កសិករលក់ស្រូវមិនបានថ្លៃ ព្រោះរដ្ឋាភិបាលខ្វះគោលនយោបាយលើកស្ទួយវិស័យស្រូវអង្ករជាក់លាក់

កសិករលក់ស្រូវមិនបានថ្លៃ ព្រោះរដ្ឋាភិបាលខ្វះគោលនយោបាយលើកស្ទួយវិស័យស្រូវអង្ករជាក់លាក់

 

បញ្ហាស្រូវអង្ករធ្លាក់ថោកនៅពេលរដូវប្រមូលផលឈានចូលមកដល់ម្តងៗ មិនមែនជារឿងថ្មីនោះទេ សម្រាប់ប្រទេសកម្ពុជា។ វាស្ទើរតែក្លាយទៅជាទម្លាប់ទៅហើយ ចំពោះរឿងនេះ។

ការណ៍នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន យល់ឃើញថា ភាពខ្វះចន្លោះនូវគោលនយោបាយរដ្ឋក្នុងការលើកស្ទួយវិស័យស្រូវអង្ករឱ្យបានជាក់លាក់ ដែលបណ្តាលឱ្យកសិករសម្រេចជោគវាសនាស្រូវអង្ករដោយខ្លួនឯង និងគ្មានជំនួយពីរដ្ឋ។

កត្តាមួយចំនួនដែលធ្វើឱ្យតម្លៃស្រូវនៅកម្ពុជាមិនអាចឡើងថ្លៃរួច រួមមាន ទី១. កសិករសម្រុកលក់ស្រូវចេញ ដើម្បីយកលុយមកដោះស្រាយបំណុលផ្សេងៗ និងបញ្ហាជីវភាពប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀតពួកគាត់មិនចង់រក្សាទុក ព្រោះគ្មានកន្លែងសម្ងួត និងមិនចង់សម្ងួតដោយដៃ អាចធ្វើឱ្យចំណាយច្រើន និងទទួលបានចំណេញតិច។ ទី២. អ្នកទិញស្រូវក្នុងស្រុកនៅមានសមត្ថភាពតិចក្នុងការសម្ងួត និងទិញស្រូវស្តុក។ ទី៣. កង្វះខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គ្រប់គ្រាន់ក្នុងការដឹកជញ្ជូនផលស្រូវ ដែលតំបន់ខ្លះមានផ្លូវតែខូច តំបន់ខ្លះទៀតគ្មានផ្លូវត្រឹមត្រូវ និងខ្វះមធ្យោបាយដឹកជញ្ជូន។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ រដ្ឋត្រូវមានគោលនយោបាយស្រូវអង្ករមួយជាក់លាក់ សមស្រប ដែលគោលនយោបាយទាំងនោះមានដូចជា  ១. លើកទឹកចិត្តឲ្យប្រជាកសិករសម្ងួតស្រូវដោយខ្លួនឯង។ ២. រៀបចំឲ្យមានសហគមន៍ឡសម្ងួតស្រូវ។ ៣. មានកម្មវិធីឥណ្ឌទានស្រូវសម្រាប់កសិករ។ ៤. ផ្តល់ទុនកម្ចីការប្រាក់ទាបដល់រោងម៉ាស៊ីនដើម្បីពង្រីកឡសម្ងួត ឃ្លាំងស្តុក និងមធ្យោបាយដឹកជញ្ជូន។ ៥. ជួសជុលផ្លូវជនបទ និងរៀបចំរចនាសម្ព័ន្ធថែទាំផ្លូវឲ្យបានល្អយូរអង្វែង កុំឲ្យធ្វើមុខខូចក្រោយ។ ៦. រដ្ឋជួយទិញស្រូវស្តុកទុកក្នុងឃ្លាំងដែលជាផ្នែកនៃគោលនយោបាយសន្តិសុខស្បៀងរបស់ជាតិ។

គោលនយោបាយទាំងអស់ខាងលើនេះ គឺមានចែងនៅក្នុងសៀវភៅបៃតង ដែលស្តីពីគោលនយោបាយ ១២៥ ចំណុច របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

Close