សេចក្តីថ្លែងការណ៍ ស្តីពីជំហរ គបម ក្រោយការបោះឆ្នោត

សេចក្តីថ្លែងការណ៍ ស្តីពីជំហរ គបម ក្រោយការបោះឆ្នោត

សេចក្តីថ្លែងការណ៍ ស្តីពីជំហរ គបម ក្រោយការបោះឆ្នោត

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានដឹងជាមុនថា ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នេះ មិនគោរពតាមនិយាម សេរី និងយុត្តិធម៌ ទាំងស្រុងទេ​ ដោយសារមានការរំលាយគណបក្សសង្គ្រោះជាតិ ការគំរាមកំហែងដល់អង្គការសង្គមស៊ីវិល ការកំហិតសិទ្ធិសេរីភាពសារព័ត៌មាន ការបំភិតបំភ័យ ការទិញសន្លឹកឆ្នោត និងការប្រើប្រាស់រចនាសម្ព័ន្ធរដ្ឋ ធ្វើយុទ្ធនាការមុនរដូវឃោសនា។

ទោះជាយ៉ាងណាក៏ដោយ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសម្រេចចិត្តចូលរួមការបោះឆ្នោត ពីព្រោះយើងចង់បណ្តុះ និងសាបព្រោះវប្បធម៌នយោបាយថ្មី និងផ្តល់ឱកាសថ្មីជូនដល់ប្រជាពលរដ្ឋខ្មែរ ហើយយើងជឿលើប្រជាពលរដ្ឋខ្មែរសម្រាប់ធ្វើការសម្រេចចិត្តគាំទ្រការផ្លាស់ប្តូរដោយសន្តិភាព។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មិនអាចដាក់ភ្នាក់ងារសង្កេតការណ៍គ្រប់គ្រាន់ ហើយពុំមានអ្នកសង្កេតការណ៍ពីអង្គការសង្គមស៊ីវិលដែលអាចយើងជឿជាក់បាន ដូច្នេះយើងពុំអាចធ្វើការសន្និដ្ឋានបាន លើស្ថិតិនៃអ្នកទៅបោះឆ្នោតដែលមានចំនួន ៨២.៨៩%  និងលទ្ធផលនៃការបោះឆ្នោតនេះថាត្រឹមត្រូវទាំងស្រុងឬយ៉ាងណាទេ។

យើងសូមថ្លែងអំណរគុណដល់អ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលជាការចូលរួមចំណែកក្នុងការបណ្តុះគ្រាប់ពូជនៃវប្បធម៌នយោបាយថ្មី។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងបន្តដំណើរទៅមុខទៀត ដើម្បីធ្វើការអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងអំពីសិទ្ធិពលរដ្ឋក្នុងវិស័យនយោបាយ និងតួនាទីរដ្ឋសភា ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ក្នុងការបម្រើប្រជាពលរដ្ឋ ក៏ដូចជាបន្តផ្សព្វផ្សាយគោលនយោបាយ និងគោលការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឱ្យបានទូលំទូលាយថែមទៀត ព្រមទាំងបណ្តុះយុវជនឱ្យក្លាយជាអ្នកដឹកនាំល្អ៕

 

Close