បក្ស​​ប្រជាធិបតេយ្យ​​មូលដ្ឋាន​​យក​​ស្រុក​​អូរយ៉ាដាវ​​ជា​​គោលដៅ​​ប្រកួត​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់

បក្ស​​ប្រជាធិបតេយ្យ​​មូលដ្ឋាន​​យក​​ស្រុក​​អូរយ៉ាដាវ​​ជា​​គោលដៅ​​ប្រកួត​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់

បក្ស​​ប្រជាធិបតេយ្យ​​មូលដ្ឋាន​​យក​​ស្រុក​​អូរយ៉ាដាវ​​ជា​​គោលដៅ​​ប្រកួត​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​រៀបចំ​មន្ត្រី​បក្ស​នៅ​មូលដ្ឋាន​នៅ​ខេត្ត​រតនគិរី បន្ថែម​ទៀត ដើម្បី​ត្រៀម​ប្រកួតប្រជែង​រក​សំឡេង​ឆ្នោត​ក្នុង​តំណែង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ឆ្នាំ​២០១៧ ខាង​​មុខ​នេះ។

ស្រុក​អូរយ៉ាដាវ គឺ​ជា​ស្រុក​គោលដៅ​មួយ​ដែល​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​​រំពឹង​ថា នឹង​អាច​ដណ្ដើម​សន្លឹក​ឆ្នោត​គាំទ្រ​បេក្ខភាព​គណបក្ស​ក្នុង​តួនាទី​ប្រធាន​ក្រុមប្រឹក្សា​ឃុំ។

​ជនជាតិ​ដើម​ភាគតិច​ជាង ១០០​នាក់ មក​ពី​ភូមិ​ចំនួន​បី ក្នុង​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នាំ​គ្នា​ចូលរួម​សមាជ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជ្រើសរើស​ថ្នាក់ដឹកនាំ​គណបក្ស​ឃុំ​ជា​លើក​ដំបូង​ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៤។

ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ មក​ពី​ភូមិ​ប្លង់ ភូមិ​គងយុ ភូមិ​គងធំ រួម​ទាំង​តំណាង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ឃុំ​ចំនួន​បី ក្នុង​ស្រុក​អូរយ៉ាដាវ និង​សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន​ក៏​បាន​ចូលរួម​ពិធី​ដែល​រំលេច​ដោយ​បដា​ស្លាក​សញ្ញា​គណបក្ស​បាន​ដាក់​តាំង​បង្ហាញ​សមាជិក​ក្នុង​អង្គ​សមាជ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ នៅ​ភូមិ​ប្លង់ ឃុំ​ប៉ាតេ។

​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉េង វីរៈ កត់សំគាល់​ថា នេះ​ជា​ការ​ផ្លាស់ប្ដូរ​មួយ​ដែល​ប្រជាពលរដ្ឋ​នៅ​ឃុំ​នេះ​ស្ម័គ្រចិត្ត​ទទួល​យក​គោលនយោបាយ​ថ្មី និង​គណបក្ស​ថ្មី​ដែល​ឈរ​លើ​ការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​បក្ស​ថ្នាក់​ឃុំ តាម​រយៈ​ការ​បោះឆ្នោត​ដោយ​ប្រជាពលរដ្ឋ​ផ្ទាល់។ លោក​ថា នេះ​ជា​សញ្ញា​វិជ្ជមាន​ដែល​ពលរដ្ឋ​នៅ​មូលដ្ឋាន​ត្រៀម​លក្ខណៈ​សម្បត្តិ​ជ្រើសរើស​ថ្នាក់ដឹកនាំ​ឃុំ​ដើម្បី​កៀរគរ​រក​សំឡេង​ប្រជាពលរដ្ឋ​គាំទ្រ​ឲ្យ​បាន​ច្រើន​សម្រាប់​ការ​ប្រកួត​ប្រជែង​រក​សំឡេង​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​ខេត្ត​ដាច់​ស្រយាល​មួយ​នេះ៖ «ការ​បង្ក​លក្ខណៈ​ឲ្យ​គាត់​ធ្វើ​ទង្វើ​ល្អ និង​ឱកាស​លើក​ទឹក​ចិត្ត​អ្នក​មាន​សមត្ថភាព មនុស្ស​ល្អៗ​ឈរ​ឈ្មោះ។ យើង​នឹង​រៀបចំ​សមាជ​បក្ស​ឃុំ​លើក​ទី​២ នៅ​ប៉ាតេ​នេះ ដើម្បី​ឲ្យ​សមាជិក​បោះឆ្នោត​ជ្រើស​តាំង​បេក្ខភាព​ដែល​ពួកគាត់​ចង់​ឲ្យ​ធ្វើ​ជា​មេ​ឃុំ»

​ឃុំ​ប៉ាតេ កាល​ពី​​អាណត្តិ​កន្លង​ទៅ​នេះ គណបក្ស សម រង្ស៊ី បាន​ឈ្នះ​ឆ្នោត​ក្នុង​តំណែង​ដឹកនាំ​ប្រធាន​ក្រុម​​ប្រឹក្សា​ឃុំ​រួម​ជាមួយ​គណបក្ស​ប្រជាជន​ដែល​ជាប់​ឆ្នោត​លំដាប់​ទី​២ ជា​ជំទប់ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ដែល​មាន​សមាសភាព​សរុប​ចំនួន ៥​រូប។

ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​ប្រជាធិបតេយ្យ​ឃុំ​ប៉ាតេ ដែល​ត្រូវ​បាន​សមាជិក​អ្នក​ចូល​រួម​សមាជ​នោះ​ឆ្នោត​គាំទ្រ​ឲ្យ​ដឹកនាំ​បក្ស លោក សេវ ហ្លិច បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ដឹកនាំ​ប្រជាពលរដ្ឋ​តាម​ពាក្យ​ស្លោក និង​គោលនយោបាយ​គណបក្ស​ពោល​គឺ​ការ​ដឹក​នាំ​នៅ​មូលដ្ឋាន​ដោយ​អនុវត្ត​ឲ្យ​មាន​មេ​ភូមិ​ល្អ មេ​ឃុំ​ល្អ គ្រូបង្រៀន​ល្អ គ្រូពេទ្យ​ល្អ និង​ប៉ូលិស​ល្អ​បម្រើ​ប្រជាពលរដ្ឋ​ផ្ទាល់។ លោក​រំពឹង​ថា គោលនយោបាយ​នេះ​នឹង​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ថ្មី​ដែល​ជា​សមាសភាព​គំរូ​មិន​ប្រព្រឹត្ត​អំពើ​ពុករលួយ៖ «សង្ឃឹម​បាន​យក​សន្លឹក​ឆ្នោត​ដោយសារ​ប្រជាពលរដ្ឋ មិន​មែន​ខ្ញុំ​ចេះ​ធ្វើ​ខ្លួន​ខ្ញុំ​ទេ បើ​សិន​គេ​ឃើញ​ខ្ញុំ​ធ្វើ​ល្អ អភិវឌ្ឍន៍ ប្រជាពលរដ្ឋ​គាំទ្រ​ខ្ញុំ។ ចំណុច​ដឹកនាំ​ប្រជាជន​យើង​ឃើញ​បញ្ហា​យើង​ដោះស្រាយ​ជូន​ប្រជាជន»

នៅ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ឃុំ​ប៉ាតេ គឺ​ជា​ឃុំ​ទី​៤​ហើយ​ដែល​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ចូលរួម​សមាជ​បង្កើត​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។ តាម​ការ​គ្រោង​ទុក​ឃុំ​សោមធំ គឺ​ជា​ឃុំ​ទី​៥ ដែល​នឹង​ធ្វើ​សមាជ​ដូច​គ្នា​ដែល​ធ្វើ​ឲ្យ​ចំនួន​សាខា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ថ្នាក់​ឃុំ​កើន​ឡើង​ដល់ ២៣​ឃុំ នៅ​ខេត្ត​ចំនួន​៨។

ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ កញ្ញា សែវ ថែម ដែល​ចូលរួម​សង្កេតការណ៍​ក្នុង​សមាជ​នេះ បញ្ជាក់​ថា ការ​ជ្រើសរើស​សមាសភាព​ដឹកនាំ​បក្ស​នៅ​មូលដ្ឋាន​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មាន​លក្ខណៈ​ប្រជាធិបតេយ្យ និង​ដោយ​ស្ម័គ្រចិត្ត​គ្មាន​ការ​បង្ខិតបង្ខំ។ កញ្ញា​កត់សំគាល់​ថា សមាជិក​សមាជ​គឺ​ជា​អ្នក​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​បក្ស រួម​មាន​តំណាង​យុវជន យុវនារី តំណាង​ស្ត្រី​ដោយ​ការ​បោះឆ្នោត​សម្ងាត់៖ «យើង​ជ្រើសរើស​ដល់​ប្រធាន​បក្ស ឬ​ក្រុម​យុវតី ក្រុម​យុវជន​អត់​មាន​អ្នក​ណា​បង្ខំ​យើង​ទេ បោះឆ្នោត​ដោយ​អ្នក​ភូមិ​យើង​ផ្ទាល់ ដោយ​ស្ម័គ្រចិត្ត»

ចំណែក​នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ប៉ាតេ ដែល​ចូលរួម​សង្កេតការណ៍ លោក ពូយ យុង ថ្លែង​ថា នេះ​ជា​សមាជ​មាន​លក្ខណៈ​ប្រជាធិបតេយ្យ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ចូល​រួម​គ្រប់​និន្នាការ​គណបក្ស​នយោបាយ និង​ធ្វើ​សមាជ​ជ្រើសរើស​ថ្នាក់ដឹកនាំ​បក្ស​ដែល​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ចូល​ជា​សមាជិក៖ «បក្ស​ណា​ធ្វើ​ល្អ​ចៀសវាង​អំពើ​ពុករលួយ​យើង​តាម។ បើ​សិន​យើង​តាម​គណបក្ស​នេះ បើ​ថ្ងៃ​ក្រោយ​គាត់​ធ្វើ​អត់​ល្អ យើង​បោះ​ឲ្យ​អ្នក​ផ្សេង បក្ស​ណា​ដែល​ដឹកនាំ​ល្អ គេ​នឹង​បោះឆ្នោត​បន្ត»

​តាម​ការ​គ្រោង​ទុក គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នឹង​រៀបចំ​សមាជ​បង្កើត​សាខា​បក្ស​ថ្នាក់​ឃុំ​ចំនួន ១០០ នៅ​ទូទាំង​ប្រទេស​សម្រាប់​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ឃុំ​សង្កាត់ ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ ជំហាន​ដំបូង គណបក្ស​នេះ​គាំទ្រ​រៀបចំ​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​នៅ​ឃុំ​ចំនួន ២០ ឲ្យ​ក្លាយ​ជា​ថ្នាក់ដឹកនាំ​គំរូ​ផ្នែក​អភិបាលកិច្ច​ល្អ​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ដើម្បី​ដណ្ដើម​សំឡេង​ឆ្នោត​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ៕

ប្រភព៖ RFA

Related Articles

Close