ធនាគារអភិវឌ្ឍន៍ជនបទត្រូវមានលុយយ៉ាងតិច២០០លានដុល្លារក្នុងដៃ ដើម្បីរក្សាលំនឹងស្រូវអង្ករកម្ពុជា

ធនាគារអភិវឌ្ឍន៍ជនបទត្រូវមានលុយយ៉ាងតិច២០០លានដុល្លារក្នុងដៃ ដើម្បីរក្សាលំនឹងស្រូវអង្ករកម្ពុជា

 

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ស្វាគមន៍ចំពោះរដ្ឋាភិបាលដែលបានទម្លាក់លុយ៥០លានដុល្លារទៅឱ្យធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីរក្សាលំនឹងវិស័យស្រូវអង្ករកម្ពុជា បើទោះជានៅមានកម្រិតតិច ប៉ុន្តែជាការចាប់ផ្តើមមួយដ៏ល្អ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋានយល់ឃើញថា នាពេលបច្ចុប្បន្នធនាគារអភិវឌ្ឍន៍ជនបទត្រូវមានលុយយ៉ាងតិច២០០លានដុល្លារដើម្បីទម្លាក់ទៅឱ្យអ្នករកស៊ីក្នុងវិស័យស្រូវអង្ករកម្ពុជា ដោយលុយចាស់ដែលធនាគារនេះមានក្នុងដៃស្រាប់ចំនួន៥០លានដុល្លារ ហើយលុយថ្មីដែលរដ្ឋាភិបាលក្រាសថានឹងទម្លាក់លុយចំនួន៥០លានដុល្លារបន្ថែមទៀតទៅឱ្យធនាគារអភិវឌ្ឍន៍ជនបទ ដែលសរុបមានចំនួន១០០លានដុល្លារ ដូចនេះធនាគារអភិវឌ្ឍន៍ជនបទនៅខ្វះលុយចំនួន១០០លានដុល្លារទៀត ដើម្បីទម្លាប់ឱ្យបានគ្រប់គ្រាន់។

ជាមួយគ្នានេះគណបក្សប្រជាធិបតេយ្យមូលដ្ឋានទាមទារឱ្យមានការបែងចែងលុយនោះប្រកបដោយតម្លាភាព ទៅដល់រោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិកម្មអ្នករកស៊ីលើវិស័យស្រូវអង្ករ ក្នុងកម្រិតអត្រាកាប្រាក់ទាប។

ទន្ទឹមនឹងនេះដែរគណបក្សប្រជាធិបតេយ្យមូលដ្ឋានក៏សាទរ ដែលរដ្ឋាភិបាលបានធ្វើបច្ចុប្បន្នភាពធនាគារអភិវឌ្ឍន៍ជនបទ ឱ្យទៅជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

គោលនយោបាយរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលមានសរសេរនៅក្នុងសៀវភៅបៃតងត្រង់ប្រការ១៦ ថារាជរដ្ឋាភិបាល(ដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន)រៀបចំឱ្យមានកម្មវិធីឥណទានកសិកម្មជាតិ ដើម្បីផ្តល់ទុនកម្ចីដល់សហគមន៍កសិករអ្នកផលិត ដែលឥនណទាននេះមានការប្រាក់តែ២%ក្នុង១ឆ្នាំ។ សហគមន៍អាចប្រើប្រាស់ទុនកម្ចីនេះ ដើម្បីកសាងឃ្លាំងស្តុកកសិផល កន្លែងប្រមូលផ្តុំ និងសម្ងួត រថយន្តដឹកកសិផលពីសមាជិក។ សហគមន៍ក៏ប្រើប្រាស់ទុននេះ ដើម្បីផ្តល់កម្ចីបន្តដល់សមាជិក ដោយបរិមាណកម្ចីសម្រាប់សមាជិកម្នាក់ អាចរហូតដល់ ២៥លានរៀល ក្នុងអត្រាកាប្រាក់ ០,៥%ក្នុង១ខែ (៦%ក្នុង១ឆ្នាំ) ហើយរយៈពេលសងអាចរហូតដល់៥ឆ្នាំ៕

Close