គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នឹង​ធ្វើ​សមាជ​ជ្រើស​រើស​មេ​បក្ស​នៅ​ថ្ងៃ​អាទិត្យ​នេះ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នឹង​ធ្វើ​សមាជ​ជ្រើស​រើស​មេ​បក្ស​នៅ​ថ្ងៃ​អាទិត្យ​នេះ

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​២៧ សីហា​ខាង​មុខ​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នឹង​រៀប​ចំ​សមាជ​របស់​ខ្លួន​ជា​លើក​ទី​១ បន្ទាប់​ពី​កើត​ចេញ​ជា​រូប​រាង​កាល​ពី​ឆ្នាំ​២០១៥។ សមាជ​ថ្នាក់​ជាតិ​ជា​លើក​ទី​១​នេះ គឺ​ដើម្បី​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​គណបក្ស​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ខាង​មុខ។ សមាជ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នឹង​ធ្វើ​ឡើង​នៅ​ទី​ស្នាក់​ការ​គណបក្ស​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

សមាជ​ជា​លើក​ទី​មួយ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នេះ ​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង ដើម្បី​បោះ​ឆ្នោត​គាំទ្រ​លក្ខន្តិកៈ និង​សមាសភាព​គណៈកម្មការធិការ​នាយក​ទី​១ និង​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​គណបក្ស​ឫ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ ប្រធាន​គណៈកម្មាធិការ​នាយក​ទី​១ និង​ប្រធាន​គណៈកម្មាធិការ​ដោះ​ស្រាយ​វិវាទ និង​វិន័យ​របស់​គណបក្ស។

លោក​សាម អ៊ីន អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​បញ្ជាក់​ថា នៅ​ក្នុង​សមាជ​ជា​លើក​ទី​១​នេះ នឹង​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​មេ​ដឹក​នាំ​ថ្មី​ទាំង​នេះ​ដោយ​ផ្ទាល់​តែ​ម្តង ពោល គឺ​គ្មាន​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​ដឹក​នាំ​ទុក​ជា​មុន​ហើយ​បោះ​ឆ្នោត​គ្រាន់​តែ​បង្រ្គប់​កិច្ច​នោះ​ឡើយ។ បើ​តាម​លោក​សាម អ៊ីន សម្រាប់​តំណែង​ទាំង​៣​នេះ មាន​បេក្ខជន​ចំនួន​៤​រូប គឺ​លោក​យង់ សាំង​កុមារ លោក​យ៉េង វិរៈ លោក​ស្រី ប្រក់ វន្នី និង​លោក​ស្រី​ឡឹក រដ្ឋា។ អ្នក​ទាំង​នេះ គឺ​មក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង វិស័យ​ឯកជន។

សូម​បញ្ជាក់​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥​កន្លង​ទៅ ដោយ​ក្លាយ​ចេញ​មក​ពី​បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​បញ្ញវន្ត និង​ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល។ ក្នុង​ចំណោម​នោះ ក៏​មាន​លោក​បណ្ឌិត​កែម ឡី អ្នក​វិភាគ​បញ្ហា​នយោបាយ និង​សង្គម​ដ៏​ល្បី​ឈ្មោះ​ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី​ឆ្នាំ​ទៅ​ផង​ដែរ។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​ទស្សន​វិស័យ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​មាន​ជីវិត​ថ្លៃ​ថ្នូរ​និង​ប្រទេស​ជាតិ​មាន​អធិបតេយ្យ​ពេញ​លេញ ហើយ​បេសកកម្ម​របស់​គណបក្ស​វិញ គឺ​បណ្តុះ​អ្នក​ដឹក​នាំ​ល្អ និង​កសាង​មូលដ្ឋាន​គ្រឹះ ប្រជាធិបតេយ្យ​ទូទាំង​ប្រទេស។

កាល​ពី​បោះ​ឆ្នោត​ឃុំ​សង្កាត់​កន្លង​ទៅ​ដែល​ជា​ការ​ចូល​រួម​ជា​លើក​ដំបូង​របស់​ខ្លួន គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ទទួល​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ចំនួន​៥ គឺ​ជំទប់​ទី​១​ម្នាក់ ជំទប់​ទី​២ ពីរ​នាក់ និង​សមាជិក​ក្រុម​ប្រឹក្សា​២​នាក់​ទៀត​នៅ​ក្នុង​ខេត្ត​ចំនួន​៣ គឺ​រតនៈគិរី កំពង់ធំ និង​ខេត្ត​កំពត។ ដោយ​ឡែក​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨​វិញ គណបក្ស​នេះ​ក៏​នឹង​ចូល​រួម​ប្រកួត​ប្រជែង​ផង​ដែរ​ហើយ​បាន​បញ្ជាក់​ជំហរ​ថា នឹង​មិន​ទៅ​ចូល​រួម​ជាមួយ​គណបក្ស​នយោបាយ​ណា​ផ្សេង​នោះ​ឡើយ៕

ប្រភព៖ RFI

Close