សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានសម្រេចឱ្យសិស្ស ដែលត្រូវប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ និងធម្យមសិក្សាបឋមភូមិ ក្នុងឆ្នាំសិក្សា២០១៩-២០២០ ជាប់ជាស្ថាពរ ចំពោះ "បក្ខជនទាំងអស់ដែលបានចុះឈ្មោះប្រឡង" ដោយគ្មានកំណត់និទ្ទេស។
ជាទូទៅ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ស្វាគមន៍ និងគាំទ្រចំពោះការសម្រេចរបស់ក្រសួងអប់រំនាពេលនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងបង្កហានិភ័យដល់ពិភពលោក និងប្រទេសកម្ពុជា។ ប៉ុន្តែ គបម យល់ឃើញថា ក្រសួងអប់រំ យុវជន និងកីឡា គប្បីយកលទ្ធផលនៃការប្រឡងឆមាសទី១ និងឆមាសទី២ មកគិតនិទ្ទេសដែលជាករណីពិសេសបំផុត ការធ្វើបែបនេះគឺជាការជម្រុញ និងលើកទឹកចិត្តទៅដល់សិស្សក្នុងការខិតខំរៀនសូត្រ និងធានាគុណភាពអប់រំដែលក្រសួងបានព្យាយាមកែទម្រង់កន្លងមក។