គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មានគោល​នយោបាយ​កាត់​បន្ថយ​ក្រសួង​រដ្ឋយ៉ាង​ច្រើន​ត្រឹម​១៥​

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មានគោល​នយោបាយ​កាត់​បន្ថយ​ក្រសួង​រដ្ឋយ៉ាង​ច្រើន​ត្រឹម​១៥​

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មានគោល​នយោបាយ​កាត់​បន្ថយ​ក្រសួង​រដ្ឋយ៉ាង​ច្រើន​ត្រឹម​១៥​

ភ្នំ​ពេញៈ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ដែលត្រៀម​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ ២០១៨ ​នេះ​ ​អះអាងថា​ គោលនយោបាយ​របស់ខ្លួន ​គឺ​កាត់បន្ថយ​ក្រសួង​របស់​រដ្ឋ​ មក​ត្រឹម​យ៉ាងច្រើន១៥ ​ប៉ុណ្ណោះ​ ដើម្បី​ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋ​លើ​ការងារ​មិនចាំបាច់។

លោក​សាម អ៊ី​ន អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​​ថា ​គោលនយោបាយ​របស់​គណ​បក្ស GDP បង្រួម​ក្រសួង​របស់រ​ដ្ឋ​ដែលមាន​ជិត ៣០ មក​ត្រឹម ១៥ ប៉ុណ្ណោះ​ ក្នុងដើម្បី​ធ្វើ​វិមជ្ឈការ​អំណាច និង​ធនធាន​ទៅ​ថ្នាក់ក្រោម​ជាតិ ជាពិសេស​ថ្នាក់ឃុំ-សង្កាត់ និង​ក្រុង-ស្រុក-ខណ្ឌ ដើម្បី​ដឹកនាំ​ការអភិវឌ្ឍនិង​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ការផ្តល់​សេវាសាធារណៈ​នៅ​មូលដ្ឋាន។

លោក​លើក​ឧទាហរណ៍ថា ខាង​ការងារ​បរិស្ថាន តំបន់​ការពារ អភិរក្ស​ធនធានធម្មជាតិ ហើយ​ដី​កសិកម្ម ដី​សម្បទាន​កសិកម្ម​អី​ជាដើម​ហ្នឹង វា​ជា​រឿង​មួយ​ដែល​វា​ទាក់ទង​គ្នា​ជិតស្និទ្ធ ហើ​យវា​ស្ថិតនៅ​ក្រសួង ២ ខុសគ្នា​អ៊ីចឹង ធ្វើ​ឲ្យ​ការងារ​សម្របសម្រួល ការចាត់ចែង ដំណើរការ​អត់​បានល្អ។

លោក​បន្ថែមថា ៖ «បើ​យើង​បង្រួម​ក្រសួង​ណា​ដែលមាន​កិច្ចការ​ទាក់ទង​គ្នាច្រើន មក​ក្រសួង​តែមួយ គឺ​វា​នឹង​ជួយ​សម្រួល​ឲ្យ​ការងារ​សម្របសម្រួល​ចាត់ចែង ទាក់ទង​រឿង​ហ្នឹង​វា​មាន​ភាពប្រសើរឡើង វា​មាន​ប្រសិទ្ធភាព​ខ្ពស់ជាង។ បញ្ហា​ទី ២ យើង​មិន​ចង់​ឲ្យ​ការចាយវាយ​ធនធាន​របស់​ជាតិ​ហ្នឹង​វា​ខ្ជះខ្ជាយ​ដោយ​ការបង្កើត​ក្រសួង​ជាច្រើន ដែលមាន​មនុស្ស​ជាច្រើន​ទទួលខុសត្រូវ​ដោយ​មិនចាំបាច់ ជាពិសេស​កំរិត រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុ​រដ្ឋលេខា​អីហ្នឹង​គឺជា​ការចាយវាយ​ធនធាន​ជាតិ បែប​ខ្ជះខ្ជាយ»។

ជាក់​ស្តែង​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងបរិស្ថាន ក្រសួង​ធនធានទឹក និង​ឧតុនិយម រួមទាំង​ក្រសួង​អភិវឌ្ឍន៍ជនបទ​ គួរ​ត្រូវបាន​បង្រួម​ជា​ក្រសួង​តែមួយ។

ទោះ​យ៉ាងណា លោក​សៅ សុភាព អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ​យល់ថា ​គណ​បក្ស​​នយោបាយ ​មាន​សិទ្ធិ​ក្នុងការ​លើកឡើង​ពី​គោលនយោបាយ​របស់ខ្លួន ប៉ុន្តែ​រាជរដ្ឋាភិបាល​គិតពី​ប្រសិទ្ធភាព និង​ផលប្រយោជន៍​សង្គម​ជា​អាទិភាព។

លោក​ថ្លែងថា៖«នេះ​ជា​ទស្សនៈ​របស់គាត់ គាត់​អាច​លើក​អ្វី​ក៏បាន​ដែរ​ព្រោះ​វា​ជា​ទស្សនៈ​របស់គាត់ ក៏ប៉ុន្តែ​រាជរដ្ឋាភិបាល​លោក​ថ្លឹងថ្លែង​ហើយ ថា​តើ​យន្តការ ឬ​រចនាសម្ព័ន្ធ​គ្រប់គ្រង​កិច្ចការ​របស់​រដ្ឋ​យ៉ាងម៉េច មាន​ប្រសិទ្ធភាព គឺ​រាជរដ្ឋាភិបាល​នឹង​អនុវត្ត​ទៅតាម​ការគិតគូរ​ថ្លឹង​ថ្លែង ប៉ុន្តែ​គាត់​មិនមែន​រដ្ឋាភិបាល គាត់​ថា​ម៉េច​ក៏បាន​ដែរ»៕

ប្រភពភ្នំពេញប៉ុស្តិ៍

Close