បញ្ហាប្រឈមសំខាន់៣ក្នុងចំណោមបញ្ហាជាច្រើនដែលសល់នៅឆ្នាំ២០២០

បញ្ហាប្រឈមសំខាន់៣ក្នុងចំណោមបញ្ហាជាច្រើនដែលសល់នៅឆ្នាំ២០២០

 

ឆ្នាំ២០២០ ដែលជាឆ្នាំលំបាកមួយសម្រាប់កម្ពុជា និងពិភពលោក ជាពិសេសដោយសារ បញ្ហាជំងឺកូវីដ១៩។ កាលពីឆ្នាំ២០២០ កន្លងមកកម្ពុជា បានគ្រប់គ្រងការឆ្លងជំងឺកូវីដ១៩ បានល្អ ប៉ុន្តែការដោះស្រាយបញ្ហាសេដ្ឋកិច្ច ការងារ ចំណូល និងបំណុលប្រជាពលរដ្ឋ ហាក់ដូចជាបានតិចតួច។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) យល់ឃើញ ថា បញ្ហាប្រឈមសំខាន់ៗមួយចំនួន ដែលបានបន្សល់ទុកនៅ ឆ្នាំ២០២០ សម្រាប់កម្ពុជា ត្រូវដោះស្រាយនៅឆ្នាំ២០២១៖

១. ការដោះស្រាយនូវផលប៉ះពាល់លើសេដ្ឋកិច្ច និងការងារជាពិសេសក្នុងវិស័យ ទេសចរណ៍។ បញ្ហាប្រឈមដ៏ធំរបស់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មក្នុងវិស័យ ទេសចរណ៍ និងអ្នកពាក់ព័ន្ធ គឺការរកប្រាក់ចំណូលដើម្បីសងបំណុល។ យោងតាម ការសិក្សារបស់យើង​នៅតំបន់ជុំវិញក្រុងសៀមរាប គឺប្រជាកសិករ ៧៥% ជួបការ លំបាកខ្លាំងក្នុងការរកចំណូលសងបំណុល។ អន្តរាគមន៍របស់រាជរដ្ឋាភិបាល សម្រាប់ជួយដោះ ស្រាយបញ្ហានេះជាការចាំបាច់បំផុត ជាពិសេសការជួយគាំទ្រដល់ ធនាគារឱ្យផ្អាក ឬ ពន្យាការសងរយៈពេល ៣ ទៅ ៦ខែ ដោយធ្វើយ៉ាងណាឱ្យ ធនាគារអាចបន្តនិរន្តរភាពជំនួញ ហើយប្រជាពលរដ្ឋអាចបន្តនិរន្តរភាពមុខរបរ របស់​ពួកគាត់ និងត្រៀមខ្លួនឱ្យបានល្អសម្រាប់ការងើបឡើងវិញនៃវិស័យ ទេសចរណ៍ និងវិស័យពាក់ព័ន្ធ។ ជាឧទាហរណ៍នៃអន្តរាគមរបស់រាជរដ្ឋាភិបាល គឺការផ្តល់ប្រាក់កម្ចីដល់ធនាគារដោយឥតយកការប្រាក់ ឬ ការប្រាក់ទាប ដើម្បីជួយ ទ្រទ្រង់លំហូរចរន្តសាច់ប្រាក់ ដែលកើតមានឡើងដោយសារការខកខានការប្រមូល សាច់ប្រាក់សងត្រឡប់ពីអតិថិជន។

២. ការហូរចូលផលិតផលពីក្រៅប្រទេស មានដូចជាបន្លែ ផ្លែឈើ ស៊ុត ត្រី ។ល។ នៅតែបន្ត។ ការណ៍នេះធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច សមត្ថភាពប្រកួតប្រជែងរបស់កសិករ និងសិប្បករ ខ្មែរ។ ការគាំទ្រដល់សមត្ថភាពប្រកួតប្រជែងអ្នកផលិតក្នុងស្រុក ការបិទ ឬ រិតបន្តឹង នូវការនាំចូលនូវផលិតផលដែលខ្មែរអាចផលិតបាន និងការលើកស្ទួយនូវការប្រើ ប្រាស់ផលិតផលក្នុងស្រុក នឹងជួយដល់សេដ្ឋកិច្ចជាតិ និងវិស័យការងារក្នុងស្រុក។

៣. ភាពតានតឹងនៃការប្រឈមគ្នារវាងរាជរដ្ឋាភិបាល និងក្រុមអតីតគណបក្សសង្គ្រោះជាតិទាមទារឱ្យមានដំណើស្រាយផ្លូវកណ្តាលមួយ ដែលភាគីទាំងពីរអាចទទួលយក បានដូចជា ការវិសោធនកម្ម «ច្បាប់ ស្តីពី គណបក្សនយោបាយ» ដើម្បីផ្តល់សេរីភាព ដល់អ្នកនយោបាយទាំង ១២១ (១១៨+៣) នាក់ និងការផ្តល់សេរីភាពដល់លោក កឹម សុខា ជាដើម។ ដំណោះស្រាយនៃភាពតានតឹងនេះ នឹងចូលរួមចំណែកស្តារនូវ ស្ថានភាពសេរីភាពនយោបាយនៅកម្ពុជា និងការពង្រីកការសហការថែមទៀត ជាមួយសហភាពអ៊ឺរ៉ុប សហរដ្ឋអាមេរិកជាដើម ជាពិសេសការទទួលបានប្រព័ន្ធ អនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងអាវុធ (EBA) ១០០%មកវិញ និងការសហការលើការរៀបចំការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌នៅឆ្នាំ ២០២២ និងឆ្នាំ ២០២៣ខាងមុខនេះ។

បញ្ហាប្រឈមទាំង ៣ខាងលើ ជាបញ្ហាប្រឈមសំខាន់របស់កម្ពុជា។ ប្រសិនបើបញ្ហា ទាំង ៣នេះ ត្រូវបានដោះស្រាយ នោះកម្ពុជាអាចធ្វើដំណើរទៅមុខមួយជំហានទៀត ក្នុងការ កសាងសេដ្ឋកិច្ចជាតិ និងឯកភាពជាតិក្នុងសង្គមសេរីពហុបក្ស ក៏ដូចជាពង្រឹងពង្រីកកិច្ចសហការ និងមុខមាត់របស់ប្រទេសកម្ពុជាកាន់តែល្អប្រសើរលើឆាកអន្តរជាតិ។

 

Close