បក្សមូលដ្ឋានដាក់ញត្តិទៅរដ្ឋសភាសុំជួយអន្តរាគមន៍រឿងលុបបឹង«តាមោក»

បក្សមូលដ្ឋានដាក់ញត្តិទៅរដ្ឋសភាសុំជួយអន្តរាគមន៍រឿងលុបបឹង«តាមោក»

 

គណបក្សប្រជាធិបតេយ្យមូលដ្ឋានដឹកនាំដោយលោកយ៉េង វីរៈ ប្រធានគណបក្សនៅថ្ងៃទី១១ មិថុនានេះ បានដឹកនាំក្រុមការងារមួយក្រុមនាំញត្តិទៅដាក់នៅរដ្ឋសភា ដើម្បីឱ្យស្ថាប័ននីតិបញ្ញត្តិមួយនេះ ជួយអន្តរាគមន៍រឿងលុបបឹងតាមោក។ញត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវបានរដ្ឋសភាទទួលយកហើយ តែមិនទាន់កំណត់ថ្ងៃឆ្លើយតបនៅឡើយទេ។

ដូចការគ្រោងទុកនៅថ្ងៃទី១១ មិថុនានេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានដឹកនាំដោយលោកយ៉េង វីរៈ ប្រធានគណបក្ស បានដឹកនាំក្រុមការងារចំនួន៦នាក់ នាំញត្តិទៅដាក់នៅរដ្ឋសភាជាតិ ដើម្បីឱ្យស្ថាប័ននីតិបញ្ញត្តិមួយនេះ ជួយអន្តរាគមន៍រឿងលុបបឹងតាមោក ជាបឹងធម្មជាតិដ៏ស្រស់ស្អាតនៅរាជធានីភ្នំពេញ។

មូលហេតុនៃការដាក់ញត្តិសុំអន្តរាគមន៍ លោក យ៉េង វីរៈប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ពន្យល់ថា ដោយសារតែគណបក្សរបស់លោក និង ប្រជាពលរដ្ឋមួយចំនួនមានការបារម្ភខ្លាចបឹងតាមោកមានវាសនាដូចបឹងកក់ ព្រោះថាកន្លងមករដ្ឋាភិបាលបានចេញនូវសេចក្តីជូនដំណឹងស្តីពី ការយកដីបឹងចំនូន២០ហិតា ដើម្បីសាងសង់ផ្សារបន្លែ និង ចំណត់រថយន្ត។តាមការស្រាវជ្រាវរបស់គណបក្ស ប្រជាពលរដ្ឋកម្ពុជាភាគច្រើន មិនចង់ឱ្យរដ្ឋាភិបាលកម្ពុជាលុបបឹងតាមោកនោះទេ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ធ្លាប់ធ្វើសេចក្តីសន្និដ្ឋានខ្លីថា ការវិវត្តជាក់ស្តែង និង ការប្រមើលមើលទៅមុខ បឹងតាមោកអាចនឹងលុបជាបណ្តើរៗតាមអ្វីដែលគេហៅថា ការអភិវឌ្ឍផ្សេងៗ ជាមួយជំហានដំបូង គឺការអភិវឌ្ឍផ្សារបន្លែជាមួយផ្ទៃដី ២០ហិកតា។បើតាមបក្សមូលដ្ឋាន ពិនិត្យឃើញថា បច្ចុប្បន្នគេឃើញមានការធ្វើផ្លូវស្ទើរកាត់ពាក់កណ្តាលបឹង ដែលយើងអាចសន្និដ្ឋានបានថា យ៉ាងហោចណាស់ដីបឹងពាក់កណ្តាលនឹងត្រូវលុប។ហើយដីបឹងអាចត្រូវលុបទាំងស្រុងនៅពេលក្រោយ ជាពិសេសពេលតម្លៃដីកាន់តែឡើងថ្លៃ។

គួរបញ្ជាក់ថា បឹងតាមោក ជាបឹងដ៏ស្រស់ស្អាតចុងក្រោយនៅទីក្រុងភ្នំពេញ។បឹងនេះជាសម្បត្តិសាធារណៈរបស់រដ្ឋដែលមានផ្ទៃក្រឡាប្រមាណជា ៣,២៣៩.៧ ហិកតា។រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីឆ្នាំ២០១៨ បានសម្រេចផ្តល់ដីបឹងតាមោក ដែលជាបឹងធម្មជាតិក្នុងសង្កាត់ព្រែកព្នៅឱ្យទៅសាលារាជធានីភ្នំពេញចំនួន២០ហិកតា ដើម្បីសង់ផ្សារផ្គត់ផ្គង់បន្លែ និងចំណតរថយន្ត។

ការកាត់ដីបឹងធម្មជាតិ ដើម្បីបង្កើតជាទីផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និង ជាចំណតរថយន្តនេះ បានរងការរិះគន់យ៉ាងខ្លាំងពីពលរដ្ឋក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់សន្យាថា នឹងទុកបឹងធម្មជាតិមួយនេះទៅតាមសំណើរបស់អ្នកចម្រៀងមាស សុខសោភា។ កញ្ញា មាស សុខសោភា បានស្នើលោកហ៊ុន សែន ដោយផ្ទាល់ សូមកុំឲ្យមានការលុបបឹងតាមោក ដើម្បីរក្សាបឹងទុកជាកន្លែងស្តុកទឹកសម្រាប់រាជធានីភ្នំពេញ។ លោកនាយករដ្ឋមន្រ្តី បានឆ្លើយតបទៅកញ្ញាមាស សុខសោភា វិញថា លោកគាំទ្រ និងថា រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ក្នុងការថែរក្សាបឹងនោះ៕

ប្រភព៖ VAYO

 

Close