សេចក្តីស្នើសុំរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថ្ងៃ ១០កក្កដា ជាទិវាសេរីភាពបញ្ចេញមតិនៅកម្ពុជា

សេចក្តីស្នើសុំរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថ្ងៃ ១០កក្កដា ជាទិវាសេរីភាពបញ្ចេញមតិនៅកម្ពុជា

សេចក្តីស្នើសុំរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថ្ងៃ ១០កក្កដា ជាទិវាសេរីភាពបញ្ចេញមតិនៅកម្ពុជា

លោក បណ្ឌិត កែម ឡី មានបទពិសោធន៍ស៊ីជម្រៅបែបវិទ្យាសាស្រ្តអំពីបញ្ហាសង្គម នយោបាយ និងសេដ្ឋកិច្ច តាមរយៈកិច្ចការសិក្សាស្រាវជ្រាវប្រមាណ២០ឆ្នាំរបស់លោក។ លោកបានលះបង់ពេលវេលារបស់លោកយ៉ាងសកម្មដោយមិនគិតអំពីការនឿយហត់ និងគ្រោះថា្នក់ដល់ជីវិត ក្នុងការចែករំលែកការវិភាគរបស់លោកជូនមហាជនទូទៅតាមរយៈប្រព័ន្ធសារព័ត៌មាន។

ទេពកោសល្យនៃការប្រើភាសាសាមញ្ញ ងាយយល់ និងមានខ្លឹមសារអំពីបញ្ហាសង្គម និងនយោបាយដែលស្មុគស្មាញ បានធ្វើឲ្យការវិភាគរបស់លោកមានប្រជាប្រិយភាព និងមានឥទ្ធិពលខ្លាំងនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។ លោកហ៊ាននិយាយតិទៀនរាជរដ្ឋាភិបាល និងគណបក្សនយោបាយដោយត្រង់ៗ ចំៗ ក្នុងបំណងស្ថាបនា និងកែលម្អសម្រាប់ជាប្រយោជន៍ដល់សង្គមជាតិ និងប្រជាជន។

បន្ថែមពីនេះ លោកក៏ចូលចិត្តបញ្ចេញមតិតិះទៀនបញ្ហានយោបាយ និងសង្គមតាមរយៈទំព័របណ្តាញសង្គមហ្វេសប៊ុក ដ៏មានប្រជាប្រិយភាពរបស់លោកតាមបែបជារឿងនិទាន និងរឿងកំប្លែង។ ការហ៊ានបញ្ចេញមតិដោយចំហ និងប្រកបដោយទេព្យកោសល្យខ្ពស់បានជម្រុញកម្លាំងចិត្ត មហាជន ជាពិសេសយុវជនឲ្យហ៊ានជជែកពិភាក្សាអំពីបញ្ហានយោបាយ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមផ្សេងៗ។

លោកបណ្ឌិត កែម ឡី បានបើកយុទ្ធនាការ “១០០រាត្រី” ក្នុងគោលបំណងស្វែងរកការពិត និងចងក្រងជាឯកសារ អំពីស្ថានការណ៍ជាក់ស្តែងរបស់ពលរដ្ឋរស់នៅមូលដ្ឋាន បញ្ហាជនអន្តោប្រវេសន៍ បញ្ហាព្រំដែន បញ្ហាព្រៃឈើ និងដីធ្លី។ ឯកសារនៃយុទ្ធនាការ "១០០រាត្រី" អាចនឹងក្លាយជាឯកសារដ៏សំខាន់សម្រាប់ជាមូលដ្ឋានក្នុងការចងក្រងគោលនយោបាយជាតិសម្រាប់ដោះស្រាយបញ្ហាជាតិធំៗដូចជា បញ្ហាដីធ្លី ជនអន្តោប្រវេសន៍ គ្រប់គ្រងធនធានធម្មជាតិ អភិបាលកិច្ចល្អ និងកាត់បន្ថយភាពក្រីក្រ។

ការបាញ់ប្រហារជីវិតលោក បណ្ឌិត កែម ឡី ដ៏សាហាវព្រៃផ្សៃ នៅថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ នៅកណ្តាលទីក្រុងភ្នំពេញ ក្នុងពេលដែលលោកកំពុងបំពេញបេសកកម្មបញ្ចេញមតិ បានធ្វើឲ្យមហាជនខ្មែរទូទាំងប្រទេស និងរស់នៅក្រៅស្រុក តក់ស្លុត សោកស្តាយ និងចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំក្រៃលែង។ នៅក្នុងថ្ងៃដង្ហែរសពរបស់លោកនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋចូលរួមប្រមាណ២លាននាក់។

ដើម្បីជាការរំលឹកគុណដល់ស្នាដៃ និងការលះបង់ដ៏ខ្ពង់ខ្ពស់ក្នុងបុព្វហេតុសេរីភាពបញ្ចេញមតិរបស់ លោកបណ្ឌិត កែម ឡី និងការលើកស្ទួយសេរីភាពបញ្ចេញមតិជាទូទៅ គណបក្សប្រជាធិបតេយ្យមូលដ្ឋានស្នើសុំរាជរដ្ឋាភិបាលកម្ពុជាកំណត់យកថ្ងៃទី១០ ខែកក្កដា ជាទិវាសេរីភាពបញ្ចេញមតិនៅកម្ពុជា។ សេរីភាពបញ្ចេញមតិជាសមាសធាតុដែលមិនអាចខ្វះបាននៅក្នុងការកសាងសង្គមប្រជាធិបតេយ្យ។

Close