២៣ តុលា ឆ្នាំ១៩៩១ ជាថ្ងៃព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដ៏សំខាន់មួយសម្រាប់ប្រទេស និងប្រជាជាតិកម្ពុជា ដែលភាគីជម្លោះកម្ពុជា និងប្រទេសពាក់ព័ន្ធ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពី ដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជា (កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស) ដែលបញ្ចប់សង្គ្រាម និងការចាប់ផ្តើមកសាងសង្គមប្រជាធិបតេយ្យនៅកម្ពុជា។
ទោះជា ២៥ឆ្នាំ កន្លងផុតទៅយ៉ាងណាក្តី គណបក្សប្រជាធិបតេយ្យមូលដ្ឋាន យល់ឃើញថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែជាមូលដ្ឋានគតិយុត្តិកំរិតអន្តរជាតិដ៏សំខាន់មួយ ដែលធានានូវអធិបតីភាព និងបូរណភាពទឹកដីរបស់កម្ពុជា ការលើកកម្ពស់សិទ្ធិមនុស្ស នីតិរដ្ឋ និងការកសាងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា គណបក្សនយោបាយនិងប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តគោរពស្មារតី និងតម្លៃ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាពិសេសការលើកស្ទួយសិទ្ធិមនុស្ស សេរីភាពនៃការបញ្ចេញមតិ គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស និងការធានាឱ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌៕