នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកបណ្ឌិត យ៉ង សាំង កុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអញ្ជើញចូលរួមជាវាគ្មិននៅក្នុងវគ្គបណ្តុះបណ្តាលមួយ ស្តីពី អភិបាលកិច្ចប្រជាធិបតេយ្យ និងភាពជាពលរដ្ឋសកម្ម ដល់សមណសិស្ស និស្សិត និងយុវជន ប្រមាណ ៣០ រូប នាទីរួមខេត្តបាត់ដំបង ដែលរៀបចំដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)។
នៅក្នុងនោះលោក បានលើកឡើងថា កម្ពុជាដើរតាមគោលការណ៍ប្រជាធិបតេយ្យជាតំណាងដែលមានន័យថាប្រជាពលរដ្ឋចូលរួមឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ និងបោះឆ្នោតរើសតំណាងរបស់ខ្លួនក្នុងការធ្វើសេចក្តីសម្រេចចិត្តសំខាន់ៗទាក់ទងទៅនឹងជីវភាព និងប្រទេសជាតិ នៅរាល់៥ឆ្នាំម្តង។ លោកបន្តថា នៅឆ្នាំ២០២២ខាងមុខនេះនឹងមានការបោះឆ្នោតរើសតំណាងតាមឃុំ/សង្កាត់ពី៥ទៅដល់១១នាក់តាមឃុំ/សង្កាត់នីមួយៗ និងនៅឆ្នាំ២០២៣ មានការបោះឆ្នោតរើសតំណាងថ្នាក់ជាតិ១២៥រូបដែលហៅថាតំណាងរាស្រ្ត។
ប្រធានគណៈកម្មាធិការនាយគណបក្សប្រជាធិបតេយ្យមូលដ្ឋានរូបនេះលើកឡើងថា បើគណបក្សណានយោបាយណាទទួលបានសំឡេងតំណាងរាស្រ្តចាប់ពី ៦៣ (អាសនៈ) ឡើងទៅគឺអាចធ្វើសេចក្តីសម្រេចលើគោលនយោបាយ និងច្បាប់ ដូចជាគោលនយោបាយជួយចាស់ជរា ជួយកសិករ ជួយយុវជន ឬ កែច្បាប់កុំឱ្យមានការំលាយគណបក្សនយោបាយ ជាដើម។
ជាមួយគ្នានេះ លោកបណ្ឌិត យ៉ង សាំង កុមារ បានចោទជាសំណួរជាច្រើនទៅដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនោះថា ថាតើមានអ្វីជា ជម្រើសល្អជាងការបោះឆ្នោត ដើម្បីនាំមកនូវមកការផ្លាស់ប្តូរគោលនយោបាយ និងការដឹកនាំប្រទេស? តើប្រជាពលរដ្ឋមានសិទ្ធិចូលរួមកាបោះឆ្នោតទេ? តើយើងមានសិទ្ធិបង្កើតគណបក្សនយោបាយចូលរួមការបោះឆ្នោតទេ? តើពលរដ្ឋមានសិទ្ធិតាមដានវាយតម្លៃលើបេក្ខជន និងគោលនយោបាយរបស់គណបក្សនយោបាយទេ? តើពលរដ្ឋមានសិទ្ធិសង្កេតការណ៍ការបោះឆ្នោតទេ? តើពលរដ្ឋមានសិទ្ធិសង្កេតការណ៍ការរាប់សន្លឹកឆ្នោតទេ?
ជាមួយនឹងសំណួរដ៏ច្រើនដែលលោកបានចោទសួរនេះ លោកបណ្ឌិត យ៉ង សាំង កុមារ បានឆ្លើយដោយសង្កត់ធ្ងន់ថា បើពលរដ្ឋចង់បានការផ្លាស់ប្តូរតាមគោលការណ៍ប្រជាធិបតេយ្យមានតែនាំគ្នាទៅបោះឆ្នោត និងសង្កេតការណ៍បោះឆ្នោត តែប៉ុណ្ណោះ។ លោកក៏បានបន្ថែមថា បើពលរដ្ឋខ្លួនឯងយល់ថាមិនមានបក្សនយោបាយណាមួយដែលពួកគេពេញចិត្ត ឬ ទុកចិត្តទេនោះ ពួកគេអាចនាំគ្នាបង្កើតគណបក្សនយោបាយដោយខ្លួនឯង កុំរង់ចាំ ឬ ដេកចាំបុគ្គលណាម្នាក់ ឬ ប្រទេសណាមួយយកប្រជាធិបតេយ្យមកឱ្យដោយស្រួលៗនោះ។
ជាមួយគ្នានេះ លោកក៏បានបញ្ជាក់បន្ថែមដែរថា ចំពោះការផ្លាស់ប្តូរនៅក្នុងប្រទេសដែលដើរនៅលើគន្លងប្រជាធិបតេយ្យ ពុំមានយន្តការណាមួយ ដែលប្រសើរជាងការបោះឆ្នោតនោះឡើយ។
អ្វីដែលជាសំណួរដ៏សំខាន់មួយទៀតដែលលោកបានចោទសួរទៅកាន់អ្នកចូលរួមទាំងអស់នោះគឺ ថាតើប្រជាពលរដ្ឋខ្មែរចង់ឱ្យមានតំណាងរាស្ត្រ ១២៥ លើ ១២៥ រូប ដែលមកពីគណបក្សនយោបាយតែមួយបន្តទៀត ឬ យ៉ាងណា?