របៀបគ្រប់គ្រងកូវីដ-១៩បាន ដោយមានផលប៉ះពាល់តិចតួចដល់សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ

របៀបគ្រប់គ្រងកូវីដ-១៩បាន ដោយមានផលប៉ះពាល់តិចតួចដល់សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ

 

ការវិវឌ្ឍនៃការផ្ទុះឡើងមេរោគកូវីដ-១៩ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ នាំបង្កឱ្យមាន ការព្រួយបារម្ភក្នុងចំណោមប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។ កន្លងមករាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការសុខាភិបាល រដ្ឋបាល និងច្បាប់ សម្រាប់ គ្រប់គ្រងកូវីដ-១៩ ជាពិសេស ការបិទបម្រាមគោចរ នៅរាជធានីភ្នំពេញ ការហាមការធ្វើដំណើរឆ្លងខេត្ត ការបិទខ្ទប់ភូមិ និងសង្កាត់មួយចំនួននៅរាជធានី និងចុងក្រោយនេះ គឺការបិទខ្ទប់រាជធានីភ្នំពេញទាំងមូល។ វិធានការនេះ ទោះជាការចាំបាច់ ប៉ុន្តែក៏នាំមកនូវផលប៉ះពាល់ច្រើនដល់សេដ្ឋកិច្ច បញ្ហាស្បៀង និងជីវភាពរបស់ប្រជាពលរដ្ឋ បើវិធានការនេះត្រូវប្រើពេលយូរ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គបម) យល់ឃើញថា ស្ថានភាពការឆ្លងកូវីដ-១៩ ដែលពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ នាពេលបច្ចុប្បន្ននេះ គឺយើងនៅអាចគ្រប់គ្រងបាន ហើយដើម្បីឱ្យកម្ពុជាអាចយកឈ្នះកូវីដ-១៩បាន ដោយមានផលប៉ះពាល់តិចតួច ដល់សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ រាជរដ្ឋាភិបាលគួរពិចារណាផ្តោតលើការអនុវត្តគោលនយោបាយ និងវិធានការដូចខាងក្រោមនេះ៖

១. ការបិទខ្ទប់ឱ្យបានប្រសិទ្ធភាពនៅតំបន់ដែលមានហានិភ័យខ្ពស់ និងឆ្លងច្រើន(តំបន់ក្រហម) អាចជាភូមិ ឬសង្កាត់ ឬឃុំជារោងចក្រ ជាផ្សារ ឬជាកាស៊ីណូ។ បន្តការបិទក្លឹបកំសាន្ត កាស៊ីណូ ហើយគួរបន្តការធ្វើបម្រាមគោចរពេលយប់មួយរយៈពេលខ្លីទៀតនៅគ្រប់ទីកន្លែង តែសម្រួលមកត្រឹមម៉ោង៩យប់ ដល់ម៉ោង៤ភ្លឺ។

២. បង្កើនសមត្ថភាពធ្វើតេស្ត ដោយធ្វើតេស្តអ្នកពាក់ព័ន្ធ គ្រប់គ្រងចង្កោមទាំងអស់ឱ្យបានគ្រប់គ្នា ដើម្បីឆាប់បានលទ្ធផល ងាយស្រួលធ្វើចត្តាឡីស័ក និងព្យាបាល។ ការប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័ស(Rapid Test) នឹងជួយដល់ការងារនេះ។ មណ្ឌលសុខភាពឃុំ-សង្កាត់ អាចជួយធ្វើតេស្តរហ័សនេះ។

៣. រដ្ឋបាលរាជធានី-ខេត្ត-ក្រុង ត្រៀមកន្លែងធ្វើចត្តាឡីស័ក និងព្យាបាល ដោយការធ្វើតេស្តច្រើននឹងនាំមកនូវចំនួនអ្នកឆ្លងច្រើនក្នុងរយៈពេលខ្លី។ ចំពោះអ្នកឆ្លងយើងគួរបែងចែកជាបីក្រុម គឺ ស្រាល ធ្ងន់ និងសង្គ្រោះបន្ទាន់ ដើម្បីងាយស្រួលគ្រប់គ្រង និងព្យាបាល។

៤. ដើម្បីទទួលបានការសហការល្អពីប្រជាពលរដ្ឋក្នុងការធ្វើតេស្ត រាជរដ្ឋាភិបាលធានារដោះស្រាយបញ្ហាទាក់ទងនឹងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ និងគ្រួសារ រួមទាំងបញ្ហាស្បៀង និងបំណុលធនាគារ ចំពោះអ្នកធ្វើចត្តាឡីស័ក និងក្រុមគ្រួសាររបស់ពួកគាត់។

៥. បង្កើនយុទ្ធនាការអប់រំ និងអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ជាពិសេសការពាក់ម៉ាស់ ការរក្សាគម្លាតសង្គម និងការលាងដៃ។ ការចែកម៉ាស់ជូនប្រជាពលរដ្ឋក្រីក្រ កាន់តែធ្វើឱ្យបានច្រើនថែមទៀត។

៦. ការចាក់វ៉ាក់សាំងដល់ក្រុមគោលដៅសំខាន់ៗ ដូចជាអ្នកលក់ដូរតាមផ្សារ តាមផ្លូវ អ្នកដឹកជញ្ជូន កម្មកររោងចក្រ ប្រជាពលរដ្ឋដែលរស់នៅតំបន់ដែលមានដង់ស៊ីតេខ្ពស់ចង្អៀត អ្នកធ្វើការតាមភោជនីយដ្ឋាន សណ្ឋាគារ។ល។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) យល់ឃើញថា បើយើងអនុវត្តតាមវិធានការទាំង៦ខាងលើនេះ កម្ពុជានឹងអាចទទួលបានជោគជ័យក្នុងការគ្រប់គ្រងនូវជំងឺកូវីដ-១៩ ដោយមិនចាំបាច់បិទខ្ទប់រាជធានីភ្នំពេញទាំងមូល និងមិនចាំបាច់ហាមការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ។ ការណ៍នេះ នឹងមិនសូវនាំមកនូវផលប៉ះពាល់ខ្លាំងទៅលើវិស័យសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកអ្នកអាចទាញយកសៀវភៅបៃតង ស្តីពី គោលនយោបាយ១២៥ចំណុច របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននទៅទីនេះបាន

Close