GDP អំពាវនាវ​ឲ្យ​ដោះ​លែង​លោក​ កឹម សុខា ​បាន​នៅ​ក្រៅ​ឃុំ

GDP អំពាវនាវ​ឲ្យ​ដោះ​លែង​លោក​ កឹម សុខា ​បាន​នៅ​ក្រៅ​ឃុំ

GDP អំពាវនាវ​ឲ្យ​ដោះ​លែង​លោក​ កឹម សុខា ​បាន​នៅ​ក្រៅ​ឃុំ

ភ្នំពេញៈ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ដែល​មាន​មេដឹកនាំ​មួយ​ចំនួន​ជា​អតីត​ថ្នាក់​ដឹក​នាំ​អង្គការ​សង្គម​ស៊ីវិ​ល និង​ដែល​ធ្លាប់​ប្រកាស​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ នៅ​កម្ពុជា​ឡើង​វិញ​ ក្រោយ​ពី​ការ​រំលាយ​គណបក្ស​ សង្គ្រោះជាតិ ​ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ បាន​ធ្វើ​ការ​​អំពាវនាវ​​ដ៏​ទទូច​​សូម​​ឲ្យ​រាជ​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដោះ​លែង​លោក កឹម សុខា ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ឬ​ក៏​ប្តូរ​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ ពន្ធនាគារ មក​ឃុំ​ខ្លួន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​វិញ ជាអ្វី​ដែល​មន្ត្រី​បក្ស​កាន់​អំណាច​ថា ជា​រឿង​ដែល​មិន​អាច​ទៅ​រួច។

លោក សាម អ៊ីន អគ្គលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន​ (GDP) ថ្លែង​ប្រាប់​កាសែត ភ្នំពេញ​ ប៉ុស្តិ៍​ កាល​ពី​ម្សិលមិញ​ថា គណបក្ស​របស់​លោក បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា។

GDP តាម​រយៈ​សេច​ក្ដី​អំពាវនាវ​របស់​ខ្លួន​មួយ​កាល​ពី​ថ្ងៃ​ទី​ ១១ ខែ​ ឧសភា ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម ព្រះ​មហាក្សត្រ នរោត្តម សីហមុនី គម្រប់ ៦៥ យាង​ចូល ៦៦ ព្រះវស្សា​ បាន «ស្នើ​សុំ​យ៉ាង​ទទូច​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដោយ​ក្នុង​រង្វង់​ហេតុ​ផល​មនុស្ស​ធម៌​ និង​បង្ក​បរិយាកាស​នយោបាយ​មុន​ការ​​បោះឆ្នោត​ ឲ្យ​បាន​ប្រសើរ​ឡើង​ អនុញ្ញាត​ឲ្យ លោក​ កឹម សុខា អាច​ស្ថិត​នៅ​ក្រៅ​ឃុំ ឬ​ត្រឹម​ការ​ឃុំឃាំង​ក្នុង​គេហដ្ឋាន ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលា​ការ»។

គណ​បក្ស​នេះ​ ក៏ស្នើឲ្យ​ពិចារណា​ លើក​លែង​ទោស ឬ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ ដល់​អ្នក​ទោស​មនសិការ​ និង​សកម្មជន​ដីធ្លី​មួយ​ចំនួន​ផ្សេង​ទៀត​​ផងដែរ។

លោក​ សាម អ៊ីន បន្ថែម​ថា ការ​អំពាវ​នាវ​របស់ GDP វា​ជួយ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​លើ​រឿង​នេះ​ ដើម្បី​ជួយ​សម្រួល​ឲ្យ​បរិយាកាស​នយោបាយ​ល្អ មុន​ការ​បោះ​ឆ្នោត​ ដែល​នឹង​ខិត​ជិត​មក​ដល់​ មាន​ភាព​ធូរស្រាល​ ប៉ុន្តែ មិន​មាន​ការ​រំពឹង​ទុក​ជា​មុន​យ៉ាង​​ណា​នោះ​ទេ​។

លោក​ថ្លែង​ថា​៖ «ជារួម វា​ជា​រូបភាព​មិន​សូវ​ល្អ​ ដែល​រដ្ឋាភិបាល​លោក​ចាប់​និង​ចោទ​ប្រកាន់​លោក កឹម សុខា​ ដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ជាង​ ៣ ​លាន​នាក់​ដែល​បោះឆ្នោត​គាំទ្រ​ [គណបក្ស​សង្គ្រោះ​ជាតិ]។ យើង​គិត​ថា​ ជារឿង​មិន​ល្អ​ហើយ​សម្រាប់​កិត្តិយស​ សេចក្ដី​ថ្លៃ​ថ្នូរ​​ប្រទេស​ជាតិ​ទាំង​មូល​លើ​ឆាក​អន្តរជាតិ»។

លោក​បន្ត​ថា៖ «បើ​សិន​ជា​រាជរដ្ឋាភិបាល អាច​ដោះ​លែង​លោក កឹម សុខា នោះ​វា​នឹង​ជួយ​សម្រាល​ដល់​ស្ថានការណ៍​នយោបាយ​និង​ជួយ​លើក​កម្ពស់​សេចក្ដី​ថ្លៃថ្នូរ​ មុខ​មាត់​ប្រទេស​ជាតិ»។

ប៉ុន្តែ លោក​ សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​បាន​ចាត់​ទុក​​ការ​​ស្នើ​សុំ​របស់ GDP ថា ជា​រឿង​ដែល​ «មិន​អាច​ទៅរួ​ច»។

លោក​ថ្លែង​ថា​៖​«យើង​គ្មាន​ច្បាប់ឃុំ​នៅក្នុង​ផ្ទះ​ដូច​ករណី​ភូមា ដែល​ធ្លាប់​ឃុំ​អ្នក​ស្រី​ អ៊ុងសាន ​ស៊ូជី​ ទេ។ ច្បាប់​យើង​វា​អត់​មាន​នីតិវិធី​ក៏អត់​មានដែរ​...វាមិន​អាច​ទៅ​រួចទេ​ មិន​បាន​តែ​ម្ដង​»។

លោក​បន្តថា ​កម្ពុជា ​គ្មាន​បរិយាកាស​នយោបាយ​ក្ដៅ​ ឬ​អាប់​អួ​អ្វី ដែល​ចាំ​បាច់​ត្រូវ​បង្ក​បរិយាកាស​មុន​ការ​បោះ​ឆ្នោត​អ្វី​នោះ​ទេ។ លោក​ថ្លែង​ថា៖«គេ​ធ្វើ​តែ​តាម​នីតិវិធី​ច្បាប់​»។

លោក កឹម សុខា ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ កាល​ពី​ខែ​ កញ្ញា ​ឆ្នាំ​មុន ក្រោម​ការ​ចោទ​ប្រកាន់​ដ៏​ចម្រូង​ចម្រាសពី​បទ​ «ក្បត់ជាតិ» ជា​បទ​ចោទ​ដែល​មជ្ឈដ្ឋាន​ជាតិ​ និង ​អន្តរជាតិ​ជា​ច្រើន​ចាត់​ទុក​ថា ជា​រឿង​នយោ​បាយ ហើយ​បាន​ធ្វើ​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំងមក​លើ​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន នេះ និង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ នៅ​ក្នុង​ខែ​វិច្ឆិកា។

លោក Phil Robertson អនុប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី​ ថ្លែងថា​ ផ្លូវ​តែ​មួយ​គត់​ ដែល​អាច​ធ្វើ​ឲ្យ​​មាន​ការ​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​ នៅ​ខែ កក្កដា ខាង​មុខ គឺ​ត្រូវ​ដោះ​លែង​លោក សុខា ភ្លាមៗ ដោយ​​មិន​មាន​លក្ខខណ្ឌ​អ្វី​ទាំងអស់ ហើយ​​ត្រូវ​​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ចូល​រួម​ប្រកួត​ប្រជែង​ដោយ​សេរី​ នៅ​​ក្នុង​ការ​បោះឆ្នោត​នេះ។

លោក Phil Robertson បន្ត​ថា៖ «ឱកាស​ដែល​រដ្ឋាភិបាល​ដោះលែង​លោក​គឺ​សូន្យ​ភាគ​រយ​ ក៏ប៉ុន្តែ គណបក្ស GDP ដ៏ក្លា​ហាន​ សម​នឹង​ទទួល​បាន​ការ​ទទួល​ស្គាល់​ ចំពោះ​ការ​ទាមទារ​រដ្ឋាភិបាល​ឲ្យ​ធ្វើ​បែបនេះ។ ស្រដៀង​គ្នា​នេះ​ដែរ ខណៈអាច​នឹង​មាន​ការ​ជ្រៀត​ជ្រែក​ពី​អង្គការ​មនុស្ស​ធម៌​ឲ្យ​ដោះ​លែង​លោក កឹម សុខា ឲ្យ​នៅ​ក្រៅឃុំ ក្រោយ​ពី​បង់​ប្រាក់​ធានា ដើម្បី​លោក​អាច​ជួប​ជុំ​ជាមួយ​នឹង​ក្រុម​គ្រួសារ​វិញ ​ពុំ​មាន​ការ​អនុវត្ត​គ្រប់គ្រាន់​ ដើម្បី​ស្តារ​ឡើង​វិញ ​នូវ​ការ​ទទួល​ស្គាល់ ​នៃ​ការ​បោះ​ឆ្នោត​ ដែល​កំពុង​តែ​ខិត​ចូល​មក​ដល់​នោះ​ទេ»។

ជា​មួយ​គ្នា​នេះ​ដែរ លោក សាម អ៊ីន បាន​សរសេរ​បង្ហោះ​ នៅ​ក្នុង​ ហ្វេសប៊ុក​របស់​លោក​ ដែល​ហាក់​បី​ដូច​ជា​ ចំអក​ទៅ​លោក សម រង្ស៊ី អតីត​ប្រធាន​​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ថា អ្នក​ប្រយុទ្ធ​ពិត​ប្រាកដ មាន​លោក​ បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ ដែល​មាន​មនុស្ស​ច្រើន​កុះករ លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ ក្នុង​ពន្ធនាការ លោក យ៉េង វីរៈ ប្រធាន​គណបក្ស GDP និងលោក ​បណ្ឌិត យ៉ង សាំង​កុមារ ប្រធាន​គណៈកម្មាធិការនាយកគណបក្ស​ GDP គឺជា​អ្នក​ប្រយុទ្ធ​ពិត​ប្រាកដ​ ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក​បាន​សរសេរ​ ដោយ​មាន​ភ្ជាប់​រូប​ថត ឥស្សរជន​ទាំង ៤ រូប​នេះ​ថា​៖«អ្នក​ប្រយុទ្ធ​ពិត​ប្រាកដ​ មាន​ស្មារតី​ស្វិត​ស្វាញ មិន​រាថយ មិន​រត់​គេច​ ហើយ​មាន​ទឹក​ចិត្ត​អត់​ធ្មត់ និង​អត់​ឱន​ដ៏​ខ្ពង់ខ្ពស់​។ ធម្មជាតិ​នៃ​ភាព​ជោគ​ជ័យ​ តែង​រត់​សំដៅ​ទៅ​រក​អ្នក​ប្រយុទ្ធ​ពិត​ប្រាកដ»។

ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ស្និទ្ធ​នឹង​លោក​កឹម សុខា លោក​ មុត ចន្ថា ចូល​មក​​ប្រតិកម្ម​វិញ​ថា​៖«កុំ​ប្រឹង​លើក​ពេក​អី ហើយ​ក៏​កុំ​ព្យាយាម​ភ្ជាប់​អ្នក​ផ្សេង ដើម្បី​បាន​ទម្ងន់​អី​។ ខិត​ខំប្រឹង​កសាង​គុណ-​សម្បត្តិ​ដោយ​ខ្លួន​ឯង​ទៅ។ បើ​អាច​ចៀស​បាន​ គួរ​កុំ​ភ្ជាប់​ជាមួយ​លោក​បណ្ឌិត កែម ឡី ទុកឲ្យ​ដួង​វិញ្ញាណក្ខន្ធ​លោក ​នៅ​ឲ្យ​បាន​ស្ងប់​ផង​ទៅ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Related Articles

Close