សេចក្តីថ្លែងការណ៍ ស្តីពី ចំណាត់ការលើពលករខ្មែរដែលធ្វើមាតុភូមិនិវត្តន៍អំឡុងវិបត្តិកូវីដ១៩

សេចក្តីថ្លែងការណ៍ ស្តីពី ចំណាត់ការលើពលករខ្មែរដែលធ្វើមាតុភូមិនិវត្តន៍អំឡុងវិបត្តិកូវីដ១៩

 

ដើម្បីការពារការរាលដាលជំងឺកូវីដ១៩ ប្រទេសជិតខាងកម្ពុជាបានរឹតបន្តឹងសន្តិសុខ និងបានស្នើបិទច្រកព្រំដែន។ ក្រោយពីដឹងការបិទច្រកព្រំដែននេះ ពលករខ្មែរជាច្រើននាក់ ត្រឡប់ចូលស្រុកវិញតាមច្រកព្រំដែនខ្មែរ-ថៃ ដែលនៅក្នុងនោះមានការខ្វះចន្លោះខ្លះលើការ អនុវត្តវិធានការវេជ្ជសាស្ត្រលើការធ្វើតេស្តរកជំងឺកូវីដ១៩ ក៏ដូចជាការដឹកជញ្ជូន និងការរៀប ចំកន្លែងស្នាក់នៅផងដែរ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) សំដែងការសោកស្តាយដោយឃើញ រាជរដ្ឋាភិបាល ឆ្លើយតបមិនទាន់ពេល ក៏ប៉ុន្តែយើងយល់ថា ចំណាត់ការដ៏សមស្របដើម្បី ជួយសម្រួលដល់ផែនការត្រឡប់ចូលស្រុកវិញរបស់ពលករខ្មែរ និងចំណាត់ការទប់ទល់ ក៏មិនទាន់ហួសពេលដែរ។ គបម ស្នើឱ្យរាជរដ្ឋាភិបាល សម្របសម្រួលការដឹកជញ្ជូន និង រៀបចំការស្នាក់នៅបណ្តោះអាសន្នតាមតំបន់ជិតព្រំដែន ហើយរាជរដ្ឋាភិបាល ជួយឧបត្ថម្ភ ជីវភាព និងធ្វើតេស្តពិនិត្យសុខភាពមុននឹងបន្តដំណើរទៅភូមិស្រុកខ្លួន។

មួយវិញទៀត សម្រាប់ពលករដែលបានទៅដល់ភូមិស្រុកខ្លួន សូមឱ្យអាជ្ញាធរភូមិឃុំ សម្របសម្រួលពួកគាត់មកស្នាក់នៅមួយកន្លែង ឬ នៅផ្ទះដាច់ដោយឡែកដោយរាជរដ្ឋាភិបាល ត្រូវមានគោលការណ៍ឧបត្ថម្ភដល់ពួកគាត់ (កន្លែងស្នាក់នៅសមរម្យ បាយទឹក) និងការ ពិនិត្យតាមដានសុខភាព មុននឹងបញ្ជាក់ថាពួកគាត់មិនមានឆ្លងជំងឺកូវីដ១៩ ហើយអាចដើរ ហើរធម្មតាបាន។

ជាមួយគ្នានេះដែរ សូមភ្ជាប់សេចក្តីថ្លែងការណ៍របស់ គបម ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ស្តីពី «វិធានការការពារជំងឺកូវីដ១៩នៅតាមមូលដ្ឋាន» ដែលក្នុងនោះគណៈកម្មការមូលដ្ឋាន៖ ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ មណ្ឌលសុខភាព នគរបាលឃុំ និងប្រជាពលរដ្ឋ ដែលមាន តួនាទីជាពលរដ្ឋផង និងគ្រូពេទ្យផង ត្រូវធ្វើការរួមគ្នាដើម្បីឃ្លាំមើល និងដោះស្រាយករណី សង្ស័យមានផ្ទុកកូវីដ១៩ក្នុងបំណងពង្រឹងសុវត្ថិភាព និងសុខភាពសាធារណៈដល់មូលដ្ឋានខ្លួន៕

 

Close