គណបក្សមូលដ្ឋានជំរុញឱ្យដោះលែងលោក កឹម សុខា

គណបក្សមូលដ្ឋានជំរុញឱ្យដោះលែងលោក កឹម សុខា

ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន​ជំរុញឱ្យរដ្ឋាភិបាលដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំក្នុងផ្ទះ និងពង្រឹងការគោរពសិទ្ធិមនុស្សឡើងវិញ ដើម្បីបញ្ចៀសសម្ពាធផ្សេងៗ។​

នៅក្នុងពិធីរំឭកខួប៤ឆ្នាំរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅថ្ងៃនេះ​លោក យ៉េង វីរៈ​ថ្លែងថា លោកស្វាគមន៍ចំពោះការចរចាស្វែងរកដំណោះស្រាយរវាងកម្ពុជា និងភាគីសហភាពអឺរ៉ុប ដើម្បីឱ្យកម្ពុជានៅតែរក្សាបានប្រព័ន្ធអនុគ្រោះពន្ធ។​

លោក យ៉េង វីរៈ ក៏បានជំរុញឱ្យរដ្ឋាភិបាលដោះលែងលោក កឹម សុខា ដែលកំពុងជាប់ឃុំនៅក្នុងផ្ទះឱ្យមានសេរីភាពឡើងវិញ និងពង្រឹងការគោរពសិទ្ធិមនុស្ស ដើម្បីជៀសវាងការដាក់សម្ពាធផ្សេងៗពីអន្តរជាតិ និង រក្សាការងារសម្រាប់ប្រជាជន។​

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនលោកកឹម សុខា ទាំងកណ្តាលយប់កាលពីដើមខែកញ្ញា ឆ្នាំ២០១៧យកទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំនៅជិតព្រំដែនវៀតណាម ហើយក្រោយមកដូរមកឃុំនៅក្នុងផ្ទះនៅភ្នំពេញវិញ។​

ទាក់ទងប្រព័ន្ធអនុគ្រោះពន្ធ(EBA)គឺចាប់តាំងពីខែកុម្ភឆ្នាំ២០១៩មក សហភាពអឺរ៉ុបចាប់ផ្តើមដំណើរការនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធនេះ ពីកម្ពុជា ដោយចោទថា មានការរំលោភសិទ្ធិមនុស្ស និង សិទ្ធិនយោបាយធ្ងន់ធ្ងរ។​

 

 

Close