សេចក្តីថ្លែងការណ៍ គបម ស្តីពី វិធានការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ១៩

សេចក្តីថ្លែងការណ៍ គបម ស្តីពី វិធានការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ១៩

 

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានទទួលព័ត៌មានថា បុរសជនជាតិខ្មែរម្នាក់មានផ្ទុកមេរោគកូវីដ១៩ ដែលគេសង្ស័យថា បានឆ្លងពីជនជាតិជប៉ុនម្នាក់ទើបចាកចេញពីកម្ពុជាតាមជើងហោះហើរពីខេត្តសៀមរាប ទៅកាន់ប្រទេសវៀតណាម រួចបន្តដំណើរទៅកាន់ប្រទេសជប៉ុនរបស់គាត់វិញ។ បុរសជនជាតិជប៉ុននោះត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ១៩។ គបម ពិតជាមានការសោកស្តាយចំពោះករណីនេះ ហើយព្រួយបារម្ភចំពោះការរីករាលដាល នៃជំងឺនេះដែរ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការតាមដានស្វែងរកអ្នកទាំងឡាយណាដែលធ្លាប់មានទំនាក់ទំនងជាមួយបុរសជនជាតិខ្មែរដែលមានផ្ទុកមេរោគកូវីដ១៩នៅខេត្តសៀមរាប ដើម្បីធ្វើតេស្តរកមេរោគកូដ១៩ និងដាក់ឱ្យនៅដាច់ដោយឡែកពីគេឯងមួយរយៈ(១៤ថ្ងៃ) ដែលជាវិធានការបង្ការ និងការពារកុំឱ្យមានការឆ្លងរីករាលដាលពីមនុស្សម្នាក់ទៅម្នាក់កាន់តែច្រើនបន្តទៀតនៅក្នុងប្រទេសខ្មែរ ពីព្រោះនេះគឺជារឿងដែលគ្រោះថ្នាក់ខ្លាំងបំផុតសម្រាប់ប្រទេសជាតិ។ ម្យ៉ាងវិញទៀតចំណាត់ការនេះត្រូវតែធ្វើយ៉ាងណាឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។

ជាមួយគ្នានេះដែរគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ស្នើឱ្យរាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់តាមដាន និងរឹតបន្តឹងលើជនបរទេសទាំងឡាយណាដែលធ្វើដំណើរមកពីប្រទេសដែលមានការឆ្លងខ្ពស់នូវជំងឺផ្លូវដង្ហើមប្រភេទថ្មី ឬ COVID-19 នេះ មកកាន់ប្រទេសកម្ពុជា ដែលប្រទេសទាំងនោះមានដូចជាប្រទេសចិន ជប៉ុន កូរ៉េ អ៊ីតាលី អ៊ីរ៉ង់ ជាដើម។

គណបក្សប្រជាធិបតេយ្យមូលដ្ឋានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសត្រូវបង្កើនការយកចិត្តទុកដាក់ និងធ្វើអនាម័យខ្លួនប្រាណឱ្យបានខ្ជាប់ខ្ជួន លាងដៃជាមួយសាប៊ូ ឬទឹកលាងដៃ និងបរិភោគបន្លែ និងផ្លែឈើធម្មជាតិឱ្យបានច្រើន ដើម្បីបង្ការពីការឆ្លងនៃជំងឺផ្លូវដង្ហើមប្រភេទថ្មី ឬ COVID-19 នេះ។ សូមកុំផ្អើលនាំគ្នាទិញរបស់ស្តុកទុកដែលនាំឱ្យទំនិញមានការឡើងថ្លៃ។

មួយវិញទៀតតាមបទពិសោធន៍នៅប្រទេសមួយចំនួនដូចនៅប្រទេសថៃ វៀតណាម និងសឹង្ហបុរី ជាដើម ជាតំបន់ដែលមានអាកាសធាតុស្រដៀងគ្នានឹងកម្ពុជា ការឆ្លងនៃមេរោគប្រភេទនេះវាអាចនឹងកើតមាន ប៉ុន្តែវាមិនមានសន្ទុះអ្វីខ្លាំងពេកទេ បើសិនជាយើងមានវិធានការការពារ និងគ្រប់គ្រងវាបានល្អ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លើកទឹកចិត្តឱ្យកម្ពុជារៀនសូត្រឱ្យបានច្រើនពីបទពិសោធន៍នៅប្រទេសសឹង្ហបុរី ក្នុងការគ្រប់គ្រងនៃការរាលដាលនូវជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះ៕

Close