គោលនយោបាយ គ្រូកសិកម្មល្អ កសិករល្អ សហគមន៍ល្អ

គោលនយោបាយ គ្រូកសិកម្មល្អ កសិករល្អ សហគមន៍ល្អ

 

កសិកម្ម គឺជាវិស័យមួយដែលមានសក្តានុពល ក្នុងការជួយជម្រុញទៅដល់សេដ្ឋកិច្ចជាតិទាំងមូល ប៉ុន្តែវិស័យនេះ ក៏ត្រូវមានការគាំទ្រជាចាំបាច់ពីរាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម ដែលធ្វើយ៉ាងណាឱ្យកសិករមានលទ្ធភាពក្នុងការផលិតឱ្យបានទិន្នផលច្រើន និងមានប្រសិទ្ធភាព។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន យល់ឃើញថា តួនាទី និងការទទួលខុសត្រូវសំខាន់បំផុតរបស់ក្រសួងកសិកម្ម គឺធានាឱ្យកសិករ៖

១. មានការផលិតបានច្រើនសម្រាប់ចូលរួមចំណែកលើកស្ទួយវិស័យសេដ្ឋកិច្ច ការងារ និងសន្តិសុខស្បៀង ក៏ដូចជាសុវត្ថិភាពចំណីអាហារ ជូនសង្គមជាតិទាំងមូល។ ទន្ទឹមនឹងនេះ កសិករជាអ្នកផលិត ក៏ត្រូវមានជីវភាពធូរធារ ដើម្បីបន្តនិរន្តរភាពមុខរបរកសិកម្មផងដែរ។

២. ដើម្បីសម្រេចកិច្ចការនេះបាន ក្រសួងកសិកម្មត្រូវមានគោលនយោបាយធានាឱ្យមានធនធានមនុស្សជាគ្រូកសិកម្មល្អ ៥០០០នាក់ ដែលធ្វើការជាមួយគ្រួសារកសិករល្អ ដែលមានសក្តានុពលនៅទូទាំងប្រទេស ដើម្បីឱ្យកសិករទាំងនោះ ទទួលបាន ទឹក ទុន ទីផ្សារ បច្ចេកទេស និងមានសហគមន៍ធ្វើការបម្រើដល់ប្រយោជន៍កសិករ។ ក្នុងដំណាក់កាលពី៥ ទៅ១០ឆ្នាំដំបូង រាជរដ្ឋាភិបាលទទួលខុសត្រូវលើការចំណាយឧបត្ថម្ភដល់គ្រូកសិកម្មល្អ និងរៀបចំឱ្យមានឥណទាន ឬ ទុនកម្ចី ដែលមានការប្រាក់០,៥ភាគរយ ក្នុង១ខែ សម្រាប់ផ្តល់ជាកម្ចីដល់កសិករ តាមរយៈសហគមន៍កសិកម្ម។

៣. នៅពេលកសិករមានជីវភាពធូរធារ សហគមន៍មានដំណើរការល្អ មានប្រាក់ចំណូលច្រើន កសិករនឹងចូលរួមចំណែកជួយឧបត្ថម្ភដល់គ្រូកសិកម្មល្អ ធ្វើការបម្រើកសិករបន្តទៅទៀត ដោយមានការជួយត្រួតពិនិត្យ និងគាំទ្របន្ថែមទៀតពីរាជរដ្ឋាភិបាល។ ដោយឡែកក្នុងករណីដែលប្រទេសជាតិជួបវិបត្តិកូវីដ-១៩ ហើយរាជធានីមានការបិទខ្ទប់ គ្រូកសិកម្មល្អ មានតួនាទី និងការទទួលខុសត្រូវជួយសម្របសម្រួល ដើម្បីឱ្យកសិករអាចនាំយកនូវកសិផលចូលមករាជធានីភ្នំពេញ។

ការធ្វើរបៀបនេះកសិករ ក៏បន្តទទូលបានប្រាក់ចំណូល ហើយអ្នករស់នៅក្នុងរាជធានីភ្នំពេញ និងទីប្រជុំជនផ្សេងៗទៀតក៏ទទួលបាននូវស្បៀងអាហារគ្រប់គ្រាន់ និងតម្លៃសមរម្យ។

 

លោកអ្នកអាចទាញយកសៀវភៅបៃតង ស្តីពី គោលនយោបាយ​១២៥​ចំណុច របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននទៅទីនេះបាន

Close