ចំណុចសំខាន់ៗដែលប្រជាពលរដ្ឋគួរយល់ដឹងទាក់ទង់ ប៣ (ប្រជាធិបតេយ្យ បោះឆ្នោត បក្សនយោបាយ)

ចំណុចសំខាន់ៗដែលប្រជាពលរដ្ឋគួរយល់ដឹងទាក់ទង់ ប៣ (ប្រជាធិបតេយ្យ បោះឆ្នោត បក្សនយោបាយ)

 

ប្រទេសកម្ពុជាប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ​និងប្រជាធិបតេយ្យសេរីពហុបក្ស។ តាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស គណបក្សនយោបាយប្រកួតប្រជែងគ្នា តាមរយៈការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ ក្នុងរយៈពេល៥ឆ្នាំម្តង ដើម្បីទទួលបានអំណាចពីប្រជាពលរដ្ឋ ក្នុងការចូលរួមដឹកនាំឃុំ/សង្កាត់ និងប្រទេសជាតិ។ ការបោះឆ្នោតផ្ទាល់ពីប្រជាពលរដ្ឋ មានពីរ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលច្បាប់កំណត់ហៅថា ការបោះឆ្នោតសកល។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកន្លងមកធ្លាប់ប្រព្រឹត្តិទៅចំនួន៥លើករួចមកហើយ គឺនៅឆ្នាំ១៩៩៣ លើកទីពីរ ១៩៩៨ លើកទីបី ២០០៣ លើកទីបួន ២០០៨ លើកទីប្រាំ ២០១៣ និងលើកទីប្រាំមួយនៅឆ្នាំ ២០១៨។ ការបោះឆ្នោតខាងមុខនីតិកាលទី៧គឺនៅឆ្នាំ២០២៣។ បច្ចុប្បន្ន ចំនួនតំណាងរាស្ត្រ ឬ សមាជិករដ្ឋសភាមានចំនួន ១២៥រូប ជ្រើសរើសនៅ២៥មណ្ឌល(ខេត្ត/រាជធានី)។

ការបោះឆ្នោតជ្រើសរើសក្រុម​ប្រឹក្សាឃុំសង្កាត់ មាននៅឆ្នាំ២០០២ ២០០៧ ២០១២ និង២០១៧។ នៅឆ្នាំ២០២២ គឺមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥។

ក្រុមប្រឹក្សាឃុំ/សង្កាត់ ជារដ្ឋបាលឃុំ/សង្កាត់ មានសមាជិកចំនួន ៥ ឬ ៧ ឬ ៩ ឬ ១១រូប អាស្រ័យលើ ប្រជាសាស្ត្រ (របាយប្រជាជន) នៅក្នុងឃុំសង្កាត់សមី។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ គឺជាបោះឆ្នោតសកល ដែលប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនដោយផ្ទាល់។ កម្ពុជាក៏មានការបោះឆ្នោតអសកល។

ការបោះឆ្នោតអសកល មានន័យថា អង្គបោះឆ្នោត ឬ អ្នកបោះឆ្នោត គឺជាតំណាងប្រជាពលរដ្ឋ ដូចជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ និងសមាជិកសភា(តំណាងរាស្ត្រ) ជារៀងរាស់៥ឆ្នាំម្តង ក្រុមប្រឹក្សាឃុំ/សង្កាត់ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក/ក្រុង/ខណ្ឌ និងខេត្ត/រាជធានី ក្រុមប្រឹក្សាដើរតួប្រៀបដូចជាសភាមូលដ្ឋាន។

ជារៀងរាល់៥ឆ្នាំម្តង តំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំ/សង្កាត់ បោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលហៅថាការបោះឆ្នោត អសកល។

ការបោះឆ្នោតជ្រើសតាំង និងជ្រើសរើសសមាជិកព្រឹទ្ធសភាមានចំនួន៤អាណត្តិរួចមកហើយដែលអាណត្តិទី១ នៅឆ្នាំ១៩៩៩ (គឺជាការចាត់តាំង) ទី២នៅឆ្នាំ២០០៦ ទី៣នៅឆ្នាំ២០១២ និងអាណត្តិទី៤នៅក្នុងឆ្នាំ២០១៨។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើង ៦ ឆ្នាំម្តង។​

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក/ក្រុង/ខណ្ឌ និងខេត្ត/រាជធានី ធ្លាប់ប្រព្រឹត្តទៅចំនួន៣លើករួចមកហើយដែរគឺនៅក្នុងឆ្នាំ២០០៩ លើកទីពីរ ២០១៤ និងលើកទីបីនៅឆ្នាំ២០១៩។

ដើម្បីចូលរួមប្រកួតប្រជែងក្លាយជាតំណាងប្រជាបលរដ្ឋ ដូចជាក្រុមប្រឹក្សាឃុំ/សង្កាត់ និងតំណាងរាស្ត្រ ប្រជាពលរដ្ឋត្រូវបង្កើតគណបក្សនយោបាយ។ តាមច្បាប់ ស្តីពី គណបក្សនយោបាយ ដែលមានសុពលភាពត្រូវមានសមាជិកយ៉ាងតិចបំផុត ៤០០០នាក់ និងបំពេញនូវលក្ខខណ្ឌចាំបាច់មួយចំនួនទៀត។

គណបក្សនយោបាយ ដែលចូលរួមការបោះឆ្នោត ក៏ត្រូវដើរតាមច្បាប់បោះឆ្នោត ដូចជាការរៀបចំបេក្ខជនឈរឈ្មោះបោះឆ្នោត ការឃោសនា និងសង្កេតការបោះឆ្នោត ជាដើម។

ប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានសិទ្ធិបោះឆ្នោត។ ប្រជាបលរដ្ឋដែលមានអាយុចាប់ពី២៥ឆ្នាំឡើងទៅមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ក្រុមប្រឹក្សាឃុំ/សង្កាត់។ សម្រាប់បេក្ខជនព្រឹទ្ធសភា ប្រជាពលរដ្ឋដែលមានសិទ្ធិឈរឈ្មោះត្រូវមានអាយុយ៉ាងតិចបំផុត៤០ឆ្នាំឡើងទៅ។

ជាសរុបមក ប្រជាពលរដ្ឋ​ ដែលចូលរួមសកម្មក្នុងកិច្ចការនយោបាយត្រូវមានការការយល់ដឹងឱ្យបានទូលំទូលាយពីរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានស្រាប់ជាធរមាន ដូចជា ច្បាប់ ស្តីពី គណបក្សនយោបាយ ច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់។ល។

សកម្មភាពនយោបាយរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺផ្តោតលើការអប់រំប្រជាពលរដ្ឋពីរដ្ឋធម្មនុញ្ញ ច្បាប់សំខាន់ៗ និងគោលនយោបាយដឹកនាំប្រទេសជាតិឱ្យមានភាពរុងរឿង សម្បូរសប្បាយទាំងអស់គ្នា។

គោល​ន​យោ​បាយ និង​កម្ម​វិ​ធី​​ន​យោ​បាយ​​របស់ គបម (សៀវ​ភៅ​បៃ​តង)

ព័ត៌មានបន្ថែមទាក់ទងនឹងប៣ និងគបម សូមទំនាក់ទំនង៖

ទូរស័ព្ទ‍: 085 666 545

ហ្វេសប៊ុកផេក: www.facebook.com/gdpcambodia

វេបសាយ: www.gdpcambodia.org

Close