គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) សូមចូលរួមជាមួយជនរួមជាតិខ្មែរគ្រប់ទិសទី សូមលំឱនកាយគោរពវិញ្ញាណនក្ខន្ត លោក បណ្ឌិត កែម ឡី ក្នុងពិធីបុណ្យរំលឹកខួប ៤ ឆ្នាំ នៃឃាតកម្មលើរូបលោក ថ្ងៃទី១០ កក្កដា ឆ្នាំ ២០១៦-២០២០។
គបម ចាត់ទុកលោក បណ្ឌិត កែម ឡី ជា វីរជនសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា។ គបម មានការខកចិត្ត និងសូមថ្កោលទោសចំពោះទង្វើរបស់អាជ្ញាធរដែល ហាមឃាត់មិនឲ្យអ្នកគោរពស្រឡាញ់ លោក បណ្ឌិត កែម ឡី ពាក់អាវ ដែលមានរូប លោកបណ្ឌិត ។
គបម គោរពគុណូបការៈ និងគំរូវីរភាពរបស់ លោកបណ្ឌិត កែម ឡី បិតាស្ថាបនិក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងប្តេជ្ញាចិត្តបន្តអនុវត្ត ឧត្តមគតិ កែម ឡី និយមទាំង១០ចំណុច នៅក្នុង គោលការណ៍ គោលនយោបាយ និងសកម្មភាពរបស់ គបម។
គបម បន្តរកយុត្តិធម៌ជូន លោកបណ្ឌិត កែម ឡី ជាពិសេស ធ្វើឲ្យមាននូវយុត្តិធម៌ពិតប្រាកដ (យុត្តិធម៌សង្គម យុត្តិធម៌សេដ្ឋកិច្ច យុត្តិធម៌នយោបាយ) នៅក្នុងសង្គមកម្ពុជា ដែល លោកបណ្ឌិត ចង់បាន និង ហ៊ានលះបង់ជីវិតខ្លួន។