បណ្ឌិត យ៉ង សាំង កុមារ៖ ល្មមដល់ពេលកសិករ និងអ្នកស្រលាញ់កសិកម្ម ជំរុញឱ្យមានគោលនយោបាយកសិកម្មជួយដល់កសិករ

បណ្ឌិត យ៉ង សាំង កុមារ៖ ល្មមដល់ពេលកសិករ និងអ្នកស្រលាញ់កសិកម្ម ជំរុញឱ្យមានគោលនយោបាយកសិកម្មជួយដល់កសិករ

 

ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាអ្នកជំនាញកសិកម្ម លោកបណ្ឌិត យ៉ង សាំង កុមារ បានលើកឡើងថា ល្មមដល់ពេលកសិករ និងអ្នកស្រឡាញ់កសិកម្មជំរុញឱ្យមានគោលនយោបាយកសិកម្មជួយដល់កសិករ និងប្រទេសជាតិហើយ ដើម្បីឱ្យអ្នកនយោបាយ ជាពិសេស តំណាងរាស្រ្តមានការទទួលខុសត្រូវខ្ពស់ចំពោះម្ចាស់សន្លឹកឆ្នោត។

បញ្ហាស្រូវចុះថោកនៅកម្ពុជា វាស្ទើរទៅជាទម្លាប់ទៅហើយឱ្យតែរដូវប្រមូលផលឈានចូលមកដល់ម្តងៗ។ ជាមួយនឹងការចុះថោកនៃតម្លៃស្រូវនេះមន្ត្រីរដ្ឋាភិបាលតែងតែលើកឡើងថា មកពីស្រូវមានគុណភាពមិនល្អ ទើបបណ្តាលឱ្យឈ្មួញមិនហ៊ានទិញក្នុងតម្លៃខ្ពស់។ ការលើកឡើងបែបនេះបានធ្វើឱ្យមានការរិះគន់ពីសំណាក់មហាជន ដែលថាមន្ត្រីធ្វើការងារខ្វះការទទួលខុសត្រូវ។

ដោយឆ្លើយតបទៅនឹងការលើកឡើងនេះ បណ្ឌិត យ៉ង សាំង កុមារ ប្រធានគណៈកម្មាធិការនាយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាអ្នកជំនាញកសិកម្ម បានចោទជាសំណួរថា ស្រូវគុណភាពមិនល្អមានន័យដូចម្តេច ហើយហេតុអ្វី? សើម ពូជអត់សុទ្ធ ពូជអត់សមស្របតំរូវការទីផ្សារ ឬ កត្តាផ្សេងទៀត? ហើយបញ្ហាទាំងនេះមកពីអ្វីដែរ ឬ មកពីអ្នកណាដែរ? ហើយក្រៅពីគុណភាពស្រូវមានកត្តាអ្វីទៀត ដែលនាំឱ្យស្រូវចុះថោក?

លោកបន្តថា យើងមិនទាន់បន្ទោសអ្នកណាទេ តែយើងគួរសួរកសិករតើបើអត់មានក្រសួងកសិកម្ម និងពាណិជ្ជកម្ម គាត់បន្តធ្វើស្រែទៀតឬទេ?

ក្នុងនោះផងដែរ លោក យ៉ង សាំង កុមារ ក៏បានចោទសួរអំពីតួនាទីរបស់ស្ថាប័នមួយចំនួនដែលធ្វើការងារពាក់ព័ន្ធទៅនឹងវិស័យកសិកម្ម មានដូចជាក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងធនាគារអភិវឌ្ឍន៍ជនបទជាដើម ថាតើស្ថាប័នទាំងនោះមានតួនាទី និងកាតព្វកិច្ចអ្វីខ្លះក្នុងការជួយដល់កសិករ?

Close