សំណួរ ចម្លើយ ពី គបម

សំណួរទាក់ទងនឹងការបង្កើតអ្នកដឹកនាំតាមមូលដ្ឋាន

 • ១) តើហេតុអ្វីចាំបាច់ត្រូវចាប់ផ្ដើមពីថ្នាក់ក្រោមមកវិញ?
  ការកសាងប្រជាធិបតេយ្យដែលរឹងមាំនិងពិតប្រាកដបាន ទាមទារការយល់ដឹងនិងការចូលរួមដ៏ទូលំទូលាយពីប្រជាពលរដ្ឋទូទៅ។ ការចាប់ផ្តើមពីក្រោមមកលើដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ដឹងច្បាស់លើគោលការណ៍ប្រជាធិបតេយ្យ តាមរយៈការអនុវត្តជាក់ស្តែងនូវគោលការណ៍ប្រជាធិបតេយ្យទាំងនេះ ដូចជាការសម្រេចជ្រើសរើសអ្នកដឹកនាំរបស់ខ្លួននៅតាមមូលដ្ឋាននិងគោលនយោបាយអភិវឌ្ឍនឃុំ-សង្កាត់។ 

  ការអនុវត្តជាក់ស្តែងធ្វើឲ្យពលរដ្ឋមានភាពជឿជាក់លើគោលការណ៍ប្រជាធិបតេយ្យនិងចូលរួមកាន់តែសកម្ម។

 • ២) តើអ្នកដឹកនាំតាមមូលដ្ឋានទាំងនោះមកពីណា?
  អ្នកដឹកនាំមូលដ្ឋានជាអ្នករស់នៅតាមមូលដ្ឋានផ្ទាល់ ដែលមានទឹកចិត្តចង់ជួយនិងចូលរួមដោះស្រាយបញ្ហានៅមូលដ្ឋាននិងក្នុងសង្គមជាតិ។ ពួកគាត់ជាមនុស្សមានសីលធម៌ល្អ មានការយល់ដឹងអំពីបញ្ហានៅមូលដ្ឋាន និងចូលចិត្តធ្វើការរួមសាមគ្គីគ្នាជាក្រុម។
 • ៣) តើអ្នកដឹកនាំមូលដ្ឋាននោះគេត្រូវរៀនពីអ្វីខ្លះ?
  អ្នកដឹកនាំមូលដ្ឋាននឹងត្រូវបានបង្រៀនឲ្យយល់ដឹងអំពីគោលការណ៍គ្រឹះសំខាន់ៗរបស់ គបម ការរៀបចំនិងពង្រឹងក្រុមការងារ ការវិភាគបញ្ហាអភិវឌ្ឍន៍មូលដ្ឋាន ការកសាងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ ភាពជាអ្នកដឹកនាំល្អ តួនាទីនិងភារកិច្ចក្រុមប្រឹក្សាឃុំ-សង្កាត់ មេឃុំគំរូ ក្រុមសន្សំប្រាក់ និងបច្ចេកទេសកសិកម្ម។
 • ៤) តើធ្វើយ៉ាងម៉េចទើបដឹងថាខ្ញុំអាចក្លាយជាអ្នកដឹកនាំនៅតាមមូលដ្ឋានបានដែរ?
  អ្នកត្រូវចូលរួមរៀនសូត្រ ប្រជុំជាមួយក្រុមការងារ គបម តាមឃុំ-សង្កាត់ និងក្លាយជាសមាជិក គបម តាមឃុំ-សង្កាត់ ក្រុមយុវជន ក្រុមស្រ្តី ឬក្រុមការងារផ្សេងៗរបស់ គបម។

សំណួរទាក់ទងទៅនឹងផ្នែកហិរញ្ញវត្ថុ

 • ១) តើថវិការបស់គបមបានតាមរយះអ្នកណាខ្លះ? និងចំណាយទៅលើអ្វីខ្លះ?
  ថវិការបស់គបមបានមកពីប្រាក់ភាគទានសមាជិកភាព ការគាំទ្រពីក្រុមសន្សំ វិភាគទានអ្នកគាំទ្រ និងពីប្រភពស្របច្បាប់ផ្សេងៗ ដូចជាការវិនិយោគរបស់គណបក្ស។  

  ថវិកាទាំងនេះត្រូវចំណាយលើការងារបណ្តុះបណ្តាលសមាជិក ផ្សព្វផ្សាយគោលការណ៍និងគោលនយោបាយរបស់គបមពង្រឹងពង្រីកគបមនៅមូលដ្ឋាន និងគាំទ្រចំណាយរដ្ឋបាលនិងបុគ្គលិកនៅអគ្គលេខាធិការដ្ឋាន។

 • ២) តើសមាជិកធ្វើដូចម្ដេចទើបដឹងថាការចាយវាយថវិកាទាំងនោះពិតជាមានតម្លាភាព សុចរិត និងចំគោលដៅ?
  រាល់ការចំណាយទាំងអស់ត្រូវគោរពគោលការណ៍គ្រប់គ្រងហិរញ្ញវត្ថុ មានរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែដែលដាក់ជូនគណៈកម្មាធិការប្រតិបត្តិតាមកំរិត និងគណៈកម្មាធិការបណ្តោះអាសន្ន/នាយក សម្រាប់ត្រួតពិនិត្យ។ មានប្រព័ន្ធសវនកម្មផ្ទៃក្នុងនិងពីខាងក្រៅសម្រាប់ធានាតម្លាភាពនិងការទទួលខុសត្រូវខ្ពស់នៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់គណបក្ស។
 • ៣) តើមានជំនួយមកពីបរទេសដែរឬទេ?
  គបម ស្វាគមន៍ជំនួយគាំទ្រពីជនជាតិខ្មែរដែលរស់នៅក្រៅប្រទេសដែលមានចេតនាចង់ចូលរួមកសាងសង្គមប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។ 

  គបមពុំទទួលជំនួយពីបរទេសណាដែលមានប្រភពមិនស្អាតស្អំ ឬលក្ខណ៍និងសម្ពាពនយោបាយឡើយ។

 • ៤) តើប្រភេទជំនួយបែបណាដែល គបម ទទួលយក?
  គបម ទទួលតែជំនួយដែលមកពីប្រភពស្អាតស្អំ មានទឹកចិត្តនិងចេតនាក្នុងការចូលរួមកសាងសង្គមប្រជាធិបតេយ្យ ការពារសេរីភាព ការគោរពសិទ្ធិមនុស្ស និងការគោរពអធិបតីភាពកម្ពុជា។
 • ៥) តើការផ្ដល់ជំនួយត្រូវធ្វើតាមរបៀបណា?
  1) KHR SAVING ACCOUNT (គណនីប្រាក់រៀល)
  ACLEDA Bank
  Account Name: Yeng Virak
  Account Number: 36000221721929
  Swift Code: ACLBKHPPXXX

  2) USD SAVING ACCOUNT
  ACLEDA Bank
  Account Name: Yeng Virak
  Account Number: 36000221721918
  Swift Code: ACLBKHPPXXX

សំណួរទាក់ទង់ទៅនឹងគោលនយោបាយ

 • ១) តើ គបម មើលឃើញថាកម្ពុជា គួរកែលម្អគោលនយោបាយណាខ្លះ? និង គោលនយោបាយណាខ្លះគួរបង្កើតថ្មី?
  គបម យកចិត្តទុកដាក់ការរៀបចំប្រព័ន្ធគ្រប់គ្រងប្រទេសមួយដែលគោរពនិងផ្តល់សេរីភាពនៃការបញ្ចេញមតិ ការជួបជុំ និងពង្រឹងប្រព័ន្ធអភិបាលកិច្ចល្អ (តុល្យភាពអំណាចរវាងស្ថាប័ននីតិប្រតិបត្តិ នីតិបញ្ញត្តិ និងតុលាការ)។  

  គបម នឹងកាត់បន្ថយក្រសួងមកត្រឹមយ៉ាងច្រើន១៥ក្រសួង ធ្វើវិមជ្ឈការអំណាចនិងធនធានទៅថ្នាក់ក្រោមជាតិ ជាពិសេសថ្នាក់ឃុំ-សង្កាត់និងក្រុង-ស្រុក-ខណ្ឌ ដើម្បីដឹកនាំការអភិវឌ្ឍផ្ទាល់នៅមូលដ្ឋាន និងធ្វើឲ្យប្រសើរនូវការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន។

  រៀបចំគោលនយោបាយសេដ្ឋកិច្ចដែលគាំទ្រនិងលើកទឹកចិត្តដល់សហគ្រាសខ្នាតតូចនិងមធ្យម ជួយគាំទ្រកសិករតាមរយៈនយោបាយទឹក ទុន និងទីផ្សារ។

  ត្រួតពិនិត្យឡើងវិញនូវគោលនយោបាយដីធ្លីដើម្បីធានានូវកំណើនសេដ្ឋកិច្ចដោយចីរភាពនិងសមធម៌។ ពង្រឹងនិងពង្រីកសេវាអប់រំនិងសុខាភិបាលឲ្យដល់មូលដ្ឋាន ដើម្បីធានាការអភិវឌ្ឍធនធានមនុស្សដែលមានសុខុមាលភាពនិងគុណភាព។

 • ២) តើដំណើរការនៃការបង្កើតគោលនយោបាយរបស់ គបម ធ្វើឡើងយ៉ាងដូចម្ដេចដែរ?
  គបម មានក្រុមប្រឹក្សាគោលនយោបាយដែលមានសមាសភាពមកពីអ្នកជំនាញដែលមានបទពិសោធន៍ក្នុងការគ្រប់គ្រងកិច្ចការអភិវឌ្ឍសង្គម ការងារសិក្សាស្រាវជ្រាវសេដ្ឋកិច្ច នយោបាយ សង្គម ការបរទេស ។ល។ ដើម្បីជួយរៀបចំគោលនយោបាយរបស់គបម។ ក្រុមប្រឹក្សាគោលនយោបាយមានដំណើរការរៀបចំគោលនយោបាយដោយយោងលើការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្ត និងការពិគ្រោះយោបល់ទូលំទូលាយជាមួយមហាជននិងតួអង្គអភិវឌ្ឍន៍សំខាន់ៗ។
 • ៣) តើ គបម មានគោលនយោបាយបែបណាដែរទាក់ទងទៅនឹង
  ក) ជនអន្តោប្រវេសន៍គបមនឹងដោះស្រាយបញ្ហាជនអន្តោប្រវេសន៍តាមរយៈការធ្វើជំរឿនប្រជាជនឲ្យបានច្បាស់លាស់ ចាត់ថ្នាក់ជនបរទេសស្របច្បាប់ ខុសច្បាប់ និងដោះស្រាយដោយឈរលើគោលការណ៍គោរពសិទ្ធិមនុស្ស និងគិតវែងឆ្ងាយអំពីអធិបតីភាពរបស់កម្ពុជា។

  ខ) បញ្ហាព្រំដែនគបមមានគោលនយោបាយច្បាស់លាស់ក្នុងការការពារព្រំដែនដែលជាអធិបតីភាពរបស់កម្ពុជា។ គបមយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍតំបន់ជាប់ព្រំដែនដើម្បីជួយប្រជាពលរដ្ឋឲ្យរស់នៅទីនោះមានជីវភាពធូរធារ មានសេវាកម្មអប់រំនិងសុខាភាពល្អ មានផ្លូវនិងមានទីផ្សារ។ គបម នឹងប្រើប្រាស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស និងតុលាការអន្តរជាតិដើម្បីដោះស្រាយជំលោះព្រំដែនជាមួយប្រទេសជិតខាងក្នុងករណីចាំបាច់។ ដើម្បីការពារព្រំដែនបានគង់វង្សកម្ពុជាត្រូវបានសេដ្ឋកិច្ចលូតលាស់ខ្លាំង មានវិស័យយោធាដ៏ខ្លាំងនិងជឿនលឿន និងនយោបាយការបរទេសដ៏ទន់ភ្លន់និងឈ្លាសវៃ។

  គ) សេដ្ឋកិច្ចគបមផ្តល់អាទិភាពដល់ការលូតលាស់សេដ្ឋកិច្ចប្រកបដោយនិរន្តភាពនិងសមធម៌ក្នុងការអភិវឌ្ឍប្រទេស។ សហគ្រាសខ្នាតតូចនិងមធ្យមនឹងទទួលបានការគាំទ្រពិសេសផ្នែកកម្ចីដែលមានការប្រាក់ថោកសមរម្យ ការបន្ធូរបន្ថយពន្ធ និងការពង្រឹងសមត្ថភាព ដើម្បីឲ្យលូតលាស់រឹងមាំនិងផ្តល់ការងារជូនប្រជាពលរដ្ឋ។ គបមផ្តល់អាទិភាពក្នុងការកសាងនិងថែទាំប្រព័ន្ធធារាសាស្រ្តដើម្បីអភិវឌ្ឍវិស័យកសិកម្ម គាំទ្រនិងលើកទឹកចិត្តដល់ការផ្តល់ទុនកម្ចីដែលមានការប្រាក់ទាបសមរម្យដល់វិស័យកសិកម្មខ្នាតតូចនិងមធ្យម និងស្វែងរកនិងពង្រឹងបណ្តាញទីផ្សារសម្រាប់កសិផល។ ការស្វែងរកមធ្យោបាយផលិតអគ្គិសនីក្នុងស្រុកសមស្រប ដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនីក្នុងតម្លៃថោកសមរម្យ និងចលនាធនធានក្នុងការពង្រីកនិងពង្រឹងបណ្តាញគមនាគមន៍ដូចជាផ្លូវរថភ្លើង ស្ពានថ្នាល់ ដើម្បីកាត់បន្ថយចំណាយក្នុងការដឹកជញ្ជូន។

សំណួរទាក់ទងទៅនឹងសមាជិកភាព

 • ១) តើធ្វើដូចម្ដេចទើបអាចចូលជាសមាជិក គបម បាន?
  ដើម្បីចូលជាសមាជិក គបម លោកអ្នកអាចចូលតាមរយៈច្រកបីៈ    

  1. តាមឃុំ/សង្កាត់ដែលអ្នករស់នៅ ដែលមានក្រុមការងារគបមរួចហើយ
  2. តាមរយៈការស្គាល់ និងណែនាំពីសមាជិកជំហរណាម្នាក់
  3. តាមរយៈការដឹងឮពីប្រព័ន្ធផ្សព្វផ្សាយ និងទាក់ទងផ្ទាល់មកអគ្គលេខាធិការដ្ឋាន ឬតាមរយៈគេហរទំព័រ គបម www.gdpcambodia.party

  សូម ចុចទីនេះ ដើម្បីស្វែងយល់បន្ថែមពីសមាជិកភាព របស់ គបម

 • ២) តើចូលជាសមាជិក គបម ត្រូវចំណាយថវិការដែរឬទេ?
  គបម ជាគណបក្សមួយដែលសមាជិកទាំងអស់ជាម្ចាស់ និងជាអ្នកឧបត្ថម្ភគាំទ្រ។ សមាជិក គបម មានកាតព្វកិច្ចបង់ភាគទានសមាជិកភាពក្នុងម្នាក់យ៉ាងតិច ២០០០រៀលក្នុង១ខែ។
 • ៣) តើការទទួលបានតំណែងក្នុង គបម ត្រូវធ្វើឡើងយ៉ាងដូចម្ដេចដែរ?
  សមាជិកដែលមានសីលធម៌ល្អនិងមានទឹកចិត្តចង់ចូលរួមដឹកនាំ គបម ដោយសកម្ម នឹងត្រូវទទួលការបោះឆ្នោតគាំទ្រពីសមាជិកគបម ឲ្យក្លាយជាអ្នកដឹកនាំគបមគ្រប់កំរិត។ គបម គោរពគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុងបក្សពីក្រោមមកលើដែលមានសមាជិកជាធំ។

 

 

 

Close