អំពី គបម

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
“ជម្រើសថ្មីសម្រាប់កម្ពុជា”

អ្នកស្រលាញ់ប្រជាធិបតេយ្យបែបវិមជ្ឈការ មកពីឃុំ សង្កាត់ចំនួន ១០ និងបណ្តាញសង្គមខ្មែរដើម្បីខ្មែរ បានផ្តួចផ្តើម គំនិតបង្កើតគណបក្សនយោបាយមួយ តាមរយៈសមាជដំបូង នាថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៥។

រូបត្រីកោណ តំណាងឲ្យ ប្រជាធិបតេយ្យពីក្រោមមកលើ យកប្រជាពលរដ្ឋតាមមូលដ្ឋានជាធំ ដែលមានផ្ទៃខាងក្នុង ពណ៌បៃតង ជ្រុងបាតពណ៌ក្រហម ជ្រុងទាំងសងខាងពណ៌ខៀវ និងអក្សរ «គ ប ម» ពណ៌ស នៅចំកណ្តាលផ្ទៃទាំងមូល។

បៃតង តំណាងឲ្យ «ធម្មជាតិ កសិកម្ម និងប្រជាធិបតេយ្យមូលដ្ឋាន», ពណ៌ក្រហម តំណាងឲ្យ «ការតស៊ូ ព្យាយាម និងយុត្តិធម៌», ពណ៌ខៀវ តំណាងឲ្យ «សិទ្ធិ សេរីភាព និងច្បាប់», ពណ៌ស តំណាងឲ្យ «តម្លាភាព ស្មោះត្រង់ និងសុចរិតភាព»។

  • គុណតម្លៃ
    «សាមគ្គីភាព យុត្តិធម៌ អហិង្សា»
  • ទស្សនវិស័យ (គោលបំណងវែងឆ្ងាយ)
    “ប្រជាពលរដ្ឋរស់នៅមានជីវិតថ្លៃថ្នូរ និងប្រទេសជាតិ មានអធិបតេយ្យពេញលេញ”
  • បេសកកម្ម
    “បណ្តុះអ្នកដឹកនាំល្អ និងកសាងមូលដ្ឋានគ្រឹះ ប្រជាធិបតេយ្យទូទាំងប្រទេស”

គោលការណ៍គ្រឹះ

១-ស្ម័គ្រចិត្ត និងបើកចំហ

២-សមាជិកធិបតេយ្យ (ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស)

៣-ប្រជាធិបតេយ្យបែបវិមជ្ឈការ

៤-អ្នកដឹកនាំខាងលើដើរតួនាទីជាអ្នកសម្របសម្រួល និងពង្រឹងសមត្ថភាពសមាជិក និងប្រជាពលរដ្ឋទូទៅ

៥-ភាពជាម្ចាស់ ជាពិសេសស្វ័យភាពហិរញ្ញវត្ថុ។

គោលការណ៍សំខាន់ៗក្នុងការរៀបចំរចនាសម្ព័ន្ធដឹកនាំរបស់   

១- សមាជជាអង្គការកំពូលរបស់ គ ប ម (សមាជមូល ដ្ឋាន និងថ្នាក់ជាតិ) ដែលមានសមាជិកជាប្រតិភូតំណាងដែលជ្រើសតាំងតាមរយៈការបោះឆ្នោត។

២- រាល់សមាជិកក្នុងរចនាសម្ព័ន្ធដឹកនាំថ្នាក់ឃុំ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ ខេត្ត/រាជធានី និងជាតិត្រូវជ្រើសតាំងពីក្រោមមកលើ តាមរយៈការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌ តាមរយៈសមាជ។ ញាតិលោហិត និងញាតិពន្ធទី១ (ប្តី ប្រពន្ធ កូន បងប្អូនឪពុកម្តាយ បង្កើត ក្មេក និងសាច់ថ្លៃ) ត្រូវហាមឃាត់នៅក្នុងសមាសភាព ថ្នាក់ដឹកនាំចាប់ពីថ្នាក់ឃុំដល់ជាតិ (ក្នុងអង្គភាពគ្រប់គ្រងតែមួយ)។ សមាជិកដែលស្ថិតនៅក្នុងរចនាសម្ព័ន្ធថ្នាក់ដឹកនាំនឹងអាចត្រូវបានបោះឆ្នោតដកចេញ ពីតួនាទីក្នុងចន្លោះអាណត្តិក្នុងករណីចាំបាច់។

៣- បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់ តំណាងរាស្រ្ត គ្រប់ខេត្ត និងរាជធានី ត្រូវជ្រើសតាំងតាមរយៈការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ ដោយសមាជិកជំហរនៅតាម ឃុំ/សង្កាត់ ខេត្ត និងរាជធានីនីមួយៗ។

៤- បេក្ខជននាយករដ្ឋមន្ត្រីត្រូវបានបោះឆ្នោតជ្រើសតាំង ដោយសមាជថ្នាក់ជាតិ។

៥- រាល់សមាជិកក្នុងរចនាសម្ព័ន្ធដឹកនាំ ចាប់ពីថ្នាក់ឃុំ ដល់ថ្នាក់ជាតិ ត្រូវប្រកាសទ្រព្យសម្បត្តិដោយចំហ នៅពេលទទួលតួនាទីក្នុងអង្គការរដ្ឋ។

គោលការណ៍សមាជិកភាព

គ ប ម អនុវត្តតាមគោលការណ៍សមាជិកធិបតេយ្យ មានន័យថា យកសមាជិកជាធំ។ ភាពរឹងមាំ និងរីកចម្រើនរបស់ គ ប ម អាស្រ័យលើការចូលរួមរបស់សមាជិក ក្នុងការពង្រឹង ពង្រីកគណបក្ស។

សមាជិក គ ប ម មានកាតព្វកិច្ចមាន និងសិទ្ធិសំខាន់ៗដូចខាងក្រោម ៖

ក-សិទ្ធិរបស់សមាជិក

១- ផ្តល់យោបល់ និងគំនិតផ្សេងៗដល់គណបក្ស

២- ចូលរួមការសម្រេចចិត្តសំខាន់ៗរបស់គណបក្ស

៣- បោះឆ្នោតជ្រើសរើសតំណាង និងអ្នកដឹកនាំបក្ស និង មានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាង ឬអ្នកដឹកនាំបក្ស

៤-បោះឆ្នោតជ្រើសរើសបេក្ខជនក្រុមប្រឹក្សា ឃុំ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ ខេត្ត/រាជធានី ព្រឹទ្ធសភា និងរដ្ឋសភា និងមានសិទ្ធិឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សា ឃុំ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ ខេត្ត/រាជធានី ព្រឹទ្ធសភា និងរដ្ឋសភា

ខ-កាតព្វកិច្ចរបស់សមាជិក គ ប ម

១- ស្វែងយល់ និងជួយផ្សព្វផ្សាយអំពី គ ប ម

២- ជួយស្វែងរកសមាជិក និងអ្នកគាំទ្រ គ ប ម

៣- ចូលរួមពិគ្រោះយោបល់ ការប្រជុំ សមាជ និងសកម្មភាពផ្សេងៗរបស់ គ ប ម

៤- បង់ប្រាក់សមាជិកភាពទ្រទ្រង់ គ ប ម ទៀតទាត់ តាមគោលការណ៍ដូចខាងក្រោម ៖ – យ៉ាងតិច ២.០០០៛/១ខែ សម្រាប់អ្នកមានចំណូលតិច – យ៉ាងតិច ១០.០០០៛/១ខែ សម្រាប់អ្នកមានចំណូលមធ្យម – យ៉ាងតិច ៤០.០០០៛/១ខែ សម្រាប់អ្នកមានចំណូលខ្ពស់ សមាជិកដែលត្រៀមខ្លួនឈរឈ្មោះជាតំណាង ថ្នាក់ដឹកនាំបក្ស និងជាបេក្ខជនតំណាងប្រជាពលរដ្ឋតាំងពីថ្នាក់ឃុំ/សង្កាត់ ដល់ថ្នាក់ជាតិ ត្រូវចាត់ទុកជាសមាជិកជំហរ។ សមាជិកជំហរបំពេញកាតព្វកិច្ចបន្ថែម ដូចជាការចូលរួមប្រជុំទៀងទាត់ មានភាពសកម្មក្នុងការស្វែងរកសមាជិក និងអ្នកគាំទ្រ និងចូលជាសមាជិកក្រុមសន្សំ។

គ-ការចុះឈ្មោះជាសមាជិក

ប្រជាពលរដ្ឋដែលមានអាយុលើសពី១៦ឆ្នាំឡើងទៅ និងមានគុណសម្បត្តិដូចខាងក្រោម អាចចុះឈ្មោះជាសមាជិក គ ប ម

១- យល់ច្បាស់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់សមាជិក

២- មានសីលធម៌ល្អ ស្មោះត្រង់ គោរពគុណតម្លៃ និងគោលការណ៍គ្រឹះរបស់ គ ប ម

៣- មានមនសិការជាតិ និងគិតផលប្រយោជន៍រួមជាធំ

៤- យល់ច្បាស់និងគាំទ្រ ទស្សនៈនយោបាយ គុណតម្លៃ គោលបំណងវែងឆ្ងាយ និងគោលការណ៍រួមរបស់ គ ប ម

៥- អនុវត្តតាមក្រមសីលធម៌របស់សមាជិក គ ប ម

គោលការណ៍ហិរញ្ញវត្ថុ

ប្រភពថវិកាសម្រាប់ទ្រទ្រង់ គ ប ម

១- វិភាគទានសមាជិកភាព

២- ចំណូលពីការប្រាក់របស់ក្រុមសន្សំ និងការវិនិយោគផ្សេងៗ

៣- វិភាគទានស្ម័គ្រចិត្តរបស់អ្នកគាំទ្រ និង

៤- ចំណូលស្របច្បាប់ផ្សេងៗ

គោលការណ៍ និងការគ្រប់គ្រងចំណូលចំណាយ

១- តម្លាភាព និងគណនេយ្យភាព

២- មានគំរោងផែនការថវិកា និងខ្ទង់ចំណាយច្បាស់លាស់

៣- គោរពតាមគោលការណ៍គ្រប់គ្រងហិរញ្ញវត្ថុ។