សេចក្តីថ្លែងការណ៍ គបម ស្តីពី សំណើអង្គនីតិប្បញ្ញតិ្តអនុម័តច្បាប់បញ្ចេញកញ្ចប់ថវិកាពិសេសបន្ថែម

សេចក្តីថ្លែងការណ៍ គបម ស្តីពី សំណើអង្គនីតិប្បញ្ញតិ្តអនុម័តច្បាប់បញ្ចេញកញ្ចប់ថវិកាពិសេសបន្ថែម

 

ជំងឺកូវីដ១៩ បាននិងកំពុងរីកដាលនៅលើពិភពលោករួមទាំងកម្ពុជា និងដែលនាំ មកនូវផលប៉ះពាល់អវិជ្ជមានដល់សុខភាព អាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសការបាត់បង់ការងារ មុខរបរ ឬប្រាក់ចំណូល។

កន្លងមក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) សង្កេតឃើញថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងទប់ទល់នឹងវិបត្តិកូវីដ១៩ រួមទាំងការដាក់វិធានការនានា ដើម្បីការពារកូវីដ១៩ពីខាងក្រៅ ការពារទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ពីអ្នកឆ្លងទៅមនុស្ស ដទៃ និងព្យាបាលអ្នកឈឺឱ្យជាវិញនៅកម្ពុជា។

គបម សង្កេតឃើញថា វិបត្តិកូវីដ១៩ កំពុងនាំមកនូវផលវិបាកធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ និងសង្គមជាតិទាំងមូល (វិបត្តិសេដ្ឋកិច្ច វិបត្តិសង្គមកិច្ច សន្តិសុខស្បៀង វិបត្តិហិរញ្ញវត្ថុ) ហើយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ មិនមានខ្ទង់ចំណាយសម្រាប់ដោះ ស្រាយផលវិបាកធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ និងសង្គមជាតិដែលបណ្តាលមកពីវិបត្តិកូវីដ១៩។

គបម ស្នើ អង្គនីតិប្បញ្ញតិ្តអនុម័តច្បាប់បញ្ចេញកញ្ចប់ថវិកាពិសេសបន្ថែម (បរិមាណ ទុនបម្រុងរបស់ជាតិ និង/ឬបរិមាណកម្ចីបន្ថែម) ដើម្បីរាជរដ្ឋាភិបាល អាចមានធនធាន ហិរញ្ញវត្ថុសមស្របគ្រប់គ្រាន់ ដើម្បីធ្វើការងារទប់សា្កត់កុំឱ្យមានការផ្ទុះរីករាលដាលមេរោគ កូវីដ១៩កាន់តែធ្ងន់ធ្ងរនៅទូទាំងប្រទេស និងដោះស្រាយវិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុ និង សន្តិសុខស្បៀងនៅកម្ពុជាទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

គបម យល់ឃើញថា កញ្ចប់ថវិកាពិសេសបន្ថែម សម្រាប់រដ្ឋាភិបាលអាចអនុវត្ត គោលនយោបាយដោះស្រាយបញ្ហា៥ខាងក្រោមនេះ៖

១. ថវិកាជា ទុនកម្ចីបន្ថែមដែលមានអត្រាការប្រាក់ទាបបំផុត សម្រាប់អនុវត្ត គោលនយោបាយហិរញ្ញវត្ថុ ជួយធនាគារឯកជន និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដើម្បីឲ្យធនាគារឯកជន និងស្ថាប័នមីក្រូហិរញ្ញវត្ថុ សម្រួលដល់ការផ្អាកបង់ រំលស់ប្រចាំខែរបស់ប្រជាពលរដ្ឋក្នុងរយៈពេលខ្លីមួយ។

២. ឧបត្ថម្ភដល់កម្មករ បុគ្គលិកទាំងក្នុង និងក្រៅប្រព័ន្ធដែលអត់ការងារធ្វើដោយ សារផលប៉ះពាល់នៃជំងឺកូវីដ១៩ ដោយក្នុងនោះប្រជាពលរដ្ឋ ១នាក់ គួរទទួល បានចាប់ពី ៥០០ ០០០ (ប្រាំសែន) រៀល ក្នុង១ខែ ក្នុងរយៈពេលកំណត់មួយ តាមរយៈការប្រើប្រាស់មួយចំណែក នៃថវិកាត្រៀមរបស់រាជរដ្ឋាភិបាលចំនួន ២ ០០០(ពីរពាន់)លានដុល្លារ។

៣. ថវិកាសម្រាប់គាំទ្រដល់កសិករ បង្កើនការផលិតទូទាំងប្រទេស និងបែង ចែកស្បៀង (ជាពិសេសបន្លែ សាច់ ស៊ុត ) ភ្ជាប់ជាមួយនឹងការបញ្ចូនគ្រូ កសិកម្មល្អចំនួន ៥០០ (ប្រាំរយ)នាក់ ដើម្បីជួយដល់កសិករផលិត (អ្នកដាំ បន្លែ និងអ្នកចិញ្ចឹមសត្វ) ដែលមានចំនួនប្រមាណ ៣០ ០០០ (បីម៉ឺន)នាក់។ ថវិកាសម្រាប់គាំទ្រដល់កសិករជាពិសេសដោះស្រាយបញ្ហាទឹក ទុន ការប្រមូលផ្តុំ ផលិតផលនិងដឹកជញ្ជូនមកទីផ្សារ។

៤. ថវិកាសម្រាប់គាំទ្ររោងម៉ាស៊ីនកិនស្រូវទាំងអស់ ដើម្បីធានាឱ្យមានស្រូវ ស្តុក ទុកគ្រប់គ្រាន់ក្នុងតម្លៃសមរម្យមួយសម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ រហូតដល់ រដូវប្រមូលផលក្រោយ។

៥. ថវិកាសម្រាប់គាំទ្រដល់ក្រុមហ៊ុន សហគ្រាស ដែលរងផលប៉ះពាល់ តាម រយៈការអនុគ្រោះពន្ធ ការកាត់បន្ថយចំណាយលើអគ្គិសនី និងការឧបត្ថម្ភធន ផ្សេងៗទៀត។

គបម ជឿជាក់ថា ការមានកញ្ចប់ថវិកាពិសេសបន្ថែម សម្រាប់ការអនុវត្តផ្គុំចូលគ្នានូវ គោលនយោបាយដោះស្រាយបញ្ហាទាំង៥ខាងលើនេះ នឹងជួយឱ្យប្រជាពលរដ្ឋ អាចមាន ចំណូលខ្លះសម្រាប់ទិញស្បៀងអាហារក្នុងតម្លៃសមរម្យ និងមិនមានការភ័យខ្លាចដោយ សារបន្ទុកសងរំលស់ធនាគារ៕

Related Articles

Close