គបម ស៊ូដើរយឺតលើវិថីនយោបាយថ្មី

គបម ស៊ូដើរយឺតលើវិថីនយោបាយថ្មី

 

ជាធម្មតា នៅក្នុងសង្គមនយោបាយខ្មែរ មានរឿង២ប្រការដែលងាយនឹងចាប់យកចំណាប់អារម្មណ៍ និងប្រជាប្រិយភាពពីមហាជន។ រឿងទី១ គឺបណ្តុះកំហឹងស្អប់ខ្ពើមនឹងយួន (វៀតណាម) និងរឿងទី២ គឺការវាយប្រហារបែបបុគ្គលទៅលើលោក ហ៊ុន សែន(នាយករដ្ឋមន្ត្រីកម្ពុជា)។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សម្រេចមិនធ្វើរឿងទាំង២ប្រការនេះទេ។ ព្រោះអ្វី?

ធ្វើរឿងទី១ នឹងរុញឱ្យប្រជាពលរដ្ឋខ្មែរ ជាពិសេស យុវជន បណ្តុះកំហឹងស្អប់ខ្ពើមក្នុងខ្លួន ឈានទៅប្រើអំពើហិង្សាលើជនជាតិវៀតណាម ផ្តល់លេសគ្រប់គ្រាន់ឱ្យរដ្ឋាភិបាលវៀតណាមលូកដៃចូលកកូរ និងគ្រប់គ្រងនយោបាយកម្ពុជា។

ធ្វើរឿងទី២ នឹងរុញឱ្យលោក ហ៊ុន សែន ខឹងសម្បារ ហើយវាយបកវិញ ដែលធ្វើឱ្យខ្មែរនិងខ្មែរបែកបាក់សាមគ្គីផ្ទៃក្នុង រត់ទៅពឹងបរទេស ងាយស្រួលឱ្យបរទេសលូកដៃកកូរក្នុងនយោបាយកម្ពុជា។

ជំនួសឱ្យការបណ្តុះកំហឹងស្អប់ខ្ពើម គបម ជំរុញទឹកចិត្តយុវជនខ្មែរឱ្យចេះអភិវឌ្ឍខ្លួន កសាងភាពជាអ្នកដឹកនាំ រៀនសូត្រស្គាល់អំពីប្រទេសវៀតណាម យល់ដឹងអំពីភូមិសាស្រ្តនយោបាយតំបន់ ដើម្បីអាចទប់ទល់នឹងមហិច្ឆតារបស់វៀតណាម ជាមួយភាពឈ្លាសវៃ។

ជំនួសឱ្យការវាយប្រហារលើលោក ហ៊ុន សែន ជាលក្ខណៈបុគ្គល GDP ធ្វើការទិតៀនបែបស្ថាបនាលើចំណុចខ្វះខាតនៃរបៀបដឹកនាំរាជរដ្ឋាភិបាលរបស់គាត់ និងប្រកួតប្រជែងជាមួយ CPP លើគោលនយោបាយដឹកនាំប្រទេស។ ការនេះនឹងរុញឱ្យអ្នកនយោបាយខ្មែរចេះប្រកួតគ្នា (ឈ្លោះគ្នា) តាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។

បើទោះជាដឹងថាវិថីនយោបាយដែលយើងកំពុងដើរនេះហាក់យឺតបន្តិច ក៏ប៉ុន្តែគបមនឹងមិននាំឱ្យយុវជនជំនាន់ថ្មីរបស់កម្ពុជាផុងខ្លួនធ្លាក់ក្នុងរណ្តៅនៃភាពស្អប់ខ្ពើម និងគំនិតហិង្សានិយមដែរ។ គបមនឹងបន្តដើរលើវិថីមួយនេះ ដោយមិនឱ្យបរទេសណាមួយមានលេសក្នុងការចូលកកូរក្នុងសង្គមនយោបាយខ្មែរឡើយ។

 

លោកអ្នកអាចទាញយកសៀវភៅបៃតង ស្តីពី គោលនយោបាយ​១២៥​ចំណុច របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននទៅទីនេះបាន

Close