គបម ចាប់ផ្តើមបំផុសគោលនយោបាយឧបត្ថម្ភប្រាក់១៥ម៉ឺនរៀល ដល់ចាស់ជរា

គបម ចាប់ផ្តើមបំផុសគោលនយោបាយឧបត្ថម្ភប្រាក់១៥ម៉ឺនរៀល ដល់ចាស់ជរា

 

ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលភាគច្រើនជាចាស់ជរា នៅខេត្តបាត់ដំបង ប្រធានគណ:កម្មាធិការនាយក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត យ៉ង សាំង កុមារ បានលើកឡើងពីគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដល់ចាស់ជរាដែលមានចែងក្នុងសៀវភៅបៃតងរបស់គណបក្ស។ លោកថ្លែងប្រាប់ដល់ពលរដ្ឋចាស់ជរាទាំងនោះថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនសព្វថ្ងៃ គ្មានគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដល់ចាស់ជរាទេ។

លោក យ៉ង សាំង កុមារ បញ្ជាក់ថា គោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដល់ចាស់ជរានេះ មានសារសំខាន់ណាស់។ លោកថា ប្រទេសនានា លើពិភពលោក គេគិតគូរណាស់ពីមនុស្សចាស់។ ដូច្នេះ វាដល់ពេលហើយ សម្រាប់កម្ពុជា ដែលត្រូវតែគិតគូរពីការឧបត្ថម្ភដល់ចាស់ជរានេះ។ លោក យ៉ង សាំង កុមារ អះអាងថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាន និងបន្តដាក់ចេញនូវគោលនយោបាយឧបត្ថម្ភសាច់ប្រាក់១៥ម៉ឺនរៀល ក្នុង១ខែ ដល់ចាស់ជរាចាប់ពីអាយុ៦៥ឆ្នាំឡើងទៅ។ លោកថា នេះជាការដឹងគុណបុព្វបុរស ដែលមិនចាំទាល់តែគាត់ស្លាប់ទៅឡើយ ពោលគឺត្រូវចាប់ផ្តើមពេលគាត់នៅរស់។ សម្រាប់លោក យ៉ង សាំង កុមារ ថា បញ្ហានេះ មិនពិបាកនោះទេ ហើយក៏មិនមែនជានយោបាយប្រជាភិថុតិដែរ។ ពីព្រោះ ការឧបត្ថម្ភសាច់ប្រាក់ដល់ចាស់ជរានេះ ចំណាយមិនដល់១០%ផងទេនៃថវិកាជាតិ ដែលត្រូវបានរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជន ចំណាយចន្លោះពី៧០០០លានដុល្លារ ទៅ៨០០០លានដុល្លារ ក្នុង១ឆ្នាំៗ។

ទាក់ទងនឹងគោលនយោបាយឧបត្ថម្ភចាស់ជរានេះ លោក យ៉ង សាំង កុមារ បានរំលឹកថា លោកធ្លាប់បានជំរុញគោលនយោបាយនេះ ជាមួយគណបក្សសិទ្ធិមនុស្ស ក្រោយមកជាមួយគណបក្សង្គ្រោះជាតិ និងឆ្នាំ២០១៨ ជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ ប៉ុន្តែគោលនយោបាយនេះ អាចអនុវត្តបានលុះណាតែគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឈ្នះឆ្នោតបានដឹកនាំប្រទេស ទើបមានសិទ្ធិចាត់ចែងថវិកាជាតិបាន។

យ៉ាងណា ក្នុងនាមគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត យ៉ង សាំង កុមារ ប្តេជ្ញាថា នឹងនៅតែបន្តជំរុញគោលនយោបាយនេះ ដើម្បីឲ្យចាស់ជរាគ្រប់រូបទទួលបានការឧបត្ថម្ភពីរដ្ឋ១៥ម៉ឺនរៀលក្នុង១ខែ។ ប៉ុន្តែ បើទោះពេលនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មិនមានសិទ្ធិចាត់ចែងថវិកាជាតិក្តី លោកនឹងបង្កើតមូលនិធិចាស់ជរា ដើម្បីជួយដល់ចាស់ជរាតាមលទ្ធភាពជាក់ស្តែង។

សូមបញ្ជាក់ថា គោលនយោបាយឧបត្ថម្ភសាច់ប្រាក់១៥ម៉ឺនរៀល ដល់ជនចាស់ជរា ចាប់ពីអាយុ៦៥ឆ្នាំឡើងទៅ បានចែងយ៉ាងច្បាស់ ក្នុងគោលនយោបាយអាទិភាព នៃសៀវភៅបៃតង របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន៕

Close