គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នឹង​បង្កើត​សាខា​បក្ស​ពីរ​ទៀត​នៅ​ខេត្ត​រតនគិរី

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នឹង​បង្កើត​សាខា​បក្ស​ពីរ​ទៀត​នៅ​ខេត្ត​រតនគិរី

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នឹង​បង្កើត​សាខា​បក្ស​ពីរ​ទៀត​នៅ​ខេត្ត​រតនគិរី

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គ្រោង​បង្កើត​សាខា​បក្ស​ដឹកនាំ​នៅ​ឃុំ​ចំនួន​ពីរ​ទៀត​នៅ​ខេត្ត​រតនគិរី ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤។ សមាជ​នេះ ធ្វើ​ឡើង​ក្នុង​បំណង​ឲ្យ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ជ្រើសរើស​មន្ត្រី​បក្ស​នៅ​មូលដ្ឋាន​ផ្ទាល់ ដែល​បម្រើ​តាម​ឆន្ទៈ​ប្រជាពលរដ្ឋ​ពិត​ប្រាកដ។

សមាជ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នឹង​ប្រារព្ធ​នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ នៅ​ភូមិ​ប្លង់ ឃុំ​ប៉ាតេ និង​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ នៅ​នៅ​ភូមិ​សោមគល់ ឃុំ​សោមធំ ដើម្បី​អនុម័ត​គោល​នយោបាយ​អភិវឌ្ឍន៍​មូលដ្ឋាន និង​បោះឆ្នោត​ជ្រើសរើស​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​ឃុំ​នៅ​ឃុំ​ទាំង​ពីរ។

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យេង វីរៈ បញ្ជាក់​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ថា គោល​នយោបាយ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គឺ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ជា​អ្នក​ជ្រើសរើស​ថ្នាក់​ដឹកនាំ​ដោយ​ផ្ទាល់ ដើម្បី​បំពេញ​ការងារ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។ លោក​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ចង់​បាន​ថ្នាក់​ដឹកនាំ​នៅ​មូលដ្ឋាន​ក្នុង​ក្របខ័ណ្ឌ​អភិបាលកិច្ច​ល្អ ដើម្បី​ការពារ​ប្រយោជន៍​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់៖ «មែនទែន​ទៅ យើង​ធ្វើ​មិន​លោភ​បរិមាណ​ឃុំ​ទេ។ ខ្ញុំ​គិត​ថា​ប៉ុណ្ណឹង​ដូចជា​ទំនង​ហើយ​នៅ​រតនគិរី ស្រុក​អូរយ៉ាដាវ ប៉ុន្តែ​បើ​សិន​ជា​ប្រជាពលរដ្ឋ​អ្នក​ភូមិ​គាត់​នៅ​ចាប់​អារម្មណ៍ ចង់​រៀបចំ យើង​នឹង​រៀបចំ​ឲ្យ​គាត់​ទៀត»

ឃុំ​គងធំ និង​ឃុំ​សោមធំ គឺ​ជា​ឃុំ​ទី​៤ និង​ទី​ឃុំ​៥ ក្នុង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ដែល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន រៀបចំ​សមាជ​បោះឆ្នោត​ជ្រើសរើស​គណៈកម្មការ​ប្រតិបត្តិ​ដឹកនាំ​មុន​ពេល​ការ​បោះឆ្នោត​ឃុំ-សង្កាត់ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។

ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ឃុំ​ប៉ក់ញ៉ៃ លោក រម៉ាស់ ស្វាន់ បញ្ជាក់​ថា ប្រជាពលរដ្ឋ​ប្រមាណ ៤០​នាក់​នឹង​ចូលរួម​បើក​សមាជ​លើក​ដំបូង​នៅ​ភូមិ​សោមគល់។ លោក​ថា សមាជិក​គណៈកម្មការ​ប្រតិបត្តិ​ឃុំ នឹង​ត្រូវ​បាន​ប្រជាពលរដ្ឋ​បោះឆ្នោត​សម្ងាត់​ជ្រើសរើស​តំណាង​បក្ស​នៅ​ក្នុង​មូលដ្ឋាន​នេះ៖ «គណបក្ស​មុនៗ​ធ្វើ​ល្អ​ដែរ តែ​បុគ្គល​ធ្វើ​អាក្រក់​ប្រជាពលរដ្ឋ​អត់​ហ៊ាន​បោះឆ្នោត​ទម្លាក់ តែ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នេះ បើ​គេ​ដឹង​ថា​ធ្វើ​ខុស គេ​ហ៊ាន​ដក​អត់​ចាំ​ថ្នាក់​លើ​ទេ»

អនុប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​រតនគិរី លោក អៀម អឿន កន្លង​ទៅ​នេះ ចាត់​ទុក​សមាជ​បោះឆ្នោត​ជ្រើស​ថ្នាក់​ដឹកនាំ​បក្ស​នៅ​មូលដ្ឋាន​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ថា​ជា​សិទ្ធិ​នយោបាយ​របស់​គណបក្ស និង​ការ​ចូលរួម​របស់​ពលរដ្ឋ​ដែល​រដ្ឋធម្មនុញ្ញ​បាន​កំណត់។ ប៉ុន្តែ​លោក​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មិន​អាច​ដណ្ដើម​សំឡេង​ឆ្នោត​ពី​ប្រជាពលរដ្ឋ​បាន​ច្រើន​ទេ ក្រៅ​ពី​បំបែក​សន្លឹក​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​គម្រោង​រៀបចំ​សមាជ​នៅ​ឃុំ-សង្កាត់​ប្រមាណ ១០០ សម្រាប់​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នា​ពេល​ខាង​មុខ​នេះ ក្នុង​នោះ​គណបក្ស​នេះ​គាំទ្រ​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​នៅ​ឃុំ​ចំនួន​២០ ឲ្យ​ក្លាយ​ជា​ឃុំ​គំរូ​ផ្នែក​អភិបាលកិច្ច​ល្អ តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដើម្បី​ដណ្ដើម​សំឡេង​ឆ្នោត​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ។

បច្ចុប្បន្ន គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បង្កើត​បាន​គណៈកម្មការ​ប្រតិបត្តិ​ថ្នាក់​ឃុំ​ចំនួន​២១ រួម​ទាំង​ឃុំ​សោមធំ និង​ឃុំ​គងធំ គឺ​ជា​ឃុំ​ទី​២២ និង​ឃុំ​ទី​២៣ ដែល​បាន​បង្កើត​ឡើង៕

ប្រភព៖ RFA

Related Articles

Close