កិច្ចប្រជុំគណៈកម្មាធិការនាយកទី១គបមថ្ងៃទី១៤មករា

កិច្ចប្រជុំគណៈកម្មាធិការនាយកទី១គបមថ្ងៃទី១៤មករា

កិច្ចប្រជុំគណៈកម្មាធិការនាយកទី១គបមថ្ងៃទី១៤មករា

គណៈកម្មាធិការនាយកទី១គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យលើកិច្ចការងារសំខាន់ៗមួយចំនួនរបស់គណបក្ស នៅទីស្នាក់ការកណ្តាលរបស់គណបក្សស្ថិតក្នុងភូមិពោងពាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ ដែលមានតំណាងប្រជាពលរដ្ឋចំនួន១០ឃុំសង្កាត់ មកពីខេត្ត កំពង់ស្ពឺ កំពត តាកែវ និង រាជធានីភ្នំពេញ ក្រោមកិច្ចសម្របសម្រួលពីសមាជិក   បណ្តាញសង្គមខ្មែរដើម្បីខ្មែរ ដែល​មាន​គុណ​តម្លៃ​​ “សាមគ្គីភាព យុត្តិធម៌ អហិង្សា” និង ទស្សនវិស័យសំខាន់ក្នុងការកសាង​ប្រទេស​កម្ពុជាឲ្យ ប្រជាពលរដ្ឋរស់នៅមានជីវិតថ្លៃថ្នូរ  និង ប្រទេសជាតិមានអធិបតេយ្យ​ពេញលេញ

របៀបវារៈដែលបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនេះ មានការណែនាំសមាជិកគណៈកម្មាធិការយកថ្មីកំណត់ហេតុប្រជុំគណៈកម្មាធិការនាយកលើកមុន ស្ថានភាពនយោបាយ របាយការណ៍ពីគណៈកម្មាធិការប្រតិបត្តិគបម ការពិភាក្សាលើគោលនយោបាយជាតិបន្ថែម ផែនការរៀបចំបេក្ខជនតំណាងរាស្ត្រ២០១៨ និងផែនការថវិកា។ ក្នុងនោះក៏មានរបៀបវារៈមួយចំនួនផ្សេងទៀយដែលគណៈកម្មាធិការនាយកទី១ បានលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំនេះផងដែរ។

កិច្ចប្រជុំនេះគឺធ្វើឡើងក្រោមការសម្របសម្រួលពីលោកបណ្ឌិតយ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

នៅក្នុងការបោះឆ្នោតជាតិខាងមុខនេះគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានដាក់ចេញនូវគោលនយោបាយចម្បងចំនួនប្រាំ ឬហៅថា គោលនយោបាយ ស៥ រួមមាន៖

១. សេដ្ឋកិច្ច និងការងារ៖

* អ្នកជំនាញ ៥,០០០នាក់ ធ្វើការបម្រើកសិករគ្រប់ភូមិ ដើម្បីទទួលបានទឹក ទុន ទីផ្សារ និងបច្ចេកទេសកសិកម្មល្អ។

* កសិករ សហគ្រាសកែច្នៃ និងក្រុមហ៊ុននាំចេញកសិផល ត្រូវបានគាំទ្រពីរដ្ឋទាំងទុន ទីផ្សារ និងការអនុគ្រោះផ្សេងៗ ពិសេសទទួលបានទុន ដែលមានការប្រាក់ ៥% មួយឆ្នាំ ដើម្បីធ្វើការជំរុញផលិតផលក្នុងស្រុក។

* រាល់ការចុះបញ្ជីក្រុមហ៊ុន និងសហគ្រាសធ្វើតែមួយកន្លែង ហើយនៅត្រឹមតែក្រុង-ស្រុក-ខណ្ឌ និងក្រុមហ៊ុនបង្កើតដំបូង ត្រូវបានអនុគ្រោះពន្ធ ៥ឆ្នាំ។ យុវជន យុវនារី បង្កើតសហគ្រាសដោយខ្លួនឯង ទទួលបានទុនចំណងដៃ ៥លានរៀល។

២. សុខាភិបាល៖

* រៀបចំប្រព័ន្ធធានារ៉ាបរងការព្យាបាល និងថែទាំសុខភាពជាសកលសម្រាប់ខ្មែរគ្រប់រូប ដោយមានការចូលរួមទ្រទ្រង់ពីប្រជាពលរដ្ឋអាយុ១៨ឆ្នាំ ទៅ៦៥ឆ្នាំ តែ៥០០រៀលក្នុង១ខែ

* រៀបចំឱ្យមានមន្ទីរពេទ្យស្តង់ដារគន្ធបុប្ផា នៅគ្រប់ស្រុក ក្រុង ខណ្ឌ

* តាមរាជធានី ខេត្ត និងលើកស្ទួយសមត្ថភាព ព្រមទាំងគុណតម្លៃគ្រូពេទ្យ

* អនុវត្តឱ្យបាន ប្រកបដោយប្រសិទ្ធភាព នូវច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារ។

. សិក្សាធិការ និងយុវជន៖

* ឧបត្ថម្ភដល់យុវជនយុវនារី ​នូវប្រាក់កម្ចីចំនួន៥លានរៀល ក្នុងឆ្នាំ រយៈពេល៥ឆ្នាំសម្រាប់យកទៅបន្តការសិក្សាគ្រប់ជំនាញ និងគ្រប់កម្រិត

* រៀបចំឱ្យមានសាលាមត្តេយ្យល្អយ៉ាងតិច១ម៉ឺនភូមិ

* រៀបចំសាលារដ្ឋឱ្យមានស្តង់ដារ គុណភាពខ្ពស់ជាងសាលាឯកជនចាប់ពីមត្តេយ្យ ដល់សកលវិទ្យាល័យ តាមរយៈការលើកស្ទួយសមត្ថភាព និងគុណតម្លៃគ្រូបង្រៀនក្នុងការបណ្តុះកូនខ្មែរ

៤ សង្គមកិច្ច៖

* ស្ត្រីសម្រាលកូនម្តងទទួលបានការឧបត្ថម្ភពីរដ្ឋ៥០០០០រៀល

* ចាស់ជរាអាយុចាប់ពី៦៥ឆ្នាំឡើងទទួលបានឧបត្ថម្ភពីរដ្ឋចំនួន១៥ម៉ឺនរៀល

* កម្មករកម្មការិនីនៅពេលអត់ការងារធ្វើទទួលបានការឧបត្ថម្ភពីរដ្ឋ៥០ភាគរយ​ក្នុងរយៈពេល៥ខែ

៥ សេវាសាធារណៈ និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ គឺតំណាងរាស្ត្រល្អ មន្ត្រីល្អ និងពលរដ្ឋសកម្ម៕

 

 

 

Close