សេចក្តីថ្លែងការណ៍ ស្តីពី ការវិវត្តស្ថានការណ៍នយោបាយនាចុងក្រោយ

សេចក្តីថ្លែងការណ៍ ស្តីពី ការវិវត្តស្ថានការណ៍នយោបាយនាចុងក្រោយ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវិវត្តនៃស្ថានការណ៍នយោបាយនាដំណាក់កាលចុងក្រោយដែលរួមមាន ការបញ្ឈប់សកម្មភាពវិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ)NDI) ការបិទនៃការបោះពុម្ពផ្សាយកាសែតឌឺខាំបូឌាដេលី (The Cambodia Daily) និងការហាមផ្សាយកម្មវិធីវិទ្យុមួយចំនួន ព្រមទាំងការចាប់ខ្លួន លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ និង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ នាពេលថ្មីៗនេះ។ ដំណើរវិវត្តនេះ បង្កបរិយាកាសនយោបាយគួរឲ្យព្រួយបារម្ភខ្លាំង និងជះឥទ្ធិពលអវិជ្ជមានសម្រាប់ដំណើរនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ដែលអាចមិនមានភាពសេរី យុត្តិធម៌ និងមិនអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សូមអំពាវនាវឲ្យរាជរដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ចបន្តលើកស្ទួយគោលនយោបាយគោរពសិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មាន ដោយសម្រួលអនុញ្ញាតឲ្យស្ថានីយ៍វិទ្យុទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាបន្តផ្សាយកម្មវិធីវិទ្យុផ្សេងៗដូចធម្មតាឡើងវិញ ដូចជាការផ្សាយបន្តកម្មវិធីវិទ្យុអាស៊ីសេរី (RFA) សំឡេងសហរដ្ឋអាមេរិក(VOA) និងវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD)ជាដើម។ បន្ថែមពីនេះ សូមរាជរដ្ឋាភិបាលមេត្តាអនុវត្តន៍គោលនយោបាយអត់ឱនចំពោះខ្មែរគ្នាឯង ដោយដោះលែងលោក ញឹក ប៊ុនឆៃ លោក សួនសេរីរដ្ឋា និងលោក កឹម សុខា ដើម្បីឲ្យពួកគាត់ អាចដឹកនាំគណបក្សចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិនាឆ្នាំ២០១៨ ខាងមុខ ដោយស្មើភាព និងយុត្តិធម៌៕

Related Articles

Close