបនេះគឺ ដើម្បីឱ្យក្រុមហ៊ុន សហគ្រាសដែលមានស្រាប់ទទួលបានកម្មករធ្វើការ បង្កើនការផលិតក្នុងស្រុក កម្មករបានចំណូល និងបទពិសោធន៍ ចំណែករដ្ឋក៏បានចូលរួមដោះស្រាយបញ្ហាទាំងការផលិត និងការងារផងដែរ។

២. ត្រូវមានវិធានការជំរុញឱ្យមានការគាំទ្រផលិតផលក្នុងស្រុកឱ្យបានច្រើន និងគាំទ្រ​ សហគា្រសក្នុងស្រុកដែលមានស្រាប់ ដើម្បីពង្រឹងការផលិតឱ្យបានកាន់តែច្រើន ដែលជាផ្នែកនៃការបង្កើតការងារនៅនឹងកន្លែង។

៣. ត្រូវកាត់បន្ថយថ្លៃអគ្គិសនី ជាផ្នែកនៃការជួយកាត់បន្ថយថ្លៃដើមនៃការផលិត ដើម្បីប្រកួតប្រជែងតម្លៃក្នុងទីផ្សារ។

៤. រាជរដ្ឋាភិបាលត្រូវមានវិធានការជាក់លាក់បញ្ចុះថ្លៃការប្រាក់កម្ចី និងសម្របសម្រួលលើ រយៈពេលសងត្រឡប់របស់អតិថិជនដែលរងផលប៉ះពាល់។

៥. ពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈគាំទ្រដល់អ្នកដាំដុះ និងសិប្បករ នៅតាមមូលដ្ឋាន ដើម្បីផ្សាភ្ជាប់ទៅកាន់ទីផ្សារក្នុងភូមិស្រុក ជំនួសការនាំចូល វិធានការនេះផ្សាភ្ជាប់ជាមួយការរឹតបន្តឹងការនាំចូលនូវផលិតផល។

៦. ចំពោះកម្មករទាំងឡាយណាដែលមានបំណងវិលត្រឡប់ទៅកាន់ភូមិស្រុករបស់ពួកគេវិញ និងមានបំណងចាប់យកមុខរបរដោយខ្លួនឯង រាជរដ្ឋាភិបាលត្រូវមានទុនគាំទ្របន្ថែមដល់ពួកគេ(ទុនចំណងដៃ seed capital)។

៧. ការផ្ទុះមេរោគកូវីដ១៩(COVID-19) អាចជាស្ថានការណ៍បង្កហានិភ័យដល់ជាតិ និងប្រជាពលរដ្ឋ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ត្រូវត្រៀមខ្លួនឱ្យបានល្អ ជាពិសេសត្រូវចាត់វិធានការជាក់លាក់ ដើម្បីដោះស្រាយបញ្ហាដែលនឹងអាចកើតឡើងនាពេលខាងមុខ ដោយយកបច្ចេកទេសជំនាញជាធំ ជាងរឿងនយោបាយ។ ត្រូវឱ្យមានកិច្ចសហប្រតិបត្តិការគ្នារវាងក្រុមអ្នកជំនាញលើវិស័យសុខាភិបាល(គ្រូពេទ្យ) ក្រុមអ្នកដឹកនាំជំនួញគ្រប់        វិស័យ និងអ្នកជំនាញមានដូចជាក្រុមអ្នកជំនាញសេដ្ឋកិច្ច ទេសចរណ៍ កសិកម្ម ជាដើម។ បើទោះជា​កម្ពុជាពុំទាន់រកឃើញថាមានអ្នកឆ្លងបន្ថែម ក្រៅតែពីជនជាតិចិនម្នាក់ដែលធ្វើដំណើរមកពីប្រទេសចិនយ៉ាងណាក្តី ប៉ុន្តែការត្រៀមខ្លួនទុកជាមុនជាក់លាក់ ក្នុងការចាត់វិធានការការពារ គឺជារឿងចាំបាច់បំផុត។

៨. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គាំទ្រគោលនយោបាយឧបត្ថម្ភប្រាក់ឈ្នួល៦០%
នៃប្រាក់ឈ្នួលគោល ប៉ុន្តែ គបម ជំរុញឱ្យមានការអនុវត្តគោលនយោបាយនេះឱ្យបានទូលំទូលាយ ដោយរួមទាំងកម្មកររោងចក្រ បុគ្គលិកក្រុមហ៊ុន សណ្ឋាគារ ដែលបានបាត់បង់ការងារ ហើយរដ្ឋ
ជាអ្នកទទួលបន្ទុកលើការចំណាយប្រាក់ឧបត្ថម្ភ៦០%ទាំងស្រុងរយៈពេល៦ខែ៕

Close