សេចក្តីថ្លែងការណ៍ ស្តីពី ការស្នើរាជរដ្ឋាភិបាលឱ្យបង្កើតគណៈកម្មការ ដើម្បីដោះស្រាយវិបត្តិជំងឺកូវីដ១៩

សេចក្តីថ្លែងការណ៍ ស្តីពី ការស្នើរាជរដ្ឋាភិបាលឱ្យបង្កើតគណៈកម្មការ ដើម្បីដោះស្រាយវិបត្តិជំងឺកូវីដ១៩

 

តាមតួលេខផ្លូវការចុងក្រោយ ដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គបម) ទទួលបានចំនួនអ្នកផ្ទុកមេរោគកូវីដ១៩ (COVID-19) បានរាលដាលសឹងទូទាំងពិភពលោក ជាពិសេសស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងនៅអឺរ៉ុប និងសហរដ្ឋអារមេរិក។ ដោយឡែកនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ក៏មានអ្នកផ្ទុកចំនួន៤៧ករណី ដែលតួលេខនេះគិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ ហើយចំនួនអ្នកផ្ទុកមេរោគកូវីដ១៩អាចនឹងមានលទ្ធភាពកើនឡើងជា បន្តបន្ទាប់ទៀត។ ហានិភ័យកាន់តែខ្ពស់ទៅដល់សេដ្ឋកិច្ច និងការងារ ការធ្លាក់ចុះនៃចំនួន ទេសចរ នាំឱ្យសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានបិទទ្វារ រួមនិងការផ្អាកបញ្ជាទិញ ទំនិញពីអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលធ្វើឱ្យរោងចក្របង្ខំចិត្តបិទទ្វារ ដែលបុគ្គលិកកម្មករ និងអាជីវកររាប់លាននាក់ រងផលប៉ះពាល់។ លើសពីនេះទៀតប្រទេសជិតខាង ក៏នឹងត្រូវបិទច្រកព្រំដែន ជាពិសេសការបិទនេះ ប៉ះពាល់ដល់ការធ្វើចរាចរណ៍ពាណិជ្ជកម្មទំនិញ មាន ដូចជាបន្លែ សាច់ ស៊ុតជាដើម ដែលនឹងប៉ះពាល់ដល់បញ្ហាសន្តិសុខស្បៀងបន្ថែមទៀត។

កន្លងមកយើញឃើញថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដែរ ដើម្បីទប់ទល់នឹង វិបត្តិកូវីដ១៩ ប៉ុន្តែការឆ្លើយតបមានភាពយឺតយ៉ាវ និងមិនទាន់មាននូវយុទ្ធសាស្ត្រ និងវិធាន ការទូលំទូលាយ និងខ្វះការចូលរួមពីក្រុមអ្នកជំនាញ និងភាគីពាក់ព័ន្ធ ក៏ដូចជាមិនទាន់មាន ការបែងចែកថវិកាគ្រប់គ្រាន់ សម្រាប់អនុវត្តការងារ។ ដើម្បីទប់សា្កត់កុំឱ្យមានការផ្ទុះរីករាល ដាលមេរោគកូវីដ១៩កាន់តែធ្ងន់ធ្ងរនៅទូទាំងប្រទេស និងដល់វិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុ និង សន្តិសុខស្បៀងនៅកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានស្នើ និង លើកទឹកចិត្តឱ្យរាជរដ្ឋាភិបាលអនុវត្តនូវគោលនយោបាយ និងវិធានការមួយចំនួន ដូចដែល មានចែងនៅក្នុងសេចក្តីថ្លែងការណ៍ គបម ចុះថ្ងៃទី១៦ ទី១៧ និងទី១៨ ខែមីនា ឆ្នាំ២០២០។

តាមរយៈសេចក្តីថ្លែងការនេះគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម)ជំរុញ ឱ្យរាជរដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការចំនួន៤ ដើម្បីដោះស្រាយវិបត្តិកូវីដ១៩ គឺ៖
ទី១. គណៈកម្មការសុខភាពសាធារណៈ
ទី២. គណៈកម្មការការងារ និងមុខរបរ
ទី៣. គណៈកម្មការសន្តិសុខស្បៀង
ទី៤. គណៈកម្មការចលនា និងគ្រប់គ្រងមូលនិធិសាមគ្គីជាតិ។

គណៈកម្មការនីមួយៗគួរមានភារកិច្ច និងការមានការចូលរួមពីក្រុមអ្នកជំនាញ និង ភាគីពាក់ព័ន្ធ ដូចជា៖
១. គណៈកម្មការសុខភាពសាធារណៈ ត្រូវមានការចូលរួមពីក្រុមគ្រូពេទ្យជំនាញៗ ដើម្បីជួយធ្វើតេស្ត ព្យាបាលអ្នកជំងឺ និងត្រៀមកន្លែងសម្រាប់ទុករក្សាអ្នកជំងឺ។
២. គណៈកម្មការការងារ និងមុខរបរ ត្រូវមានសមាសភាពមកពីអ្នកតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាសនិងសហជីព ដើម្បីរួមគ្នាដោះស្រាយបញ្ហា ជាពិសេសក្នុងគោល បំណងដើម្បីជួយសម្រួលទៅដល់ប្រជាពលរដ្ឋអ្នកដែលអត់ការងារធ្វើ បានទទួលប្រាក់ ឧបត្ថម្ភក្នុងបរិមាណចាំបាច់ និងសម្រួលដល់ការបង់រំលស់ធនាគារ និងការបង់រំលស់ ផ្សេងៗ។ គណៈកម្មការនេះក៏ទទួលខុសត្រូវលើការគាំទ្រដល់ក្រុមហ៊ុន រោងចក្រ និង សហគ្រាសដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។
៣. គណៈកម្មការសន្តិសុខស្បៀងដើម្បីធានាឱ្យមានការផលិត ស្តុក និងបែងចែក ស្បៀង ដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងតម្លៃសមរម្យ ដែលសមាសភាពអ្នកចូលរួមមកពីក្រុម អ្នកដឹកនាំកសិករ កសិករ អ្នកជំនាញកសិកម្ម និងតំណាងរោងម៉ាស៊ីនកិនស្រូវជាដើម។
៤. គណៈកម្មការចលនា និងគ្រប់គ្រងមូលនិធិសាមគ្គីជាតិ ផ្តោតទៅលើការធ្វើចលនា គ្រប់គ្រង និងបែងចែកថវិកា ដែលមានប្រភពមកពីថវិកាជាតិ ពីសប្បុរសជនក្នុង និងក្រៅប្រទេស ព្រមទាំងជំនួយអន្តរជាតិ។

គណៈកម្មការទាំងនេះ ត្រូវបានដឹកនាំដោយគណៈកម្មការថ្នាក់ជាតិរួមមួយ ដែលមាន តួនាទីសម្របសម្រួល គាំទ្រ ត្រួតពិនិត្យ និងវាយតម្លៃ លើការងាររបស់គណៈកម្មការ ទាំងបួន៕

Close