សេចក្តីថ្លែងការណ៍ ស្តីពី សំណើសុំឱ្យរាជរដ្ឋាភិបាលបញ្ជាក់ពីប្រភពចម្លងវីរុសកូវីដ១៩ ទៅបុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ នៅរាជធានីភ្នំពេញ

សេចក្តីថ្លែងការណ៍ ស្តីពី សំណើសុំឱ្យរាជរដ្ឋាភិបាលបញ្ជាក់ពីប្រភពចម្លងវីរុសកូវីដ១៩ ទៅបុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ នៅរាជធានីភ្នំពេញ

 

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) សាទរលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង សុខាភិបាល ក្រុមគ្រូពេទ្យ អាជ្ញាធរពាក់ព័ន្ធទូទាំងប្រទេស និងស្ថាប័នអន្តរជាតិពាក់ព័ន្ធទាំងអស់ដែលបាន បំពេញភារកិច្ចបានល្អប្រសើរក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណីអ្នកផ្ទុកកូវីដ១៩ ព្រមទាំង រកអ្នកប៉ះពាល់ទំាងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីការពារកូវីដ១៩ពីខាងក្រៅ ការពារ ទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ពីអ្នកឆ្លងទៅមនុស្សដទៃ និងព្យាបាលអ្នកឈឺឱ្យជាវិញនៅកម្ពុជា។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ស្តីពី ការរកឃើញ ០២ ករណីថ្មីទៀត ជាអ្នកទេសចរជនជាតិបារាំង និង ០៣ករណីថ្មី ជាបុរសជនជាតិខ្មែរ វិជ្ជមានវីរុសកូវីដ១៩ ហើយមានអ្នកជាសះស្បើយចំនួន ០៤នាក់ និង សេចក្តីជូនព័ត៌មានរបស់ក្រសួង សុខាភិបាលចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ស្តីពីការរកឃើញ ០២ ករណីថ្មីជាបុរសជនជាតិឥណ្ឌូណេស៊ី វិជ្ជមានវីរុសកូវីដ១៩ និងមានអ្នកជាសះស្បើយចំនួន ០១នាក់។ ក្នុងសេចក្តីជូនដំណឹងនោះ មិនបានបញ្ជាក់
ឱ្យច្បាស់លាស់ពីប្រវត្តិនិងប្រភពចម្លងវីរុសកូវីដ១៩ ទៅលើករណីថ្មីៗដូចខាងក្រោម៖
១. បុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ នៅរាជធានីភ្នំពេញ
២. បុរសជនជាតិស៊ុយអែត អាយុ ៣៤ឆ្នាំ នៅរាជធានីភ្នំពេញ
៣. បុរសជនជាតិឥណ្ឌូណេស៊ី អាយុ ៤១ឆ្នាំ និង ៤៤ឆ្នាំនៅខេត្តសៀមរាប។

ការបញ្ជាក់ពីប្រភព និងប្រវត្តិនៃករណីថ្មីខាងលើ នឹងបញ្ជាក់ពីសមត្ថភាពរបស់ក្រសួងក្នុងការ គ្រប់គ្រងស្ថានការណ៍នៃការរាលដាលនៃជំងឺ និងជូនដំណឹងដល់ការត្រៀមខ្លួនពីលទ្ធភាពផ្ទុះជំងឺកូវីដ១៩ កម្រិតសហគមន៍ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។

គបម យល់ឃើញថាដើម្បីចូលរួមទប់ស្កាត់ និងបង្ការវីរុសកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជាឱ្យ កាន់តែមានប្រសិទ្ធភាព ប្រជាពលរដ្ឋខ្មែរចាំបាច់ត្រូវតែទទួលបានព័ត៌មានពិតប្រាកដ ទាន់ហេតុការណ៍ និង ច្បាស់លាស់។

Close