សេចក្តីថ្លែងការណ៍ ស្តីពីការទាមទារឱ្យមានការដោះលែងសកម្មជនបរិស្ថាន

  សេចក្តីថ្លែងការណ៍ ស្តីពីការទាមទារឱ្យមានការដោះលែងសកម្មជនបរិស្ថាន

 

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) មើលឃើញថា​ ភាពសកម្ម និងការលះបង់កម្លាំងកាយចិត្តរបស់​សកម្មជនការពារព្រៃឈើ និងការពារបរិស្ថាន បានរួមចំណែកជួយការពារព្រៃឈើ និង​ការពារ​​​​​​     បរិស្ថានរបស់ព្រះរាជាណាចក្រកម្ពុជា ដែល​គួរឲ្យគោរព និងកោតសរសើរ។ ជាអកុសល ជាញឹកញយ អ្នកសកម្មការពារព្រៃឈើ ការពារបរិស្ថាន ទាំងនោះមិនត្រឹមតែមិនទទួលបានការកោតសរសើរ និងរង្វាន់​នោះទេ ប៉ុន្តែ​ផ្ទុយទៅវិញ ពួកគាត់​តែងទទួលបាន​ការរារាំង ការឃាត់ខ្លួន ការចោទប្រកាន់ និង​ការ​ឃុំខ្លួន ជាដើម។

គបម ដឹងថា លោក អ៊ួច ឡេង “វីរជនការពារព្រៃឈើ” និងសមាជិក​បណ្តាញសហគមន៍ព្រៃឡង់ចំនួន ៣នាក់ទៀត គឺលោក ខេម សុឃី លោក ស្រី ថី និងលោក មេន ម៉ាត់ ត្រូវបានចាប់ខ្លួន ក្នុងខណៈដែលពួកគាត់​កំពុង​ធ្វើការស៊ើបអង្កេត អំពីការកាប់បំផ្លាញព្រៃឈើ។       គបម ទាមទារឱ្យមានការដោះលែង លោក អ៊ូច ឡេង “វីរជនការពារព្រៃឈើ” និង​សមាជិកបណ្តាញសហគមន៍ព្រៃឡង់ទាំង៣នាក់ គឺលោក ខេម សុឃី លោក ស្រី ថី និងលោក មេន ម៉ាត់ ឲ្យមានសេរីភាពវិញ។

គបម​ យល់ឃើញថា រាជរដ្ឋាភិបាលគួរផ្តល់​នីតិសម្បទា (legalize) ដល់សមាជិកសហគមន៍មូលដ្ឋាន ដូចជា បណ្តាញសហគមន៍ព្រៃឡង់ សកម្មជនការពារព្រៃឈើ និង​ការពារបរិស្ថាន ឧទាហរណ៍ ជា ឧទ្យានុរក្ស (forest rangers) ដើម្បីពួកគាត់​អាចបន្តចូលរួមចំណែក ជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារព្រៃឈើ ធនធានធម្មជាតិ ឲ្យ​កាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធិផល៕

Close