បើស្រឡាញ់ឯករាជ្យជាតិ សូមរក្សាឯកភាពជាតិផង

បើស្រឡាញ់ឯករាជ្យជាតិ សូមរក្សាឯកភាពជាតិផង

 

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) សូមចូលរួមអបអរសាទរទិវាឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣-២០២០ ដែលជាខួបអនុស្សាវីយ៍លើកទី៦៧។ អស់រយៈពេល៩០ឆ្នាំដែលកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អណានិគមនិយមបារាំង នាអំឡុងឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣ ទើបកម្ពុជាទទួលបានឯករាជ្យពេញលេញ។   

 គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ចូលរួមលើកស្ទួយឯករាជ្យជាតិតាមរយ:ការបណ្តុះនូវស្មារតីឯកភាពជាតិ និងសាមគ្គីជាតិក្នុងសង្គមពហុបក្ស។ កម្ពុជាត្រូវការភាពដឹកនាំនយោបាយមួយដែលបញ្ចប់ការបែកបាក់គ្នា តាមដានគ្នា យកគ្នាជាសត្រូវដោយសារនិន្នាការនយោបាយផ្សេងគ្នា។ អាមរិកនិយម ចិននិយម សង្គមនិយម មូលធននិយម កណ្តាលនិយម ។ល។ គ្រាន់តែជានិន្នាការនយោបាយរបស់បុគ្គល ឬ បក្សនីមួយៗ ហើយការគាំទ្រ ឬ មិនគាំទ្រជាសិទ្ធិរបស់ប្រជាពលរដ្ឋតាមរយ:ការបោះឆ្នោត។ អ្នកជាប់ឆ្នោតដឹកនាំប្រទេស ជាអ្នកបម្រើប្រជាជាតិទាំងមូល ហើយយអ្នកចាញ់ឆ្នោតបន្តរិះគន់អ្នកឈ្នះឆ្នោតដើម្បីឱ្យអ្នកឈ្នះឆ្នោតធ្វើការឱ្យល្អ ដើម្បីបម្រើប្រជាពលរដ្ឋទាំងអស់ និងមានគណនេយ្យភាពក្នុងនាមជាអ្នកដឹកនាំ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) យល់ឃើញថា ការរស់នៅជាជាតិមួយក្នុងកិត្តិយស និងសេចក្តីថ្លៃថ្នូរ ការមានឯករាជ្យ និងអធិបតេយ្យភាពជាតិ ជារឿងសំខាន់ដ៏ចាំបាច់។

មត៌កដ៏មានតម្លៃមួយរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គឺការទាមទារឯករាជ្យជាតិខ្មែរពីអណានិគមនិយមបារាំង ដោយជោគជ័យ ជាមួយនយោបាយការទូតដ៏ទន់ភ្លន់ និងឈ្លាសវៃ ដោយបញ្ចៀសបានការបង្ហូរឈាម។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) យល់ឃើញថា ជាតិខ្មែរមិនអាចខ្លាំង រឹងមាំ និងថ្លៃថ្នូរបានទេ បើយើងរស់នៅស្ថិតក្រោមការគ្រប់គ្រងរបស់គេ ក្រោមឥទ្ធិពលរបស់គេ និងមានស្មារតីពឹងអាស្រ័យលើគេ គ្រប់ជំហាន និងគ្រប់វិស័យ។

ជាមួយគ្នានេះដែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ក៏យល់ឃើញផងដែរថា កាតព្វកិច្ចចម្បងរបស់អ្នកដឹកនាំជាតិ គឺត្រូវធ្វើឱ្យសង្គមជាតិមួយខ្លាំង រឹងមាំ និងមានសេចក្តីថ្លែថ្នូរ ដែលក្នុងនេះការមានឯករាជ្យជាតិ និងឯកភាពជាតិ គឺជារឿងដ៏ចាំបាច់បំផុត៕

 

 

Close