សេចក្តីថ្លែងការណ៍ ស្តីពី វិធានការបីចំណុច ដើម្បីដោះស្រាយវិបត្តិបំណុលពលរដ្ឋ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អំឡុងការផ្ទុះឡើងនៃជំងឺកូវីដ១៩

សេចក្តីថ្លែងការណ៍ ស្តីពី វិធានការបីចំណុច ដើម្បីដោះស្រាយវិបត្តិបំណុលពលរដ្ឋ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អំឡុងការផ្ទុះឡើងនៃជំងឺកូវីដ១៩

 

កាលពីពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការ ៥ចំណុច ដើម្បី​ជួយសម្រួលឱ្យធនាគារមានសាច់ប្រាក់ច្រើនសម្រាប់បង្វិល និងកាត់បន្ថយថ្លៃដើមខ្លះ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) យល់ឃើញថា នេះជាការចាប់ផ្តើមល្អមួយ ប៉ុន្តែ គបម ស្នើឱ្យ រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជាបន្ថែមវិធានការ ៣ចំណុច​ទៀត៖

១. ធ្វើការអនុគ្រោះពន្ធទៅដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់៖ ពន្ធលើ​ប្រាក់ចំណូល ពន្ធលើប្រាក់ចំណេញ និងពន្ធលើការបង់អាជ្ញាប័ណ្ណជាដើម។

២. ដើម្បីឱ្យធនាគារឯកជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានទុនកាន់តែច្រើនក្នុងការ​បង្វិល គឺធនាគារជាតិនៃកម្ពុជាទម្លាក់លុយឱ្យធនាគារឯកជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ​បន្ថែម ដែលជាកម្ចីក្នុងកម្រិតការប្រាក់ទាប ឬ គ្មានការប្រាក់។

៣. ធនាគារជាតិនៃកម្ពុជា ត្រូវធានាចំពោះអ្នកដែលរកលុយយកទៅផ្ញើកុំឱ្យមានការបារម្ភ ដែលជាហេតុធ្វើឱ្យធនាគារឯកជន ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះខ្វះសាច់ប្រាក់ បង្វិល។

គបម យល់ឃើញថាវិធានការទាំងបីខាងលើនេះ អាចជាគោលនយោបាយដោះស្រាយ​បញ្ហា ដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋកម្ពុជា ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងរាជរដ្ឋា​
ភិបាលកម្ពុជា (រាជរដ្ឋាភិបាលកម្ពុជា ជួយសម្រួលដល់ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីឱ្យធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នោះ អាចផ្អាកការបង់រំលស់ពីប្រជា​ពល​រដ្ឋ​កម្ពុជាដែលរងគ្រោះដោយសារវិបត្តិកូវីដ១៩(COVID-19)។)

ការចាប់ផ្តើមរៀបចំវិធានការផ្អាកការបង់រំលស់សម្រាប់ប្រជាពលរដ្ឋ ជាពិសេសអ្នក​បាត់​បង់ចំណូលដោយសារវិបត្តិកូវីដ១៩(COVID-19) នឹងនាំមកនូវផលប្រយោជន៍វែងឆ្ងាយដល់​រាជរដ្ឋាភិបាល និងធនាគារនិងជាតិទាំងមូល ទោះបីជារដ្ឋបាត់ចំណូលខ្លះ ហើយធនាគារ​កាត់បន្ថយចំណេញខ្លះ ក្នុងរយ:ពេលខ្លីក៏ដោយ។ នៅពេលសេដ្ឋកិច្ចដំណើរការបានល្អ ប្រព័ន្ធធនាគារទាំងមូលធ្លាប់រកបានប្រាក់ចំណេញរាប់ពាន់លានដុល្លារក្នុង១ឆ្នាំ ហើយរដ្ឋ​ក៏ធ្លាប់ប្រមូលចំណូលពន្ធ និងទុនបំរុងរាប់ពាន់លានដុល្លារពីស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់​ដែរ​។ ពេលវេលាមកដល់ហើយ ដែលរដ្ឋត្រូវតែជួយរាស្រ្ត ដោះស្រាយបញ្ហារយ:ពេលខ្លី ដើម្បីរាស្រ្ត​ជួយរាជរដ្ឋាភិបាលវិញក្នុងរយ:ពេលយូរអង្វែងទៅមុខ។ ទុកលំបាករបស់រាស្រ្តជាទុក​លំបាក​របស់ប្រទេសជាតិទាំងមូល៕

Close