ការអំពាវនាវរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចំពោះវិធានការទប់ស្កាត់កូរ៉ូណាវីរុស

ការអំពាវនាវរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចំពោះវិធានការទប់ស្កាត់កូរ៉ូណាវីរុស

 

បច្ចុប្បន្នមេរោគកូរ៉ូណារីរុសវូហាន កំពុងតែរីករាលដាលស្ទើរទូទាំងប្រទេសចិននៅគ្រប់ខេត្ត និងតំបន់ ហើយបានរាលដាលទៅកាន់ពិភពលោកចំនួន២៧ប្រទេសហើយ។ អង្គការសុខភាពពិភពលោក WHOក៏បានប្រកាសអាសន្នអំពីការរីករាលដាលនៃរីរុសប្រទេសថ្មីនេះដែរ។

តាមប្រភពព័ត៌មានជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថាកម្ពុជាទើបតែរកឃើញអ្នកដែលមានផ្ទុកមេរោគកូរ៉ូណាវីរុស(2019-nCoV)មួយករណីនៅលើជនជាតិចិនតែប៉ុណ្ណោះ ដោយលែកពុំទាន់មានរកឃើញប្រជាជនកម្ពុជាណាម្នាក់បានឆ្លង ឬក៏សង្ស័យពីការឆ្លងជំងឺផ្លូវដង្ហើមប្រភេទថ្មី (2019-nCoV)នេះនៅឡើយទេ។ ប៉ុន្តែនៅប្រទេសជិតខាងរបស់យើងមានវៀតណាម និងថៃត្រូវបានរកឃើញថាមានការកើនឡើងនៃអ្នកឆ្លងជំងឺនេះ។

រហូតមកទល់ពេលនេះ អ្នកឆ្លងជំងឺផ្លូវដង្ហើមប្រភេទថ្មី 2019-nCoV នេះ មានប្រមាណ ១៧៣៨៧នាក់ ដែលចំនួននៃអ្នកស្លាប់មាន៣៦២នាក់ គឺមានប្រមាណជា ២%។

ទោះបីជាយ៉ាងណាក៏ដោយ គណបក្សប្រជាធិបតេយ្យមូលដ្ឋានមើលឃើញថា កម្ពុជាក៏កំពុងប្រឈមនឹងហានិភ័យពីការឆ្លងនេះដែរ តាមរយៈជនជាតិចិនដែលមកពីទីក្រុងវូហាន់ចូលកម្ពុជាប្រមាណជា៣០០០នាក់ ក្រោយពេលដែលជំងឺនេះបានផ្ទុះរួចហើយ និងតាមរយៈអ្នកដែលធ្វើដំណើរចូលមកបន្ថែមជាបន្តបន្ទាប់។ ដូច្នេះកម្ពុជាអាចនឹងជួបនូវហានិភ័យនៃការឆ្លងជំងឺផ្លូវដង្ហើមប្រភេទថ្មី(2019-nCoV)នេះដែរ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋានសូមឱ្យរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ ទៅលើការតាមដាន និងត្រួតពិនិត្យលើជនជាតិចិន ជាពិសេស ជនជាតិចិនដែលធ្វើដំណើរមកពីទីក្រុងវូហាន និងខេត្តហ៊ូបៃ (Hubei) ដើម្បីការពារកុំឱ្យមានការផ្ទុះឆ្លងចូលមកកម្ពុជា។ ទាំងនេះមិនមែនជាការរើសអើងឡើយ ប៉ុន្តែវាជាវិធានការការពារ និងទប់ស្កាត់ជំងឺដ៏កាចសាហាវមួយនេះ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋានស្នើឱ្យប្រជាពលរដ្ឋខ្មែរកាត់បន្ថយក្នុងការធ្វើដំណើរទៅក្រៅប្រទេស ជាពិសេសប្រទេសចិន ដើម្បីកាត់បន្ថយហានិភ័យពីការឆ្លងទាំងនេះ។

ជាមួយគ្នានេះដែរគណបក្សប្រជាធិបតេយ្យមូលដ្ឋានក៏សូមអំពាវនាវទៅដល់អ្នកលក់ម៉ាស់បិទមុខទាំងអស់ កុំឆ្លៀតដំឡើងថ្លៃម៉ាស់ ហើយយើងគាំទ្រឱ្យរដ្ឋាភិបាលមានវិធានការទិញម៉ាស់ស្តក់ទុក ចែកជូនប្រជាពលរដ្ឋ និងទប់ស្កាត់ពីភាពចលាចលដោយសារតែគ្មានម៉ាស់គ្រប់គ្រាន់។

មួយវិញទៀតរដ្ឋាភិបាលត្រូវពង្រឹងការត្រួតពិនិត្យនៅតាមតំបន់ច្រកព្រំដែនទាំងអស់ ដោយបំពាក់បន្ថែមនូវឧបករណ៍ និងសម្ភារទំនើបៗ ដើម្បីធានាថាកម្ពុជាអាចរកឃើញអ្នកដែលផ្ទុកមេរោគជំងឺផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណាវីរុស ទាន់ពេលវេលា ដែលត្រូវនាំមកព្យាបាល។ ក្រសួងសុខាភិបាល ត្រូវត្រៀមរៀបចំកន្លែងដាច់ដោយឡែកសម្រាប់ព្យាបាល តាមដានអ្នកដែលមានសង្ស័យផ្ទុកមេរោគកូរ៉ូណាវីរុស។

គណបក្សប្រជាធិបតេយ្យមូលដ្ឋានសូមអំពាវនាវដល់ក្រុមគ្រូពេទ្រខ្មែរជំនាញទាំងអស់ជួបជុំប្រមូលផ្តុំគ្នា​ និងផ្តល់អនុវសាសន៍ក្នុងការទប់ស្កាត់ និងបង្ការពីការឆ្លងជំងឺផ្លូវដង្ហើមប្រភេទថ្មី (2019-nCoV) ដែលកំពុងតែបង្កការភ័យខ្លាចពេញពិភពលោក ទៅដល់ប្រជាពលរដ្ឋខ្មែរឱ្យបានដឹង។

គណបក្សប្រជាធិបតេយ្យមូលដ្ឋានសូមណុំពរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់កុំទាន់ជឿ និងចែកចាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់។ ក្នុងនោះដែរយើងក៏លើកទឹកចិត្តឱ្យមានការតាមដានទៅលើព័ត៌មាន និងប្រុងប្រយ័ត្នទាំងអស់គ្នា៕

Close