សេចក្តីថ្លែងការណ៍ ស្តីពី គោលនយោបាយយុវជន

សេចក្តីថ្លែងការណ៍ ស្តីពី គោលនយោបាយយុវជន

កម្ពុជាត្រូវការកម្មវិធីនយោបាយជាតិមួយ ដែលផ្តល់ឱកាសដល់យុវជនគ្រប់រូបទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីទទួលបានការងារល្អ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សម្តែងក្តីសាទរអ្នកដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំនេះ ដែលជាសរុបមានយុវជនចំនួន ៦៣ ៦៦៨នាក់ ក្នុងចំណោម ៩៩ ៧២៨នាក់ បានប្រឡងជាប់។ បញ្ហាប្រឈមបន្ទាប់ទាំងសម្រាប់អ្នកជាប់ និងអ្នកធ្លាក់គឺការសិក្សាបន្ត​ និងការស្វែងរកការងារល្អ។

ដើម្បីយុវជនគ្រប់រូបមានឱកាសទទួលបានការអប់រំបន្ត និងទទួលបានការងារល្អ គបម សូមធ្វើការស្នើនូវកម្មវិធីគោលនយោបាយសំខាន់ៗមួយចំនួន៖

  • យុវជនដែលទទួលបាននិទ្ទេស A B និងC ទទួលបានអាហារូបករណ៍សម្រាប់សិក្សាបន្ត។
  • យុវជនដែលទទួលបាននិទ្ទេស D និងE ដែលមានការខ្វះខាតប្រាក់ដើម្បីបន្តការសិក្សាទទួលបានប្រាក់កម្ចីសម្រាប់ការសិក្សាបន្ត។
  • យុវជនដែលប្រឡងធ្លាក់ត្រូវទទួលបានឱកាសនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជម្រុញឱ្យរាជរដ្ឋាភិបាលរៀបចំឱ្យមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈនៅគ្រប់ស្រុក ដើម្បីផ្តល់ឱកាសដល់យុវជនដែលធ្លាក់ ឬ ជាប់មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) អាចរៀនវិជ្ជាជីវៈច្បាស់លាស់មួយ តាមរយៈការសហការជាមួយវិស័យឯកជន និងស្ថាប័ន​រដ្ឋផ្សេង ដើម្បីផ្សារភ្ជាប់ជាមួយកម្មសិក្សា។

ការឧបត្ថម្ភជាអាហារូបករណ៍ដល់យុវជនដែលរៀនពូកែ ត្រូវបានចាត់ចែងដោយមានការចូលរួមពីវិស័យឯកជន និងថវិកាជាតិ។

រដ្ឋាភិបាលដែលដឹកនាំដោយ គបម នឹងអនុវត្តនូវគោលនយោបាយនេះឱ្យបានប្រសិទ្ធភាព ដើម្បីធានាឱ្យយុវជនខ្មែរគ្រប់រូបទទួលបានការអប់រំ និងការងារល្អ៕

Related Articles

Close