មេរៀនប្រវត្តិសាស្ត្រសង្ខេប (១៧ វិច្ឆិកា ១៩៤៦ ថ្ងៃសៀមប្រគល់ខេត្តខ្មែរឱ្យបារាំងគ្រប់គ្រង)

មេរៀនប្រវត្តិសាស្ត្រសង្ខេប (១៧ វិច្ឆិកា ១៩៤៦ ថ្ងៃសៀមប្រគល់ខេត្តខ្មែរឱ្យបារាំងគ្រប់គ្រង)

 

១៧ វិច្ឆិកា ១៩៤៦ (Franco-Siamese Agreement) ជាថ្ងៃដែលសៀមចុះសន្ធិសញ្ញាប្រគល់ខេត្តទាំង៣ របស់ខ្មែរ និងខេត្តមួយរបស់ឡាវមកក្រោមការគ្រប់គ្រងរបស់បារាំងវិញ ដែលឆ្នាំ១៩៤១ ជប៉ុនបានប្រគល់ឱ្យសៀមតាមសន្ធិសញ្ញាទីក្រុងតូក្យូ ថ្ងៃ៩ ឧសភា ឆ្នាំ១៩៤១។ ប៉ុន្តែក្រោយមកជប៉ុនចាញ់សង្គ្រាមលោកលើកទី២ ជាពិសេសក្រោយអាមេរិកទម្លាក់គ្រាប់បែកបរិមាណូនៅជប៉ុននៅថ្ងៃ៦ សីហា ១៩៤៥ (ជប៉ុនសុំចុះចាញ់នៅថ្ងៃ១៥សីហា១៩៤៥)។

ប្រទេសដែលចងជាសម្ព័ន្ធភាពប្រយុទ្ធជាមួយអាល្លឺម៉ង ជប៉ុន អ៊ីតាលី ទទួលបានជ័យជំនះដែលក្នុងនោះមានមហាអំណាចយោធាអាមេរិក អង់គ្លេស សហភាពសូវៀត។ បារាំងក៏ជាសមាជិកសម្ព័ន្ធភាពដែរហើយជាដៃគូអាមេរិក និងអងគ្លេស តែពេលនោះប្រទេសសៀមបានងាកទៅរកជប៉ុន។

ប្រទេសជាសម្ព័ន្ធភាពបានបង្កើតអង្គការសហប្រជាជាតិជាផ្លូវការនៅថ្ងៃទី ២៤ តុលា ១៩៤៥ ដែលមាន៥១ប្រទេសជាសមាជិក។ បារាំងដែលជាសមាជិកអចិន្រ្តៃបានគំរាមមិនឱ្យសៀមចូលជាសមាជិកអង្គការសហប្រជាជាតិទេបើមិនប្រគល់ខេត្តខ្មែរ និងឡាវមកក្រោមការគ្រប់គ្រងរបស់បារាំងវិញ។ ទីបំផុតនៅថ្ងៃទី១៨តុលា ១៩៤៦ រដ្ឋាភិបាលសៀមយល់ព្រមតាមបារាំង រហូតដល់ឈានដល់ការចុះកិច្ចព្រមព្រៀងផ្លូវការថ្ងៃ១៧ខែវិច្ឆិកា ឆ្នាំ១៩៤៦ នៅទីក្រុងវ៉ាស៊ីនតោន។ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៤៦ សៀមបានក្លាយជាសមាជិកអង្គការសហប្រជាជាតិ៕

Close