អ្វីដែលយើងគួរយល់ដឹងទាក់ទងការផ្ទុះជំងឺកូរ៉ូណាថ្មី?

 

ជំងឺវីរុសកូរ៉ូណាថ្មី ដែលចាប់ផ្តើមឆ្លងពីបុរសជនជាតិចិនម្នាក់នៅទីក្រុងវូហាន (Wu Han) កាលពី ដើមខែធ្នូ ២០១៩ បានរាល់ដាលដល់គ្រប់ខេត្ត និងតំបន់នៃប្រទេសចិន និងឈានទៅដល់ជាង ១៦ ប្រទេសលើពិភពលោកហើយបើគិតត្រឹមព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

ដោយសារជំងឺនេះចេញពីទីក្រុងវូហាន គេក៏ហៅថាកូរ៉ូណាវូហាន (ឈ្មោះផ្លូវការ 2019-nCoV)។ វីរុសកូរ៉ូណាថ្មីនេះ ឆ្លងពីមនុស្សទៅមនុស្ស។ ជាសរុបមកដល់ពេលនេះចំនួន អ្នកឆ្លងមានចំនួន ៧៣៤៤នាក់ហើយ ចំនួនអ្នកឆ្លងនៅចិនមានចំនួន ៧២៥១នាក់ គឺលើស ចំនួនអ្នកឆ្លងជំងឺ SARS កាលពីឆ្នាំ ២០០២/ ២០០៣។

ករណីស្លាប់ទី១ នៅវូហាន គឺនៅថ្ងៃទី១១ មករា ឆ្នាំ២០២០។ គិតមកដល់ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ចំនួនអ្នកស្លាប់កើនដល់ ១៧០នាក់។ អត្រាភាគរយអ្នកស្លាប់ធៀប ជាមួយអ្នកឆ្លងគឺ ប្រហែល ៣% នៅទាបជាងអត្រាភាគរយស្លាប់ដោយជំងឺ​ SARS (អត្រាភាគរយស្លាប់ដោយ SARS គឺ ១០%) អ្នកស្លាប់ទាំងអស់ គឺមានតែនៅប្រទេសចិន ទេ។ ក្នុងចំណោមអ្នកឆ្លង ក៏មានអ្នកត្រូវ បានព្យាបាលជាវិញដែរ។

សូមបញ្ជាក់ផងដែរថាមកដល់ពេលនេះ មិនទាន់មានការរកឃើញវ៉ាក់សាំង និងថ្នាំព្យា បាលវីរុស កូរូណាថ្មី (2019-nCoV)នោះទេ។

ការប្រៀបធៀបកូរូណាថ្មី 2019-nCoV ជាមួយវីរុសផ្សេងទៀត
ជំងឺ ឆ្នាំ ករណីឆ្លង ករណីស្លាប់ អត្រាស្លាប់ធៀបឆ្លង
2019-nCoV 2020 7894 170 2,15%
SARS 2003 8098 747 9,60%
MERS 2012 2494 858 24,40%
Ebola 1974 34453 15158 43,90%
ប្រភព៖ SCMP 30/01/2020

2019-nCoV គិតត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០

ទោះបីជាការឆ្លងឈានដល់ចំនួនជិត ៨០០០នាក់ និងជាង​១៦ប្រទេស អង្គការ WHO មិនទាន់ មានការធ្វើប្រកាសអំពីភាពអាសន្នសុខភាពពិភពលោក​ (Global Health Emergency)។ តែអង្គការ WHO នឹងជួបប្រជុំថ្ងៃព្រហស្បត្តិនេះ​ ដើម្បីសម្រេចទាក់ទង រឿងនេះ។ ប្រធានាធិបតី ចិន ក៏បានសន្យាថា នឹងសហការជាមួយWHO និងធានាឱ្យមាន តម្លាភាពទាក់ទងនឹងបញ្ហា វីរុសកូរូណាថ្មី។

បញ្ហាសំខាន់មួយ គឺរយៈពេលឆ្លងដំបូងទៅដល់ការចេញរោគសញ្ញា (Incubation Period) មានពី ២ ទៅ ១០ថ្ងៃ តាមការអះអាងរបស់អង្គការសុខភាពពិភពលោក (WHO)។ តែជាទូទៅគេកំណត់ រយៈពេល១៤ថ្ងៃសម្រាប់ទុកអ្នកជំងឺដែលសង្ស័យថាមានផ្ទុកមេរោគ នេះដើម្បីតាមដានមុនសន្និដ្ឋាន ថាឆ្លង ឬមិនឆ្លង។ រោគសញ្ញាសំខាន់ នៃជំងឺនេះ គឺគ្រុនក្តៅ ក្អក និងថប់ដង្ហើម។ល។

ដើម្បីការពារកុំឱ្យមានការឆ្លង រដ្ឋាភិបាលចិនបានបិទទីក្រុងវូហាន ជាពិសេសបិទការធ្វើ ដំណើរ ចេញចូលទាំងផ្លូវគោក ផ្លូវអាកាស នៅថ្ងៃទី២៣ មករា ឆ្នាំ២០២០។ ក៏ប៉ុន្តែការបិទនេះរាងយឺត ពេលបន្តិចពីព្រោះក្រោយពេលមានកើតករណីវីរុសកូរ៉ូណា ប្រជាជនវូហានប្រមាណ ៥លាន នាក់ (នៃ ១១លាននាក់) បានចាកចេញរួចហើយ ទៅកាន់ខេត្តផ្សេងៗ និងប្រទេសដទៃផ្សេង ក្នុងនោះមានមកកម្ពុជាប្រមាណ ៣០០០នាក់ ដែរ។

ប្រទេសមួយចំនួន ចាប់ផ្តើមដឹកជញ្ជូនប្រជាពលរដ្ឋខ្លួនចេញពីទីក្រុងវូហានហើយ ដែលមានដូច ជាប្រទេសជប៉ុន សហរដ្ឋអាមេរិច និងប្រទេសខ្លះទៀតក៏ត្រៀមយន្តហោះទៅដឹក ប្រជាពលរដ្ឋ របស់គេដែរ។

ក្រុមហ៊ុនយន្តហោះមួយចំនួនរបស់ប្រទេសអង់គ្លេស អាល្លឺម៉ង់ កូរ៉េខាងត្បូង វៀតណាម ម៉ាឡេស៊ី និងឥណ្ឌាជាដើមបានផ្អាកជើងហោះទៅប្រទេសចិនមួយរយៈ៕

Close