តើរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនអ្វីខ្លះក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺផ្លូវដង្ហើមប្រភេទថ្មី

តើរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនអ្វីខ្លះក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺផ្លូវដង្ហើមប្រភេទថ្មី

 

បច្ចុប្បន្នជំងឺផ្លូវដង្ហើមប្រភេទថ្មី CoViD-19 បានកំពុងផ្ទុះឡើងនៅប្រទេសចិន និងបានរីករាលដាលដល់ប្រទេសជាច្រើនផ្សេងទៀតនៅលើពិភពលោក ដែលបានបង្កជាក្តីបារម្ភ។ អង្គការ សុខភាពពិភពលោក (WHO) បានប្រកាសអាសន្ន អំពីការផ្ទុះ ឡើងនៃមេរោគប្រភេទថ្មីដ៏គ្រោះថ្នាក់មួយនេះ។

ទោះជានៅប្រទេសកម្ពុជាទើបនឹងរកឃើញតែមួយករណី ដែលកើតលើអ្នកទេសចរ ជនជាតិចិន ហើយរដ្ឋាភិបាលកម្ពុជាបានព្យាបាលជាសះស្បើយដល់អ្នកជំងឺនោះហើយយ៉ាងណាក្តី ក៏កម្ពុជាត្រូវតែត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏គ្រោះថ្នាក់នេះ ក្នុងករណីដែលនឹងអាចមានផ្ទុះឡើងនៅកម្ពុជាជាយថាហេតុ។

ក្នុងនោះយើងចង់ឱ្យរដ្ឋាភិបាល និងក្រសួងសុខាភិបាល បង្ហាញឱ្យឃើញច្បាស់ថា តើកម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយ ឬនៅទេ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺផ្លូវដង្ហើមប្រភេទថ្មី(CoViD-19) ក្នុងដែនដីកម្ពុជា។

១. តើរដ្ឋាភិបាលកម្ពុជា បានត្រៀមកន្លែង ឬក៏មន្ទីរពេទ្យសម្រាប់ដាក់អ្នកជំងឺ ដើម្បីតាមដាន និងព្យាបាលទៅលើអ្នកសង្ស័យ ឬក៏អ្នកផ្ទុកមេរោគជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះឬទេ? តើនៅទីណា? តើទីកន្លែងនោះអាចមានលទ្ធភាពដាក់អ្នកជំងឺបានប៉ុន្មាននាក់?

២. តើរដ្ឋាភិបាលបានត្រៀមក្រុមគ្រូពេទ្យប៉ុន្មាននាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងលទ្ធភាពផ្ទុះមានឡើងនូវជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះ?

៣. តើរដ្ឋាភិបាលកម្ពុជាមានត្រៀមសម្ភារៈសម្រាប់ក្រុមគ្រូពេទ្យ ដើម្បីមើលថែ អ្នកជំងឺ និងការពារក្រុមគ្រូពេទ្យកុំឱ្យឆ្លងនូវជំងឺនេះឬទេ?

៤. តើរដ្ឋាភិបាលកម្ពុជា មានបានស្តុកទុកម៉ាស់ការពារមុខគ្រប់គ្រាន់ដែរឬទេ ដើម្បីត្រៀមបញ្ចេញនៅពេលដែលលទ្ធភាពនៃជំងឺនេះផ្ទុះឡើងនៅកម្ពុជា កុំឱ្យមាន ភាពចលាចលដោយសារតែកង្វះម៉ាស់បិទមុខ?

៥. តើរដ្ឋាភិបាលកម្ពុជា មានបានត្រៀមស្បៀងឧបភោគ-បរិភោគគ្រប់ គ្រាន់ដែរឬទេក្នុងករណីដែលមានការផ្ទុះឡើងនូវជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះ ដែលអាច ឈានទៅដល់ការបិទព្រំដែន ឬទីក្រុង?

បើទោះជាកម្ពុជាមិនទាន់មានការផ្ទុះឡើងនូវជំងឺនេះយ៉ាងណាក្តី គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ត្រូវត្រៀមខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាដែលនឹងអាចកើតមានឡើងនាពេលខាងមុខ ដូចបុរាណវាចាថា «ការពារប្រសើរជាងព្យាបាល»។ ករណីកម្ពុជាពុំមាន លទ្ធភាពគ្រប់គ្រាន់ទេ ត្រូវសូមកិច្ចសហការឱ្យបានទូលំទូលាយជាមួយអង្គការ សុខភាពពិភពលោក (WHO) និងប្រទេសជាដៃគូអភិវឌ្ឍន៍ផ្សេងៗ៕

Close