បក្សមូលដ្ឋានព្រួយបារម្ភចំពោះការវិវត្តនៃស្ថានការណ៍នយោបាយចុងក្រោយ

បក្សមូលដ្ឋានព្រួយបារម្ភចំពោះការវិវត្តនៃស្ថានការណ៍នយោបាយចុងក្រោយ


គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសម្តែងការព្រួយបារម្ភចំពោះការវិវត្តនៃដំណើរការនៃស្ថានការណ៍នយោបាយនាដំណាក់កាលចុងក្រោយនេះ ដែលអាចនឹងរុញកម្ពុជាឱ្យដើរឆ្ងាយពីគន្លងប្រជាធិបតេយ្យ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរកុំអស់សង្ឃឹម ក្នុងការទាមទារដោយអហិង្សា ដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោកបណ្ឌិតសាម អ៊ីន អគ្គលេខាធិការ និងជាអ្នកនាំពាក្យរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានថ្លែងថាគណបក្សប្រជាធិបតេយ្យមូលដ្ឋានមានការព្រួយបារម្ភចំពោះស្ថានការណ៍នយោបាយនៅកម្ពុជានាពេលចុងក្រោយនេះ «គបម មានការព្រួយបារម្មណ៍អំពីស្ថានការណ៍វិវត្តន៍ថ្មីៗ»។ ជាមួយគ្នានេះលោកក៏បានចោទជាសំណួរដែរថា តើយើងអាចនឹងមានការបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌បានដែរឬទេ?

ក្នុងនោះលោកបណ្ឌិត សាម អ៊ីន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរកុំបោះបង់នូវក្តីសង្ឃឹមរបស់ខ្លួន និងប្រើប្រាស់សិទ្ធិរបស់ខ្លួនដោយអហិង្សាក្នុងការទាមទារ ដើម្បីលទ្ធិប្រជាធិបតេយ្យ ពោលគឺតាមរយៈនៃការសម្រេចចិត្តទម្លាក់សន្លឹកឆ្នោតរបស់ខ្លួនទៅក្នុងហិបឆ្នោត«យើងសូមអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរកុំអស់សង្ឃឹម និងត្រូវបន្តប្រឹងប្រែងទាមទារតវ៉ា ដោយអហិង្សា ដើម្បីលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជា»។

ការព្រួយរម្ភរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នេះគឺធ្វើឡើងនៅក្រោយនៃការចាប់ខ្លួនលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងនាំមុខគេនៅប្រទេសកម្ពុជា ដែលរងបទចោទថាក្បត់ជាតិ និងត្រូវបានចាប់ខ្លួនទាំងកណ្តាលអាធ្រាតឈានចូលយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧៕

Related Articles

Close