សេចក្តីថ្លែងការណ៍ ស្តីពី គោលនយោបាយដោះស្រាយបញ្ហាវិបត្តិកូវីដ១៩(COVID-19)

សេចក្តីថ្លែងការណ៍ ស្តីពី គោលនយោបាយដោះស្រាយបញ្ហាវិបត្តិកូវីដ១៩(COVID-19)

 

ជំងឺកូវីដ១៩ បាន និងកំពុងរីកដាលនៅលើពិភពលោករួមទាំងកម្ពុជា និងដែលនាំមកនូវផលប៉ះពាល់ អវិជ្ជមានដល់សុខភាព អាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសការបាត់បង់ ការងារ មុខរបរ ឬ ប្រាក់ចំណូល និងការប្រឈមនឹងការសងបំណុល។ ប្រសិនបើ មិនមាន វិធានការ ដោះស្រាយទាន់ពេលវេលានោះទេ វិបត្តិកូវីដ១៩ នឹងនាំមក នូវផលវិបាកធ្ងន់ធ្ងរដល់សង្គមជាតិ ទាំងមូល។ ដើម្បីជួយសម្រួលការលំបាកខាងជីវភាព និងសន្តិសុខស្បៀងរបស់ប្រជាពលរដ្ឋ 

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ស្នើឱ្យរាជរដ្ឋាភិបាលអនុវត្តនូវគោលនយោបាយ ដោះស្រាយបញ្ហាសំខាន់ៗដូចខាងក្រោមនេះ៖

១. ធ្វើការសហការជាមួយធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដើម្បីសម្រួលដល់ការផ្អាកបង់ រំលស់ប្រចាំខែរបស់ប្រជាពលរដ្ឋក្នុងរយៈពេលខ្លីមួយ ដោយក្នុងនោះមាន វិធានការចំនួន ៥ ដែលបានដាក់ចេញដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ និងបន្ថែមនូវវិធានការផ្សេងទៀតដូចជាការអនុគ្រោះពន្ធ ការផ្តល់ទុនកម្ចីបន្ថែមដែលមានអត្រាការប្រាក់ទាបបំផុត ។ល។

២. ប្រើប្រាស់មួយចំណែក នៃថវិកាត្រៀមរបស់រាជរដ្ឋាភិបាលចំនួន ២,០០០ លានដុល្លារ ដើម្បីឧបត្ថម្ភដល់បុគ្គលិកកម្មករ ដែលអត់ការងារធ្វើដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩ ដោយក្នុងនោះប្រជាពលរដ្ឋ ១នាក់ គួរទទួលបានចាប់ពី ៥០០,០០០រៀល ក្នុង១ខែ ក្នុង រយៈពេលកំណត់មួយ។

៣. បង្កើនការផលិត និងបែងចែកស្បៀង ជាពិសេសបន្លែ សាច់ ស៊ុត ដោយបង្កើនការ គាំទ្រដល់កសិករអ្នកផលិតទូទាំងប្រទេស ដែលមានចំនួនប្រមាណ ៣០,០០០ (បីម៉ឺន) នាក់ (អ្នកដាំបន្លែ និងចិញ្ចឹមសត្វសំខាន់ៗ) តាមរយៈការបញ្ចូនគ្រូកសិកម្មល្អចំនួន ៥០០ (ប្រាំរយ)នាក់ និងមានកញ្ចប់ថវិកាសម្រាប់គាំទ្រដល់កសិករ ជាពិសេសដោះស្រាយបញ្ហា ទឹក ទុន ការប្រមូលផ្តុំផលិតផល និងដឹកជញ្ជូនមកទីផ្សារ។

៤. ធ្វើកិច្ចសហការជាមួយរោងម៉ាស៊ីនកិនស្រូវទាំងអស់ ដើម្បីធានាឱ្យមានស្រូវស្តុកទុក គ្រប់គ្រាន់ក្នុងតម្លៃសមរម្យមួយសម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ រហូតដល់រដូវប្រមូលផល ក្រោយ។

៥. ការគាំទ្រដល់ក្រុមហ៊ុន សហគ្រាស ដែលរងផលប៉ះពាល់ តាមរយៈការអនុគ្រោះពន្ធ ការកាត់បន្ថយចំណាយលើអគ្គិសនី និងការឧបត្ថម្ភធនផ្សេងៗទៀត។

ការអនុវត្តផ្គុំចូលគ្នានូវគោលនយោបាយដោះស្រាយបញ្ហាទាំង ៥ខាងលើនេះ នឹងជួយឱ្យប្រជាពលរដ្ឋ អាចមានចំណូលខ្លះសម្រាប់ទិញស្បៀងអាហារក្នុងតម្លៃសមរម្យ និងមិនមានការភ័យខ្លាចដោយសារបន្ទុកសងរំលស់ធនាគារ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ក៏ត្រៀមខ្លួនសហការជាមួយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយបវិបត្តិដែលកើតមានឡើងដោយកូវីដ១៩៕



Close