សេចក្តីថ្លែងការណ៍ ស្តីពី សោកនាដកម្មបាក់រលំអគារនៅខេត្តកែប

សេចក្តីថ្លែងការណ៍ ស្តីពី សោកនាដកម្មបាក់រលំអគារនៅខេត្តកែប

ជុំវិញសោកនាដកម្មបាក់អគារខេត្តកែប តាមព័ត៌មានដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) នៅថ្ងៃនេះបានឱ្យដឹងថា ជនរងគ្រោះនៅក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តកែបមានការ កើនឡើងរហូតដល់ទៅ៥៩នាក់ ក្នុងនោះអ្នកស្លាប់មានដល់ទៅ៣៦នាក់។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានការរន្ធត់ និងសោកស្តាយជាទីបំផុតចំពោះសោកនាដកម្ម នេះដ៏អាក្រក់នេះ។

ក្នុងនាមប្រជាពលរដ្ឋ និងគណបក្សនយោបាយ គណបក្សប្រជាធិបតេយ្យ មូលដ្ឋានទាមទារឱ្យរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បង្ហាញនូវការទទួលខុស ត្រូវជាក់លាក់ចំពោះអ្វីដែលបានកើតឡើងក្នុងសោកនាដកម្មបាក់រលំអគារនាពេលនេះ ជាពិសេស ទៅលើជនរងគ្រោះ និងគ្រួសារជនរងគ្រោះ ព្រមទាំងចាត់វិធានការណ៍ជាក់លាក់ដើម្បីការពារកុំឱ្យ មានបញ្ហាបន្តទៀត។ វិធានការណ៍ទាំងនោះរួមមាន៖

  1. ត្រូវចាត់វិធានការណ៍ទៅលើម្ចាស់ទីតាំងសំណង់ និងមន្ត្រីអ្នកទទួលខុសត្រូវចំពោះគម្រោង សំណង់។ មន្ត្រីពាក់ព័ន្ធ ត្រូវតែដកតំណែង និងអនុវត្តទោសទណ្ឌទៅតាមលំដាប់ថ្នាក់តួនាទី និងការទទួលខុសត្រូវ។
  2. បង្ហាញពីវិធានការណ៍ជាក់លាក់ ដើម្បីកែលម្អចំណុចខ្វះខាតកន្លងមក ពាក់ព័ន្ធនឹងការងារ គ្រប់គ្រងសុវត្ថិភាពគម្រោងសំណង់។
  3. តម្រូវឱ្យមានការអនុវត្តពេញលេញនូវ«គោលនយោបាយធានារ៉ាប់រងការសាងសង់» លើ គម្រោងសំណង់ធំៗទាំងអស់។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) សង្ឃឹមថា ឆ្នាំនេះ និងបន្តបន្ទាប់ទៀតនឹងមិនមានរឿង រ៉ាវសោកនាដកម្មបែបនេះកើតឡើងនៅក្នុងដែនដីព្រះរាជាណាចក្រមួយនេះទៀតឡើយ៕

Close