ការចាត់ចែងមន្ត្រីជាសិទ្ធិរបស់នាយករដ្ឋមន្ត្រី តែសិទ្ធិឱ្យនាយករដ្ឋមន្ត្រីបន្តកាន់ដំណែងជាសិទ្ធិរបស់​ប្រជាពលរដ្ឋ

ការចាត់ចែងមន្ត្រីជាសិទ្ធិរបស់នាយករដ្ឋមន្ត្រី តែសិទ្ធិឱ្យនាយករដ្ឋមន្ត្រីបន្តកាន់ដំណែងជាសិទ្ធិរបស់​ប្រជាពលរដ្ឋ

 

ករណីបាក់រលំអគារគម្រោងសំណង់នៅខេត្តកែប បានក្លាយជាព្រឹត្តិការណ៍ដ៏គួរឱ្យរន្ធត់ នាដើមឆ្នាំ ២០២០ ក្នុងប្រទេសកម្ពុជា។ ឆ្លងពីព្រឹត្តិការណ៍ដែលធ្លាប់កើតឡើងនៅខេត្ត ព្រះសីហនុ រហូតដល់​ខេត្តកែបនេះ យើងមើលឃើញពីចំណុចជាច្រើនដែលរដ្ឋាភិបាល ត្រូវពិចារណាដើម្បីពង្រឹងគោល នយោបាយដោះ​ស្រាយបញ្ហា ដែលក្នុងនោះមាន៖

១. ទំនួលខុសត្រូវលើវិជ្ជាជីវៈរបស់មន្ត្រីជំនាញ កង្វះប្រព័ន្ធត្រួតពិនិត្យសកម្មភាពការ ងារសាងសង់ នៅការដ្ឋាន និងខ្វះការវាយតម្លៃពីមន្ត្រីរដ្ឋ ចំពោះការងារសាងសង់ ជាដើមចមនៃបញ្ហា។

២. តើអំពើពុករលួយ មានការពាក់ព័ន្ធក្នុងដំណើរការសាងសង់តាំងពីការរៀបចំ ឯកសារដាក់ពាក្យសុំ រហូតដល់ការត្រួតពិនិត្យសកម្មភាពសាងសង់ប្រចាំថ្ងែ កម្រិតណាដែរ? ព្រឹត្តិការណ៍នេះ បានបង្ហាញ​ឱ្យឃើញថាការផ្តល់សេវាសាធារណៈផ្នែក ការងារសំណង់ និងការរៀបចំដែនដី នៅខ្វះខាតខ្លាំង។ ជាទូទៅបើការអនុវត្តសេវាសាធារណៈអន់ថយ នោះការរីកចម្រើនរបស់សង្គមជាតិទាំងមូលក៏ត្រូវ​អន់ថយ​ទៅតាមហ្នឹងដែរ។ អំពើពុករលួយបានធ្វើឱ្យជីវិតមនុស្សលែងមានតម្លៃនៅក្នុងកែវភ្នែករបស់ ពួកមន្ត្រីដែលពុករលួយមួយចំនួន។

៣. ទំនួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំរបស់មន្ត្រីរដ្ឋបាលសាធារណៈ នៅតែចោទជា​ សំនួរនៅឡើយ តើពួកគាត់គួរលាលែង ឬត្រូវបានដកតំណែង ឆ្លុះបញ្ចាំងពី សមត្ថភាពចាត់ចែងដឹកនាំសកម្មភាព​អភិវឌ្ឍមូលដ្ឋាន ដោយមិនឱ្យខ្មែរបាត់បង់ជីវិត ដោយសារភាពខ្វះចន្លោះក្នុងការងារដឹកនាំប្រចាំថ្ងៃ​របស់​ខ្លួន។

ជាសរុបយើងនៅតែទទូចឱ្យមានការទទួលខុសត្រូវពីសំណាក់មន្ត្រីក្នុងតំណែងរដ្ឋបាលសាធារណៈ និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធការងារសំណង់ និងការងាររៀបចំដែនដី។ ការសម្រេចចិត្តដក ឬ មិនដកតំណែងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធនឹងការបាក់រលំអគារនៅខេត្តកែបជាការទទួលខុសត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល។ ប៉ុន្តែការផ្តល់សិទ្ធិអំណាចក្នុងការដឹកនាំ ប្រទេសជា សិទ្ធិរបស់ប្រជាពលរដ្ឋតាមរយៈ ការបោះឆ្នោតរៀងរាល់ ៥ឆ្នាំម្តង៕

Close